33 C
Phnom Penh

បាតុកម្មទម្លាក់នាយករដ្ឋមន្ត្រីថៃចាប់ផ្ដើមខណៈបាតុកម្មគាំទ្រព្រះរាជាក៏ចាប់ផ្ដើមដែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទិដ្ឋភាពបាតុកកម្មចំនួន២បានកើតឡើងនៅទីក្រុងបាងកក រាជាណាចក្រថៃ នៅថ្ងៃទី១៤តុលានេះ។ គោលដៅនៃការធ្វើបាតុកម្មទាំង២នេះ មានសកម្មភាព និងចលនាខុសគ្នា ។ ក្រុមបាតុករពាក់អាវខ្មៅ មានផែនការបីគោលដៅ គឺទីមួយ រំលឹកខូប៤៧ឆ្នាំនៃការសម្លាប់រង្គាល ទៅលើបាតុករ ទាមទារអោយរុះរើរដ្ឋធម្មនុញ្ញ និងបញ្ចប់ការគ្រប់គ្រងបែបផ្ដាច់ការ។ ទី២ ទាមទារអោយ លោកប្រាយុទ្ធចុះចេញពីតំណែង រំលាយរដ្ឋសភាបោះឆ្នោតឡើងវិញ និង កាត់បន្ថយអំណាចព្រះមហាក្សត្រ ពាក់ព័ន្ធនឹងវិស័យយោធា។

ចំណែក បាតុកម្មរបស់ក្រុមអាវលឿង គឺជាបាតុកម្មមិនមានការព្រៀងទុក ប៉ុន្តែក្រុមនេះ ធ្វើបាតុកម្ម មិនប្រឆាំងរដ្ឋាភិបាល លោកប្រាយុទ្ធនោះទេ តែជាបាតុកម្ម ប្រឆាំងពួកអាវខ្មៅ ឬក្រុម Free People ។ ក្រុមបាតុករអាវលឿង បានសម្ដែងការឈឺចាប់ដែលក្រុមអាវខ្មៅទាមទារកាត់បន្ថយអំណាចព្រះមហាក្សត្រ។ តាមបណ្ដាញផ្សាយព័ត៌មានBBC បាតុកម្មទាំងពីរក្រុម ធ្វើឡើងនៅលើ កំណាត់ផ្លូវតែមួយប៉ុន្តែនៅឆ្ងាយពីគ្នា។

ក្រុមអាវលឿងដែលមានគ្នាតិចជាងអាវខ្មៅ កាន់តែទង់ជាតិរបស់ប្រទេសហើយ ក្រុមអាវខ្មៅក៏កាន់តែទង់ជាតិរបស់ថៃដែរ។ ប៉ុន្តែផ្ទាំងបដា និងការស្រែកតវ់ាមានរូបភាពខុសគ្នា ។ ក្រុមអាវខ្មៅទាមទារសេរីភាព លោកប្រាយុទ្ធចុះចេញពីអំណាចទៅ រំលាយសមាជិកសភា បោះឆ្នោតវិញ កែប្រែរដ្ឋធម្មនុញ្ញ បញ្ចុះអំណាចរាជបល្ល័ង្គ ផ្ដល់សេរីភាព នយោបាយ កងទ័ពមិនត្រូវពាក់ព័ន្ធនឹងនយោបាយជាដើម។ ប៉ុន្តែ ក្រុមអាវលឿង ស្រែក ប្រឆាំង តែពាក្យថា កាត់បន្ថយអំណាចព្រះមហាក្សត្រ និងកុំប្រមាថព្រះមហាក្សត្រ ។

ក្រុមបាតុករការពាររាជានិយមត្រូវសង្កេតឃើញថាភាគច្រើនគឺជាមនុស្សចាស់។ ចំណែកក្រុមបាតុករអាវខ្មៅភាគច្រើនជាយុវជន ។ក្រុមនេះក៏បានរំលឹក ១៤ តុលាគឺជាថ្ងៃរំលឹកខួប នៃចលនាងើបបះបោររបស់និស្សិតថៃ នៅឆ្នាំ១៩៧៣ ដែលក្នុងព្រឹត្តិការណ័នោះ ក្រុមយោធាថៃបានសម្លាប់និស្សិត ប្រមាណ៧៨នាក់និងរបួសជាង ៧៦០នាក់។

បាតុកម្មនៅខែតុលា ឆ្នាំ១៩៧៣ ទោះជាស្លាប់បាតុករ ក៏ដោយ តែទីបំផុតព្រះមហាក្សត្រ បានសម្រេចចេញព្រះភ័ក្រជួយ អន្តរាគមន៍ បង្គាប់អោយមេបូលិសនិងមេទ័ពដែលពាក់ព័ន្ធនឹងការបង្រ្កាបបាតុកម្មត្រូវតែលាលែងពីតំណែង ហើយសន្យាបង្កើតរដ្ឋធម្មនុញ្ញថ្មីមួយឡើងវិញ ជុំនួសរដ្ឋធម្មនុញ្ញចាស់ដែលបាតុករ ចាត់ទុកថា មានចរឹកផ្ដាច់ការ។

បាតុករប្រជាធិបតេយ្យថៃដែលគេហៅថាក្រុមប្រឆាំងរដ្ឋាភិបាល ដឹកនាំដោយនាយករដ្ឋមន្ត្រីប្រាយុទួ្ធ  បានប្រមូលគ្នាធ្វើបាតុកម្ម ជាថ្មីម្ដងទៀតនេះ នៅកណ្តាលក្រុងបាងកក ក្នុងសួនវិមានប្រជាធិបតេយ្យ។ ក្នុងពេលបាតុកម្មកាន់រីកធំៗទៅៗគេសង្កេតឃើញ ប៉ូលិសយ៉ាងតិច១៥០០០នាក់ ត្រូវបានដាក់ពង្រាយ ជុំវិញកន្លែងដែលបាតុករជួបជុំគ្នា។

អំឡុងពេលបាតុកម្ម កំពុងប្រព្រឹត្តទៅស្រាប់តែ នៅរសៀលថ្ងៃពុធទី១៤តុលា ក្បួនរថយន្តព្រះមហាក្សត្រថៃ វិជ្ជរ៉ាឡុងកន បានបើកឆ្លងកាត់ផ្លូវ ក្បែរក្រុមបាតុករ។ ក្រុមបាតុករបានអំពាវនាវ ឲ្យគ្រប់គ្នារក្សាភាពថ្លៃថ្នូរ ហាមស្រែកជេរប្រមាថ ដោយពាក្យអសុរស។ បាតុករគ្រាន់តែ លើកម្រាមដៃបី ដែលជាសញ្ញាប្រឆាំងអំណាចផ្ដាច់ការ។

យ៉ាងនេះក៏ដោយក្ដី ក្រុមប្រជាជនសេរីFree People បាននិយាយថា ពួកគេនឹងបន្ដធ្វើបាតុកម្មនៅវិមានប្រជាធិបតេយ្យេគឺមិនចេញទៅធ្វើនៅទីណានោះទេ ព្រោះតែមានក្រុមមិនស្គាល់មុខមួយចំនួនបានព្យាយាមយកទីតាំងរបស់ពួកគេ។ មន្រ្ដីប៉ូលីសបានអះអាង ថា គ្មានទេក្រុមទីបី។ ប៉ុន្ដែមានការសង្ស័យថា ឯកសណ្ឋានពណ៌លឿនគឺជាក្រុមប៉ូលីសបង្កប់ខ្លួនធ្វើជាបាតុករគាំទ្ររាជានិយមដើម្បីដណ្ដើមទីតាំងរបស់បាតុករអាវខ្មៅ។

រលកបាតុកម្មដែលរំពឹងថាជួបជុំគ្នា១លាននាក់ដើម្បីរុញខ្ទប់ឱ្យមានការរំលាយសភា បង្ខំលោកប្រាយុទ្ធចុះចេញពីតំណែង ធ្វើកំណែទម្រង់ស្ថាប័នរាជបល្ល័ង្គ ។ក្នុងព្រឹត្តិការណ៍នេះ មានមនុស្សប្លែកៗ សម្រុកចូលហ្វូងបាតុកម្មហើយស្រែកអោយស្កាត់ក្បួនរថយន្តព្រះមហាក្សត្រ។

ទីភ្នាក់ងារសារព័ត៌មានReutersរាយការណ៍ថា បាតុកម្មដែលប្រកាសអហិង្សា ត្រូវបានសមត្ថកិច្ចប៉ូលិស រារាំង បំបែក និង ចាប់ខ្លួន។ យ៉ាងតិច ក្រុមយុវជនបង្កហិង្សាជាង២០នាក់ត្រូវបានចាប់ខ្លូន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស