38 C
Phnom Penh

ជំនន់ទឹកភ្លៀងបណ្តាលឲ្យមនុស្សស្លាប់១២នាក់ និងជិត១៦ម៉ឺននាក់រងការប៉ះពាល់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជំនន់ទឹកភ្លៀង ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១២នាក់ ស្លាប់ និងពលរដ្ឋជិត១៦ម៉ឺននាក់ទៀត រងផលប៉ះពាល់។

របាយការណ៍ស្តីពីការប៉ះពាល់ដោយសារគ្រោះទឹកជំនន់ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃនេះឱ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ខែតុលា ស្ថានភាពទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់បណ្តាលឱ្យមានរាជធានី-ខេត្តចំនួន១៩ រងផលប៉ះពាល់។

ក្នុងនោះមានប្រជាជនជិត៤ម៉ឺនគ្រួសារ ដែលស្មើនឹងចំនួនប្រជាជនជាង១០ម៉ឺននាក់រងផលប៉ះពាល់។ ដោយឡែក មានពលរដ្ឋចំនួន១២នាក់ បានស្លាប់ដោយសារជំនន់ទឹកភ្លៀង ហើយផ្ទះសម្បែងរបស់ពលរដ្ឋជិត៤០ម៉ឺនខ្នង រងការប៉ះពាល់។ លើសពីនេះ ដំណាំស្រូវ និងដំណាំផ្សេងទៀតរាប់ម៉ឺនហិកតា រួមនឹងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតខូចខាតផងដែរ។  ប្រភពដដែលបន្តថា រាជធានី-ខេត្តទាំង១៩ គឺមានខេត្តនិងរាជធានីចំនួន៦ រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ រួមមានខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ខេត្តប៉ៃលិន ហើយចុងក្រោយមានរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺជាដើម។

អាជ្ញាធរខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានជូនដំណឹងឱ្យពលរដ្ឋខ្លួនបន្តបង្កើនការប្រុងប្រយ័ត្ន ត្បិតស្ថានភាពជំនន់ទឹកភ្លៀងមិនទាន់វិលទៅរកភាពប្រក្រតីនៅឡើយ។

ដោយឡែកអាជ្ញាធរខេត្តកំពង់ស្ពឺ ក៏បានជូនដំណឹងបន្ទាន់មួយថា នៅម៉ោង ៤រសៀលថ្ងៃទី១៤ ខែតុលានេះ ខេត្តកំពង់ស្ពឺ នឹងមានទឹកជំនន់កើតឡើង នៅចំណុចភូមិមួយចំនួន ក្នុងស្រុកភ្នំស្រូច ពិសេសនៅក្នុងក្រុងច្បារមនទាំងមូល និងមួយផ្នែកនៃស្រុកសំរោងទង។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង អំពាវនាវលើទំព័រហ្វេសប៊ុកខ្លួនឱ្យពលរដ្ឋក្នុងភូមិសាស្ត្រពាក់ព័ន្ធទាំងអស់ ប្រញាប់រើអីវ៉ាន់ឡើងដាក់លើទីទួលសុវត្ថិភាពឲ្យបានត្រឹមត្រូវ។ ជាងនេះទៅទៀត ត្រូវត្រួតពិនិត្យទៅលើចាស់ជរា កុមារដែលងាយរងផលប៉ះពាល់មុនគេ។

រីឯភូមិសាស្រ្តរាជធានីភ្នំពេញវិញ ក្រោយមានភ្លៀងធ្លាក់ខ្លាំងមួយមេកាលពីយប់ថ្ងៃទី១៣ខែតុលា បណ្តាលឱ្យរាជធានីភ្នំពេញស្ទើរគ្រប់តំបន់រងការលិចលង់។

នៅភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ប្រមុខរដ្ឋាភិបាលបានបញ្ជាឱ្យផ្អាកការធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៣ ព្រោះទឹកស្ទឹងព្រែកត្នោត បានហក់ឡើងលើសពីកម្រិតប្រកាសអាសន្ន។

លើសពីនេះ ទំនប់ស្ទឹងព្រែកត្នោតកាលពីយប់មិញ គឺមិនអាចទប់ទល់ជាប់ ធ្វើឱ្យពលរដ្ឋជារាប់រយគ្រួសារក្នុងសង្កាត់មួយចំនួនក្នុងខណ្ឌដង្កោរ និងនៅភូមិសាស្ត្រស្រុកកណ្តាលស្ទឹង រងការលិចលង់ផងដែរ។

រដ្ឋបាលខេត្តកណ្តាលនៅថ្ងៃនេះ បានចេញសេចក្តីជូនដំណឹងមួយបញ្ជាក់ថា ដោយសារឥទ្ធិពលព្យុះជាបន្តបន្ទាប់ និងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ខេត្តកណ្តាលបានរងឥទ្ធិពលជំនន់ទឹកភ្លៀងពីខេត្តកំពង់ស្ពឺ តាមស្ទឹងព្រែកត្នោត ដែលធ្លាក់មកដល់ទំនប់៧មករា  បណ្តាលឱ្យកម្ពស់ទឹកលើសពីកម្រិតប្រកាសអាសន្ន។

ស្ថានភាពនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ភូមិសាស្ត្រខេត្តកណ្តាលរួមមានស្រុកអង្គស្នួល ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ។ អាជ្ញាធរខេត្តនេះ ក៏បានប្រាប់ឱ្យពលរដ្ឋត្រៀមបង្ការ និងប្រុងប្រយ័ត្នខ្ពស់។

ប្រភពដដែល បានជំរុញឱ្យសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ និងរៀបចំផែនការអន្តរាគមន៍ ដោយត្រៀមកម្លាំងទប់ស្កាត់ និងត្រៀមទីទួលសុវត្ថិភាពឱ្យបានច្បាស់លាស់ ដើម្បីជម្លៀសពលរដ្ឋរងគ្រោះ។ លើសពីនេះ ណែនាំពលរដ្ឋអំពីនាម័យ និងបង្ការជំងឺឆ្លងផ្សេងៗ៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស