រឿងរ៉ាវវាតទីកាន់កាប់ សមុទ្រចិនខាងត្បូងដោយ មហាយក្សចិន បាននាំអោយ ប្រទេសក្នុងតំបន់ភ័យខ្លាចគឺសឹងតែមិនហ៊ាន ក្អកនឹងចិនឡើយ។
តែខុសស្រឡះ សម្រាប់ សហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុនអូស្ត្រាលី អង់គ្លេស បារាំង អាល្លឺម៉ង់ និងហូឡង់ ។ ប្រទេសទាំងនេះបានជំទាស់ជាខ្លាំង ចំពោះប្រទេសចិន ដែលត្រូវបានចោទថាវាតទីកាន់ផ្ដាច់មុខ នូវលំហសមុទ្រដែលមានទំហំ៣លានគីឡូម៉ែត្រក្រឡានិងមានកោះ ២៥០កោះ។ប្រទេសទាំងនេះ តែងតែបើកនាវាឆ្លងកាត់ ធ្វើសមុទ្រ នៅក្នុងតំបន់ ដែលចិនអះអាងថា ជាដែនទឹករបស់ខ្លួន។
ករណីជម្លោះសមុទ្រចិនខាងត្បូង យ៉ាងតិចប្រទេសក្នុងសមាគមអាស៊ានចំនួន៥ ដូចជា វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និងចុងក្រោយគឺប្រទេសឥណ្ឌូនេស៊ី ក៏ត្រូវជាប់ពាក់ព័ន្ធនឹងជម្លោះដែនទឹកក្នុងតំបន់នោះដែរ។ ប៉ុន្តែសកម្មភាពរបស់ កងនាវាទាំងនេះ ត្រូវបានមើលឃើញ ដូចជាមកចូលជួយ ប្រទេសទាំង៥នៃសមាគមអាស៊ានទៅវិញទេ។
ជាក់ស្ដែងកាលពីថ្ងៃអាទិត្យទី ១១តុលា សារព័ត៌មាន South Morning Post បានធ្វើសេចក្ដីរាយការណ៍ថា កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក ប្រចាំការនៅសមុទ្រហ្វីលីពីន បានបញ្ចូននាវាចម្បាំងមួយគ្រឿង ដែលគេហៅថានាវាពិឃាត USS John S. McCain បានបើកបណ្ដែតខ្លួននៅសមុទ្រចិនខាងត្បូង។
តាមប្រភពដដែលនេះ នាវាសហរដ្ឋអាមេរិក មួយគ្រឿងនេះ បានបើកនិងបណ្ដែតខ្លួននៅ ក្នុងតំបន់ប្រជុំកោះប៉ារ៉ាហ្សែល កាលពីថ្ងៃទី១០តុលាដែល ធ្វើអោយទីក្រុងប៉េកាំងប្រតិកម្មដោយបានហៅសកម្មភាពរបស់នាវាចម្បាំងរបស់អាមេរិកគឺ ជាការបង្កការប្រទុសារាយ ។ តែឥឡូវនេះ ទៀត កាសែតតៃវ៉ាន់Taipei Times បានចុះផ្សាយថាកងទ័ព ស្វ័យ័ត្នការពារជាតិជប៉ុន បានបញ្ជូន នាវាចម្បាំងយ៉ាងតិច៣គ្រឿង ទៅកាន់សមុទ្រចិនខាងត្បូង ដើម្បីធ្វើសមយុទ្រ ទ័ពជើង ទឹកដែលហៅ សមយុទ្ធវាយប្រហារ នាវាមុជទឹក ។ នាវាជប៉ុនទាំង៣គ្រឿងនេះគឺមួយគ្រឿង ជានាវាផ្ទុក ឧទ្ធម្ភាកចក្រ ។
ក្រសួងការពារជាតិជប៉ុន បានអះអាងថា នាវាចម្បាំងរបស់ខ្លួន ដែលរួមមាននាវាមុជទឹកមួយគ្រឿងផងដែរ បានចូលចតនៅកំពង់មួយរបស់វៀតណាមគឺកំពង់ផែទឹកជ្រៅវៀតណាម Cam Ranh នៅ ខេត្ត Khanh Hoa ដែលបានចូលចតកាលពីចុងសប្ដាហ៍មកនេះ ។
នាវាទាំងបីគ្រឿងនេះគឺ ជាផ្នែកមួយនៃក្បួននាវាចម្បាំងដែលជប៉ុនបញ្ជូនទៅកាន់សមុទ្រចិនខាងត្បូង និងមហាសមុទ្រឥណ្ឌាតាំងពីខែកញ្ញា។
បើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិជប៉ុន នាវាចម្បាំងនេះ នឹងបណ្ដែតខ្លួន នៅក្នុងតំបន់សមុទ្រចិនខាងត្បូងយ៉ាងតិចរយះពេល ១ខែ ដើម្បីចូលរួមធ្វើសមយុទ្ធយោធារួមគ្នាជាមួយកងទ័ពជើងទឹកវៀតណាម ។
វត្តមានរបស់ក្បួននាវាជប៉ុននៅកំពង់ផែវៀតណាម ត្រូវបានមើលឃើញថាគឺ ជាផ្នែកមួយនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំង២ដើម្បីបង្កើនកម្លាំងសាមគ្កីភាព ក្នុងការទប់ស្កាត់ការបង្កើតឥទ្ធិពលរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។ ប៉ុន្តែសេចក្ដីថ្លែងការណ៍របស់ ក្រសួងការពារជាតិជប៉ុន បាននិយាយថាលំហាត់សមយុទ្រនេះ គឺសំដៅ ពង្រឹងសមត្ថភាព កងនាវាចម្បាំងរបស់ប្រទេសទាំង២។
មានការចោទសួរថា ហេតុអ្វីបានជា វៀតណាម ធ្វើសមុទ្រ ទ័ពជើងទឹកជាមួយជប៉ុន ដោយមិនខ្លាចការគំរាមកំហែងពីសំណាក់ប្រទេសចិន ទំនង ក្រុងហាណូយ ចង់ប្រាប់ក្រុងប៉េកាំងថា ជប៉ុន ដែលបើកនាវារបស់ខ្លួនមកធ្វើសមយុទ្ធ ជាមួយកងនាវាវៀតណាម គឺជាសិទ្ធិរបស់ជប៉ុន និងវៀតណាម ដោយការប្រើប្រាស់ ផ្លូវនាវាចរណ៍អន្តរជាតិ។
ប៉ុន្តែ វៀតណាមខ្លួនគេ ផ្ទាល់ក៏បានបាត់បង់កោះមួយចំនួនថែមទៀតនៅប្រជុំកោះប៉ារ៉ាហ្សែល ទៅចិន នៅក្នុងរយៈជាងមួយឆ្នាំចុងក្រោយនេះ មុននាវាចម្បាំងរបស់អាមេរិក មកដល់សមុទ្រចិនខាងត្បូង។ បញ្ហានេះ បានធ្វើឲ្យវៀតណាម ដែលជាភាគីមួយនៃជម្លោះមិនពេញចិត្តឡើយដោយបាន ដាក់ការតវ៉ាប្រឆាំងនឹងចិន ជាញឹកញាប់ តែចិនមិនស្ដាប់ឡើយ។
កាសែតជប៉ុន NHK នាយករដ្ឋមន្រ្តីជប៉ុន លោក យូស៊ីហ៊ីដេ ស៊ូហ្កា ដែលទើបជាប់ឆ្នោត កាលពីពាក់កណ្ដាលខែកញ្ញា ជំនួសលោកស៊ីនហ្សូអាបេ នឹងទៅធ្វើទស្សនកិច្ចនៅវៀតណាម នៅពាក់កណ្តាលខែតុលានេះ។
អ្នកសង្កេតកាណ៍ បានហៅការជ្រើសរើសអាស៊ីអាគ្នេយ៍ជាចាប់ផ្ដើម ធ្វើទស្សនកិច្ច គឺជាគោលដៅ បង្ហាញពីជំហររបស់រដ្ឋាភិបាលជប៉ុនដែលនៅតែបន្តរក្សាតួនាទីយ៉ាងសកម្មនៅតំបន់ ដែលមើលឃើញថា ដើម្បីទប់ស្កាត់ឥទ្ធិពចិន។
តែបែបណា លំហាត់សមយុទ្ធ របស់កងនាវ នាវាចម្បាំងរបស់ជប៉ុន ដែលមកដល់វៀតណាមគឺគាប់ជួន ទស្សនកិច្ចរបស់លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន មកកម្ពុជា ម៉ាឡេស៊ី ឡាវ ថៃ និង សិង្ហបុរី។
ទស្សនកិច្ចរបស់ប្រមុខការទូតចិននៅអាស៊ីអាគ្នេយ៍ បាននាំអោយលោកជួបសមភាគី អាស៊ាន។ ក្នុងជំនួបនេះ លោកវ៉ាង យី បានទទូចចំៗតែម្ដងសុំអោយ អាស៊ានរួមជាមួយនឹងចិនពង្រឹងសាមគ្គីគ្នាដើម្បី សន្តិភាព និងស្ថិរភាពតំបន់។
ទីភ្នាក់ងារសារព័ត៌មានReuters បានចុះផ្សាយថា លោកវ៉ាង យីបានព្រមានសមាជិកអាស៊ាន អោយប្រយ័ត្ន សហរដ្ឋអាមេរិកអូស ចូលក្នុងល្បែង សង្រ្គាមតំបន់ដ៏គ្រោះថ្នាក់។
តែបែបនេះក្ដី ចិនទំនងនឹងកាន់តែ ឯកា បើនៅតែ វាតទីកាន់កាប់ផ្លូវនាវាចរណ៍អន្តរជាតិនៅសមុទ្រចិនខាងត្បូង ដែលសូម្បី ប្រទេសក្នុងអឺរ៉ុបដែលមានសក្ដានុពលផ្នែកយោធា គឺអង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី ហូឡង់ បារាំងឥណ្ឌា សុទ្ធតែបានប្រកាសថា នឹងបញ្ជូននាវាចម្បាំងរបស់ពួកគេ មកបណ្ដែតខ្លួននៅលើលំហសមុទ្រចិនខាងត្បូង នៅពេលឆាប់ៗនេះទោះជាចិន ព្រមានក៏ដោយ ៕