33 C
Phnom Penh

Human Rights Watch ជំរុញឱ្យរដ្ឋាភិបាលដោះលែងអតីតជំទប់ឃុំគណបក្សសង្រ្គោះជាតិម្នាក់នៅខេត្តពោធិ៍សាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watchទាមទារឱ្យអាជ្ញាធរកម្ពុជា ទម្លាក់ចោលការចោទប្រកាន់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌនិងដោះលែងអតីតជំទប់ទី២ ឃុំអន្លង់រាប ខេត្តពោធិ៍សាត់ មកពីគណបក្សសង្រ្គោះជាតិមួយរូប។

កាលពីថ្ងៃទី ៦ ខែតុលាឆ្នាំ ២០២០ សមត្ថកិច្ចខេត្តពោធិ៍សាត់ បានចាប់ខ្លួនលោកជុំ សារ៉ាត់ អតីតជំទប់ទី២ឃុំអន្លង់រាប មកពីគណបក្សសង្គ្រោះជាតិ។ លោកត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពាក់ព័ន្ធវិវាទដីធ្លីតាំងពីឆ្នាំ២០១៤ រវាងអ្នកភូមិដែលរងផលប៉ះពាល់ ជាមួយក្រុមហ៊ុនMDS របស់ឧកញ៉ាទ្រីភាព។ ក្រុមហ៊ុន M.D.S. បានប្តឹងលោកជុំ សារ៉ាត់ ដោយចោទប្រកាន់ថាលោកបានឈូសឆាយព្រៃ។

នាយករងអង្គការឃ្លាំមើលសិទិ្ធមនុស្ស Human Rights Watchប្រចាំតំបន់អាស៊ី លោក Phil Robertson មានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃពុធទី១៤ ខែតុលាថា ការជីកកកាយយកករណីចាស់ៗ មកអនុវត្តនីតិវិធីពេលនេះ គឺដើម្បីបំបិទសំឡេងអ្នករិះគន់ ដែលជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជាដែលមានជាយូរមកហើយ។

លោកបន្តថា អាជ្ញាធរលោក ហ៊ុន សែន គួរតែទម្លាក់ចោលករណីលោក ជុំ សារ៉ាត់ និងសកម្មជនបក្សប្រឆាំងដទៃទៀតជាបន្ទាន់ ។

អង្គការដដែលឱ្យដឹងថា លោកជុំ សារ៉ាត់ មានអាយុ ៦៦ ឆ្នាំត្រូវបានបោះឆ្នោតជ្រើសរើសជាប់ជាសមាជិកក្រុមប្រឹក្សាឃុំអន្លង់រាប ខេត្តពោធិ៍សាត់ កំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់             ទូទាំងប្រទេសកាលពីឆ្នាំ ២០១៧។ ប៉ុន្តែលោកត្រូវបានដកចេញពីតំណែងវិញ នៅពេលតុលាការកំពូលដែលគ្រប់គ្រង ដោយគណបក្សប្រជាជនកម្ពុជា រំលាយគណបក្សសង្គ្រោះជាតិកាលពីខែវិច្ឆិកាឆ្នាំ ២០១៧។

ប្រភពដដែលបន្តថា ចាប់តាំងពីពេលនោះមក អាជ្ញាធរបានរំខាន និងយាយី លោក ជុំ សារ៉ាត់ម្តងហើយម្តងទៀតឥតស្រាកស្រាន្ត។ លើសពីនេះ មានប៉ូលីសមូលដ្ឋាននិងជនមិនស្គាល់អត្តសញ្ញាណបានធ្វើការឃ្លាំមើលផ្ទះរបស់គាត់នៅខេត្តពោធិ៍សាត់រហូតមក។

Human Rights Watch ថានៅក្នុងរឿងក្តីដែលបានរស់ឡើងវិញពេលនេះ តុលាការខេត្តពោធិ៍សាត់ បានចោទប្រកាន់លោក សារ៉ាត់ ពីបទកាន់កាប់ទ្រព្យសម្បត្តិនិងការប្រើប្រាស់អំពើហិង្សាខុសច្បាប់ទៅលើអ្នកកាន់កាប់ដី តាមមាត្រា ២៤៨ និងមាត្រា ២៥៣ នៃច្បាប់ភូមិបាលកម្ពុជា។ តុលាការបានសម្រេចឱ្យបានបញ្ជា ឲ្យឃុំខ្លួនលោកបណ្តោះអាសន្ននៅពន្ធនាគារខេត្តពោធិ៍សាត់។

អតីតសកម្មជនគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសលោក តោ និមល បានលើកឡើងកាលពីថ្ងៃទី៧ ខែតុលាថា ការចាប់ខ្លួនអតីតជំទប់ទី២ ឃុំអន្លង់រាបនេះ គឺជាចេតនាគំរាមកំហែងផ្នែកនយោបាយ និងបំបាក់ស្មារតីទប់ស្កាត់កម្លាំងមហាជន ក៏ដូចជាសកម្មជនដែលហ៊ានងើបឡើង ធ្វើសកម្មភាពណាមួយ។

យ៉ាងណាក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី៧ ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តព្រមានមិនអត់អោនដល់ជនទាំងឡាយណាដែលនៅតែប៉ុនប៉ងបំផ្លាញសន្តិភាពនោះឡើយ។

លោកបញ្ជាក់ថា ដើម្បីការពារប្រជាពលរដ្ឋប្រមាណ១៦លាននាក់ លោកហ៊ានធ្វើគ្រប់បែបយ៉ាងដើម្បីសន្តិភាព ដោយការបន្តអនុវត្តបទបញ្ជា ចេញ១ វាយ១ ចេញ២វាយ២ សម្រាប់ទប់ស្កាត់បណ្តាញបញ្ជាពីក្រៅប្រទេសដែលលោកហៅថា ក្រុមឧក្រិដ្ឋជន នោះ ។ លោក ហ៊ុន សែន អះអាងទៀតថា បើចង់មានសន្តិភាពផ្លូវចិត្ត សូមកុំធ្វើអ្វីដែលខុសច្បាប់។

ទោះពីជាយ៉ាងណាក៏ដោយ កាលពីខែធ្នូឆ្នាំ ២០១៩ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានអនុវត្តច្បាប់ Global Magnitsky ដោយដាក់ទណ្ឌកម្មប្រឆាំងនឹង ឧកញ៉ាទ្រីភាព ព្រមទាំងបុគ្គលិកក្រុមហ៊ុនរបស់មហាសេដ្ឋីរូបនេះចំនួន១១នាក់ រួមទាំងក្រុមហ៊ុន MDS នេះផងដែរ។

ការដាក់ទណ្ឌកម្មនោះបន្ទាប់ពីអាមេរិករកឃើញថា ឧកញ៉ាឈ្នួញឈើដ៏ធំនៅស្រុកខ្មែររូបនេះ មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ និងរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ រួមមាន“ ការដកហូតទ្រព្យសម្បត្តិរដ្ឋមិនត្រឹមត្រូវ ការដកហូតទ្រព្យសម្បត្តិឯកជនសម្រាប់ចំណេញផ្ទាល់ខ្លួន។ ការប្រព្រឹត្តអំពើពុករលួយទាក់ទងនឹងកិច្ចសន្យារបស់រដ្ឋាភិបាលឬ ការទាញយកធនធានធម្មជាតិឬអំពើសូកប៉ាន់រាប់មិនអស់ផ្សេងទៀត។

ពាក់ព័ន្ធនឹងសំណុំរឿងធ្វើទុក្ខបុកម្នេញអតីតមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិនេះ កាលពីថ្ងៃទី ២២ ខែកញ្ញា តុលាការខេត្តត្បូងឃ្មុំបានកាត់ទោសមន្ត្រីបក្សប្រឆាំងចំនួន ៧ នាក់ ពីបទរួមគំនិតក្បត់ តាមមាត្រា ៤៥៣ នៃព្រហ្មទណ្ឌ ក្នុងសំណុំរឿងឆ្នាំ២០១៨ និង២០១៩ ពាក់ព័ន្ធផែនការវិលចូលស្រុករបស់លោក សម រង្ស៊ី ។ពួកគេទាំង៧នាក់ ត្រូវបានតុលាការដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាកាត់ទោសឱ្យជាប់ពន្ធនាគារពី៥ឆ្នាំទៅ៧ឆ្នាំ។

លោក Phil Robertson មើលឃើញថា ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសង្គមដែលបណ្តាលមកពីជំងឺ Covid-19 មិនបានបញ្ឈប់លោកហ៊ុន សែន ពីការព្យាយាមបង្ក្រាបអ្នកប្រឆាំងនោះទេ។

លោកថា សហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ និងម្ចាស់ជំនួយគួរតែបន្ថែមសម្ពាធទៅលើរដ្ឋាភិបាល លោកហ៊ុន សែន ចំពោះការរំលោភសិទ្ធិមនុស្ស និងការបង្ក្រាបសំឡេងរិះគន់ឥតស្រាកស្រាន្តក្នុងរយៈពេលចុងក្រោយនេះ៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស