នយោបាយ

សហរដ្ឋអាមេរិកជំរុញឱ្យគោរពសេរីភាពបញ្ចេញមតិ និងការប្រមូលផ្តុំនៅកម្ពុជា

By ឌឹ ខេមបូឌា ដេលី

October 20, 2020

សហរដ្ឋអាមេរិក បានលើកយកបញ្ហាយុត្តិធម៌សម្រាប់ជនជាប់ចោទនិងសិទ្ធិមនុស្ស ទៅជជែកពិភាក្សាទល់មុខជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា ព្រមទាំងជំរុញឱ្យកម្ពុជាគោរពសេរីភាពបញ្ចេញមតិ និងការប្រមូលផ្តុំផងដែរ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy បានលើកឡើងលើបណ្តាញសង្គម Twiter របស់លោកថា ក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី លោក កើត រិទ្ធិកាលពីថ្ងៃ ទី១៤ ខែតុលា ភាគីទាំងពីរបានពិភាក្សាលើប្រធានបទមួយចំនួន។

លោកបន្តថា ប្រធានបទសំខាន់ៗទាំងនោះ រួមមានការជំរុញការការពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងការប្រមូលផ្តុំនៅកម្ពុជា។ ការការពារកុមារ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បញ្ហាគ្រឿងញៀន និងការជជែកគ្នាអំពីការផ្តល់យុត្តិធម៌ដល់ជនជាប់ចោទ ផងដែរ។

ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក ជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជានៅពេលនេះ ក្រោយពេលមានការរិះគន់អំពីការប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិ និងការប្រមូលផ្តុំរបស់ពលរដ្ឋកម្ពុជាកាន់តែមានការធ្លាក់ចុះគួរឱ្យបារម្ភ។

ការមើលឃើញពីភាពធ្លាក់ចុះនោះ តាមរយៈការបង្ក្រាបទៅលើសំឡេងប្រឆាំងឥតឈប់ឈរ រាប់តាំងពីការព្រមានរបស់ប្រមុខរដ្ឋាភិបាលទៅលើមន្ត្រីសង្គមស៊ីវិល។ ការគំរាមអនុវត្តបទបញ្ជាចេញមួយវ៉ៃមួយ របស់លោក ហ៊ុន សែន ទៅលើក្រុមអ្នករិះគន់ ពិសេសវិធានការនេះហាក់មានគោលដៅតាមកម្ទេចក្រុមប្រឆាំងដែលជាប់ទាក់ទងនឹងគណបក្សសង្រ្គោះជាតិពីមុនមក។

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន នៅថ្ងៃនេះ បានលើកឡើងនៅលើទំព័រហ្វេសប៊ុកថា ជំនួបរវាងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ ជាមួយឯកអគ្គរដ្ឋទូតអាមេរិកកាលពីថ្ងៃម្សិលមិញ គឺបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលើទិដ្ឋភាពសិទ្ធិសេរីភាព និងការអនុវត្តច្បាប់នៅកម្ពុជា។

លើសពីនេះ ភាគីទាំងពីរ បានពិភាក្សាអំពីការពង្រឹងកិច្ចសហការក្នុងការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន រួមមានការជួញដូរមនុស្ស ស្រ្តី និងកុមារជាដើម។

កាលពីថ្ងៃទី ១៨ ខែសីហា ក្រុមសង្គមស៊ីវិលចំនួន៧៩ នៅកម្ពុជា បានរួមគ្នាស្នើឱ្យរដ្ឋាភិបាល បញ្ឈប់រាល់ការប្រើអំពើហិង្សា និងការចាប់ខ្លួនទៅលើពលរដ្ឋដែលហ៊ានចេញមុខតស៊ូមតិដោយអហិង្សា ដោយពួកគេថា សកម្មភាពទាំងនេះមិនមែនជាទង្វើខុសច្បាប់។

ក្រុមសង្គមស៊ីវិលលើកឡើងថា ការទាមទារយុត្តិធម៌ និងសេរីភាពដល់សមាជិកគ្រួសារ សាច់ញាត្តិ ឬមិត្តភក្តិរបស់អ្នកតវ៉ាដោយសន្តិវិធី មិនមែនជាបទល្មើស តែជាសិទ្ធិស្របច្បាប់របស់ពួកគេដែលមិនគួរសមត្ថកិច្ចប្រើហិង្សារុញច្រាន អូសទាញ ឬទាត់ធាក់ និងការចាប់ខ្លួននោះឡើយ។

កាលពីថ្ងៃទី៣០ ខែកញ្ញា ក្រុមអង្គការសង្គមស៊ីវិលចំនួន៤ បានរកឃើញថា យុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ ប្រឆាំងនឹងការចូលរួមជាសាធារណៈ រយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០គឺជាបណ្តឹង ដែលធ្វើឡើងដោយចេតនា ដើម្បីបំបាក់ស្មារតី បំភិតបំភ័យ រំខាន និង បំបិទសំឡេងរិះគន់ផងដែរ។ លើសពីនេះ ពួកគេថា យុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ ត្រូវបានប្រើប្រាស់ដោយស្ថាប័នមានអំណាច ដូចជា រដ្ឋាភិបាល ឬអ្នកមានអំណាច ដែលធ្វើឱ្យការចូលរួមរបស់ពលរដ្ឋក្នុងសង្គមកាន់តែធ្លាក់ចុះផងដែរ៕