28 C
Phnom Penh

លោក ហ៊ុន សែន ប្រាប់ឱ្យពលរដ្ឋប្រកាន់ភ្ជាប់នូវស្មារតីសាមគ្គីភាពក្នុងគ្រាជាតិជួបគ្រោះមហន្តរាយដោយធម្មជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បានលើកឡើងថា ក្នុងស្ថានភាពពលរដ្ឋជួបគ្រោះមហន្តរាយ ពលរដ្ឋគ្រប់រូប ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវប្រកាន់ភ្ជាប់នូវស្មារតីសាមគ្គីភាព តាមរយៈវប្បធម៌ចែករំលែកផងដែរ។

ក្នុងលិខិតជូនជនរួមជាតិ ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ ការរស់នៅដោយសុវត្ថិភាព និងភាពធន់គ្រោះមហន្តរាយ នៅថ្ងៃទី១៣ ខែតុលាឆ្នាំ២០២០នេះ លោកហ៊ុន សែន បានលើកឡើងថា គ្រោះមហន្តរាយដែលបង្កដោយគ្រោះថ្នាក់ធម្មជាតិមានជាច្រើន។

ជាក់ស្តែងបញ្ហា ទឹកជំនន់ ភាពរាំងស្ងួត ខ្យល់កន្ទ្រាក់ និងជំងឺរាតត្បាត ជាដើម វាបានកើតឡើងជារៀងរាល់ឆ្នាំ ធ្វើឱ្យខាតបង់ថវិកាជាតិ ប៉ះពាល់លើសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងប៉ះពាល់ដល់អាជីវិតទៀតផង។

ក្នុងលិខិតនោះ លោក ហ៊ុន សែន បានដាក់ចេញវិធានការ ៦ចំណុចសំដៅដល់ការបង្កើនប្រសិទ្ធភាពជួយសង្គ្រោះអ្នករងគ្រោះដោយទឹកជំនន់។

វិធានការទាំងនោះ លោកក៏បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្ត និងប្រកាន់ភ្ជាប់នូវ ជារៀងរហូតនូវស្មារតីសាមគ្គីភាព តាមរយៈវប្បធម៌ចែករំលែកជួយគ្នាទៅវិញទៅមក និងប្រពៃណីចូលរួមសហការឱ្យបានកាន់តែរឹងមាំថែមទៀត ក្នុងការរក្សាស្ថិរភាពសង្គម។

លើសពីនេះ ត្រូវចូលរួមកែលម្អ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ងាយរងគ្រោះ ដោយគ្រោះមហន្តរាយធម្មជាតិ ព្រមទាំងត្រូវយកចិត្តទុកដាក់លើសមត្ថភាព និងលទ្ធភាពផ្ទាល់ខ្លួន ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយឱ្យទាន់ពេលវេលា។ 

ជាងនេះទៀត ត្រូវបន្តចែករំលែកចំណេះដឹង ដើម្បីសុខភាពសាធារណៈ បង្កើនប្រសិទ្ធភាពជួយសង្គ្រោះ ពង្រឹងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិ រួមទាំងវិស័យឯកជន រួមគ្នាដោះស្រាយរៀបចំគម្រោងសុវត្ថិភាពនៅមូលដ្ឋានដែលងាយរងគ្រោះ និងចូលរួមផ្សព្វផ្សាយការយល់ដឹង ដើម្បីកាត់បន្ថយហានិភ័យដែលកើតឡើងពីគ្រោះធម្មជាតិទាំងឡាយ។

របាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយកាលពីថ្ងៃម្សិលមិញបានឱ្យដឹងថា គ្រោះធម្មជាតិដែលបង្កឡើងដោយជំនន់ទឹកភ្លៀងនាប៉ុន្មានថ្ងៃមកនេះ បណ្តាលឱ្យមនុស្ស១០នាក់បាត់បង់ជីវិត និងមនុស្សជិតមួយម៉ឺននាក់ត្រូវជម្លៀសទៅទីទួលសុវត្ថិភាព។

ខេត្តដែលរងគ្រោះធ្ងន់ធ្ងរជាងគេរួមមានខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ផងដែរ។

សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែតុលានេះ ស្តីពីស្ថានភាពអាកាសធាតុចន្លោះពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែតុលា បានឱ្យដឹងថា ព្យុះទី១៦ ឈ្មោះ ណាងកា (Nangka) និងព្យុះទី១៧ ឈ្មោះ សូដែល (Saudel) ដែលមានកម្លាំងខ្លាំង នឹងមានឥទ្ធិពលលើផ្នែកខ្លះនៃប្រទេសវៀតណាម។ បាតុភូព្យុះទាំងនេះ នឹងបន្ថយឥទ្ធិពលជាបន្តបន្ទាប់ ដោយបន្តឆ្លងកាត់ចូលប្រទេសកម្ពុជាតាមខេត្តរតនគិរី ចាប់ពីថ្ងៃទី១៨ និង១៩ ខែតុលា ក្នុងកម្លាំងជាវិសម្ពាធនិងសម្ពាធទាប។

ក្រសួងបន្តថា ប្រព័ន្ធសម្ពាធទាបនេះនឹងបន្តលាតសន្ធឹងលើប្រទេសកម្ពុជា ដែលនាំឱ្យមានភ្លៀងធ្លាក់លាយឡំខ្យល់បក់ខ្លាំងនិងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី១៦-២០ ខែតុលា ឆ្នាំ២០២០។

អាស្រ័យដូចបានជម្រាបជូននេះ ក្រសួងធនធានទឹក បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅទីទំនាប ក្បែរផ្លូវទឹក ជាប់តំបន់ភ្នំ និងជួរភ្នំ ត្រូវមានការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស