31 C
Phnom Penh

លោក កឹម សុខា អំពាវនាវឱ្យខ្មែរជួយគ្នាក្នុងគ្រាអាសន្ន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានអំពាវនាវឱ្យពលរដ្ឋខ្មែរទាំងអស់ ចូលរួមជួយគ្នាក្នុងគ្រាអាសន្នតាមលទ្ធភាពរៀងៗខ្លួន។

លើកឡើងលើទំព័រហ្វេសប៊ុកនៅថ្ងៃពុធនេះ លោកកឹម សុខា ឱ្យដឹងថា នៅថ្ងៃទី១៤ខែតុលានេះ លោក និងសហការី បានជួបមុខ សួរសុខទុក្ខ និងបានរួមចំណែកផ្តល់ស្បៀងអាហារដល់ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ប្រមាណ១រយគ្រួសារដោយផ្ទាល់នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង។ លោកបន្តថា បើទោះបីជាជំនួយរបស់លោក និងក្រុមការងារ មិនច្រើនក៏ដោយ ប៉ុន្តែលោកនឹងព្យាយាមចូលរួមចែករំលែកបន្តទៅទៀតតាមលទ្ធភាព។

ជាមួយគ្នានេះ មេបក្សប្រឆាំងដដែល បានអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់នៅពេលនេះ។ បន្ថែមពីនេះ លោកសូមឱ្យខ្មែរជួយគ្នាក្នុងគ្រាអាសន្ន តាមលទ្ធផលរៀងៗខ្លួន ហើយលោកក៏សូមអរគុណដល់សម្បុរសជន និងសមត្ថកិច្ច ដែលបានជួយសង្រ្គោះពលរដ្ឋក្នុងគ្រាលំបាកនេះ។

នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា គិតត្រឹមម៉ោង៦ល្ងាចថ្ងៃពុធនេះ រដ្ឋាភិបាល បានទទួលថវិកាពីសប្បុរសជន ដែលបានចូលរួមជួយដល់ប្រជាជនរងគ្រោះដោយទឹកជំនន់ដែលកំពុងកើតឡើងនៅពេលនេះ មានចំនួនសរុបជាង ៥លាន ៥សែនដុល្លារ សហរដ្ឋអាមេរិក។ 

ទំព័រហ្វេសប៊ុករបស់លោក បញ្ជាក់ថា ថវិកាដែលរដ្ឋាភិបាលទទួលបានពីសប្បុរសជននានា នឹងចាត់ចែងជួយសង្គ្រោះបន្ទាន់ដល់ពលរដ្ឋ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។លោក ហ៊ុន សែន បានលើកឡើងពីពាក្យស្លោកចុងក្រោយនៃសារលើហ្វេសប៊ុករបស់លោកថា ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក៕  

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស