សកម្មជនព្រៃឈើអះអាងថា យ៉ាងហោចណាស់មានក្រុមឈ្មួញដឹកឈើប្រមាណ ជាង៣០នាក់ ដែលកំពុងតែស្រាក់ដៃគ្នាជាមួយមន្ត្រីជំនាញ ដែលកំពុងកាប់បំផ្លាញ និងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ យកទៅលក់ជាហូរហែរដោយមានការជួយបិទបាំងពីមន្ត្រីប្រចាំការក្នុងតំបន់ទាំងនោះថែមទៀតផង។
សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ ព្រមានថា ដែនជម្រកសត្វព្រៃ ព្រៃឡង់ នៅតែមានការកាប់ និងដឹកជញ្ជូនឈើ យ៉ាងអណាធិបតេយ្យ ដោយមិនមានមន្ត្រីជំនាញណា អនុវត្តច្បាប់នោះទេ ថែមទាំង ជួយរត់ការ និងបើកភ្លើងខៀវឱ្យក្រុមឈ្មួញទាំងនោះប្រព្រឹត្តកាប់បំផ្លាញកាន់តែខ្លាំងបន្ថែមទៀត។
លោកបញ្ជាក់ថា ក្នុងមួយយប់ៗ មានគោយន្ដដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ មិនក្រោម ២០ គ្រឿងនោះទេ ក្នុងនោះ មន្ត្រីបរិស្ថានដែលឈរជើងយាមកាមនៅតំបន់នោះបានតម្រូវឲ្យក្រុមឈ្មួញឈើទាំងអស់បង់ប្រាក់ចំនួន ១៥ម៉ឺន រៀល ជាថ្នូរនឹងការជួយសម្រួលចរាចរណ៍ក្នុងការដឹកជញ្ជូនឈើខុសច្បាប់ទាំងនោះ។
លោកថា ពួកឈ្មួញទាំងនោះបានដឹកឈើប្រណិតជាច្រើនយកមកទម្លាក់ នៅត្រង់ចំណុច ឃុំធ្មា និងឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ ដើម្បីដឹកបន្តយកទៅលក់ នៅដេប៉ូមួយកន្លែងដែលស្ថិតនៅ ឃុំត្រពាំងឬស្រី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ដែនជម្រកសត្វព្រៃ ព្រៃឡង់ បង្កើតឡើងដោយអនុក្រឹត្យ ចុះថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១៦ មានផ្ទៃដីសរុប ជាង ៤៣ ម៉ឺន ហិកតាដែលលាតសន្ធឹងលើភូមិសាស្ត្រ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។ ដែនអភិរក្សនេះ មានសក្តានុពលធនធានធម្មជាតិ និងជីវចម្រុះសម្បូរបែប ដែលជាជម្រាលផ្ទៃរងទឹកភ្លៀងសម្រាប់ស្ទឹងសែន និងហូរចាក់ទៅទន្លេសាប ដែលបានបម្រើដល់វិស័យកសិកម្ម ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម យ៉ាងសំខាន់ទៀតផង។
ក្រុមអ្នកអភិរក្សព្រៃឈើរកឃើញថា បច្ចុប្បន្ននេះ ក្រុមហ៊ុនវៀតណាមធំៗ រួមមាន ក្រុមហ៊ុនសីងបាយអូទិច ក្រុមហ៊ុនអង្គរផ្លាយវូត ក្រុមហ៊ុន ធីង៉ាន និងក្រុមហ៊ុន ភីអិនធី ដែលទទួលលបានសិទ្ធិសម្បទានសេដ្ឋកិច្ចវិនិយោគនៅក្នុងតំបន់ព្រៃឡង់ពីរដ្ឋាភិបាលកម្ពុជាអស់រយៈពេលរាប់ឆ្នាំមកហើយនោះ បានកាប់បំផ្លាញព្រៃឈើធំៗដែលមានតម្លៃមហាសាស និងដឹកជញ្ជូនទៅកាន់ប្រទេសវៀតណាមជាហូរហែរ។
ពួកគេនិយាយថាក្រុមហ៊ុនទាំងនោះមានជនជាតិខ្មែរ ២ រូបជាម្ចាស់ភាគហ៊ុន គឺលោក ជា ពៅ និងកញ្ញា ជា សាំងធីតា ដែលជាកូនស្រី និងប្អូនប្រុសបង្កើតរបស់លោក ជា វុទ្ធី ដែលជាក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានាពេលបច្ចុប្បន្ននេះ។
ទោះជាយ៉ាងណាក៏ដោយ ក្រសួងបរិស្ថានហាក់មិនដែលសាទរចំពោះសកម្មភាពការពារព្រៃឈើរបស់ប្រជាសហគមន៍នោះឡើយ ផ្ទុយទៅវិញ រដ្ឋាភិបាលតែងព្រមានអំពីការប្រើចំណាត់ការផ្លូវច្បាប់ទៅលើពួកគេទៅវិញ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា កាលពីពេលថ្មីៗនេះ បានជុំរុញឲ្យបណ្តាញសហគមន៍ព្រៃឡង់គួរគោរពច្បាប់ និងស្នើឱ្យអង្គការក្រៅរដ្ឋាភិបាលគោរពឱ្យបានហ្មត់ចត់នូវច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ ត្បិតសកម្មភាពរបស់បណ្តាញសហគមន៍ព្រៃឡង់ និងអង្គការសង្គមស៊ីវិលមួយចំនួន មិនមែនជាគំរូល្អ សម្រាប់បណ្តាញសហគមន៍ សមាគម និងអង្គការក្រៅរដ្ឋាភិបាលដទៃទៀតនោះទេ។
ប៉ុន្តែអង្គការសមាគមនិងសហគមន៍សរុបជាង១០០ ស្ថាប័ន បានរិះគន់ថា ការហាមឃាត់របស់អាជ្ញាធរក្រសួងបរិស្ថាន ប្រឆាំងនឹងសកម្មភាពរបស់ក្រុមប្រជាពលរដ្ឋការពារព្រៃឡង់ ប៉ះពាល់យ៉ាងខ្លាំងដល់ការអភិរក្សតំបន់ព្រៃឡង់នេះ ហើយពួកគេបានស្នើរឲ្យក្រសួងបរិស្ថាន ត្រូវបើកផ្លូវឱ្យបណ្ដាញសហគមន៍ព្រៃឡង់ និងសកម្មជនការពារបរិស្ថាន អាចចូលទៅល្បាតព្រៃបន្ត ដូចជាសកម្មភាពដែលពួកគេធ្លាប់បានធ្វើពីមុនឡើងវិញ ដើម្បីធានាបាននៅភាពគង់វង្សនៃព្រៃឈើ និងសត្វព្រៃទាំងនោះ៕