បើទោះបីជា អតីតព្រះមហាក្សត្រព្រះបរមរតនកោដ្ឋ សម្តេច ព្រះនរោត្តម សីហនុ សោយទីវង្គត់ អស់រយៈពេល៨ឆ្នាំទៅហើយក្តី ប៉ុន្តែបំណងប្រាថ្នាចុងក្រោយរបស់ព្រះអង្គ ដែលចង់ឃើញអ្នកដឹកនាំខ្មែរមានការរួបរួមឯកភាពជាតិ និងសាមគ្គីគ្នាជាធ្លុងមួយ នៅមិនទាន់បានសម្រេចនៅឡើយទេ។
បំណងប្រាថ្នានេះ ត្រូវបានព្រះអង្គកាលនៅមានព្រះជន្ម តែងលើកឡើងអំពីព្រះរាជបន្ទូលថា ការរួបរួម ឯកភាពជាតិ និងសាមគ្គីគ្នាជាធ្លុងមួយ គឺជាអាវុធដ៏សំខាន់ ដើម្បីឱ្យជាតិកាន់តែរឹងមាំ។
ទាំងការថ្លែងជាសាធារណៈ និងស្នាមព្រះហស្ថសៀវភៅរបស់ទ្រង់ ព្រះបរមរតនកោដ្ឋ មិនភ្លេចឡើយ ក្នុងការដាស់ទឿនកូនខ្មែរ ពិសេសអ្នកដឹកនាំ មិនត្រូវធ្វើឱ្យបែកបាក់សាមគ្គីផ្ទៃក្នុងដែលជាហេតុធ្វើឱ្យ សត្រូវមើលងាយ និងធ្វើឱ្យជាតិបាត់បង់កិត្តិយសនៅលើឆាកអន្តរជាតិនោះឡើយ។
ក្នុងសៀវភៅ អនុស្សាវរីយ៍ផ្អែមល្ហែម និងជូរចត់ ដែលព្រះរាជនិពន្ធដោយសម្តេច ព្រះបាទ នរោត្តម សីហនុ ហើយសំណេរចុងក្រោយ ដែលព្រះអង្គមានព្រះរាជឱង្ការផ្ញើជូនជនរួមជាតិ បញ្ជាក់ថាក្នុងជីវភាពប្រទេសជាតិនីមួយៗ គ្មានអ្វីឱ្យមានតម្លៃជាងឯករាជ្យនោះទេ ព្រោះឯករាជ្យជាមូលដ្ឋាននៃសេចក្តីថ្លៃថ្នូរ និងសុភមង្គលទាំងឡាយ។
លើសពីនេះ ព្រះអង្គបន្តថា រីឯអាវុធដ៏សំខាន់ជាងគេសម្រាប់កសាង និងការពារឯករាជ្យ និងអនាគតរបស់កម្ពុជា មិនមែនជាគ្រឿងយោធបរិក្ខា ឬអាវុធ ដ៏ស្តួចស្តើងគួរឱ្យវេទនារបស់កងទ័ពកម្ពុជានោះទេ ប៉ុន្តែអាវុធនោះ គឺការរួបរួម ចងគ្នាជាធ្លុងមួយ នៃជាតិរបស់យើងនោះឯង។
ព្រះបរមរតនកោដ្ឋទ្រង់ជឿជាក់ថា ការរួបរួមគ្នារបស់កម្ពុជាជាធ្លុងមួយនឹងជួយស្រោចស្រង់ប្រទេសជាតិ និងឯករាជ្យរបស់ខ្មែរឱ្យឆ្លងផុតពី សមុទ្រគ្រោះថ្នាក់ ដែលមាននៅពេលខាងមុខឱ្យចាកផុតស្រឡះដោយជ័យមង្គល។
ជាងនេះទៀត ក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្ម៨៩ យាងចូល៩០ព្រះវស្សារបស់ព្រះបិតាឯករាជ្យជាតិ សម្តេច នរោត្តម សីហនុ កាលពីឆ្នាំ២០១១ ក្នុងព្រះរាជបន្ទូលជាង២០នាទីនាពេលនោះ ព្រះអង្គមានព្រះរាជឱង្ការផ្តែផ្តាំចុងក្រោយដល់ជនរួមជាតិអំពីការរួបរួមគ្នានៃប្រជាជាតិខ្មែរ។
ព្រះអង្គមានព្រះរាជបន្ទូលថា ការពួតដៃគ្នា សាមគ្គីគ្នាជាធ្លុងមួយដើម្បីកសាង និងអភិវឌ្ឍជាតិឥតឈប់ឈរ ជាកម្លាំងដ៏រ៉ឹងមាំ ដោយកម្ពុជាមិនចង់ក្លាយជាមហាអំណាចអ្វីនោះឡើយ។ ប៉ុន្តែការរួបរួមសាមគ្គីគ្នា ការចាប់ដៃគ្នាដើរទៅមុខដើម្បីឧត្តមប្រយោជន៍ជាបង្ហាញដល់ពិភពលោក ឱ្យទទួលស្គាល់ថា កម្ពុជាមានការរួបរួមគ្នាល្អណាស់ ហើយក៏គ្មាននរណាអាចបំបែកបំបាក់ខ្មែរបាននោះដែរ ពោលគឺខ្មែរនឹងកាន់តែខ្លាំងទៅៗ ជាក់ជាមិនខាន។
ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ទ្រង់ប្រសូត្រនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ១៩២២ ហើយនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១២ ព្រះអង្គបាន សោយទីវង្គត់នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្ម៩០ព្រះវស្សា។
អស់រយៈពេល៨ ឆ្នាំទៅហើយដែលព្រះបរមរតនកោដ្ឋបានយាងចាកចោលកម្ពុជា ប៉ុន្តែព្រះរាជបណ្តាំរបស់ព្រះអង្គនៅមិនទាន់បានសម្រេចនៅឡើយ។
អ្នកឃ្លាំមើលសង្គមមើលឃើញថា ព្រះរាជបណ្តាំរបស់ព្រះអង្គមិនទាន់បានសម្រេច ព្រោះកម្ពុជានៅតែមានការបែកបាក់ ក្នុងស្រទាប់អ្នកនយោបាយខ្មែរ។ ការប្រកាន់បក្ខពួកក្នុងស្រទាប់ពលរដ្ឋខ្មែរ រហូតដល់អ្នកនយោបាយខ្មែរ ដោយប្រកាន់ក្រុមបក្សប្រឆាំង និងក្រុមបក្សកាន់អំណាចរហូតមកដល់ពេលបច្ចុប្បន្ន បើទោះបីជាគណបក្សសង្រ្គោះជាតិ ដែលជាបក្សប្រឆាំងដ៏ធំនៅកម្ពុជាត្រូវបានតុលាការកំពូលរំលាយកាលពីឆ្នាំ២០១៧ទៅហើយក្តី។
ដោយឡែកអតីតប្រធានគណបក្សសង្រ្គោះជាតិ មួយរូបគឺ លោក សម រង្ស៊ី ត្រូវនិរទេសខ្លួនរស់នៅក្រៅប្រទេសមិនទាន់មានសង្ឃឹមក្នុងការវិលចូលកម្ពុជានៅឡើយ។ រីឯមួយរូបទៀតគឺលោក កឹម សុខា កំពុងរស់នៅក្នុងប្រទេស ប៉ុន្តែត្រូវជាប់ក្នុងសំណុំរឿងក្តីដែលរដ្ឋអំណាចចោទថាក្បត់ជាតិ ហើយត្រូវរស់នៅក្នុងគុកឥតជញ្ជាំង ត្បិតលោកនៅមិនទាន់មានសេរីភាពពេញលេញនោះទេ។
លើសពីនេះ ក្រុមអ្នកដែលហ៊ានរិះគន់រដ្ឋាភិបាល ត្រូវបានគេចាប់ចង និងធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្ត។ ជាក់ស្តែងសកម្មជនសិទ្ធិមនុស្ស អ្នកនយោបាយ ព្រះសង្ឃ និងក្រុមយុវជនបរិស្ថាន ជាង២០នាក់ត្រូវបានរដ្ឋអំណាចលោកហ៊ុន សែន ចាប់ និងឃុំខ្លួនពួកគេ ក្នុងរយៈពេលមិនដល់២ខែផង ចាប់តាំងពីចុងខែកក្កដាមក។
ពួកគេទាំងនោះ ត្រូវបានចោទប្រកាន់ពីបទញុះញង់ ខណៈមតិជាតិ និងអន្តរជាតិថា ការចាប់ខ្លួនពួកគេទាំងនោះជាការដើរផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញទាំងស្រុង។
យ៉ាងនេះក្តី បុរសខ្លាំងនៅកម្ពុជាលោក ហ៊ុន សែន ធ្លាប់អះអាងថា លោកនឹងតាមកម្ទេចក្រុមប្រឆាំងឱ្យសាបសូន្យ តាមរយៈយុទ្ធសាស្ត្រកាត់ក្បាល បំបែកដងខ្លួន ក្រោមហេតុផលថាប្រសិនពួកគេចង់បំផ្លាញរដ្ឋាភិបាលរបស់លោក។
អ្នកឃ្លាំមើលសង្គម យល់ឃើញថាយុទ្ធសាស្ត្រតាមកម្ទេចក្រុមប្រឆាំងរបស់លោកហ៊ុន សែន នឹងមិនបានផ្តល់ប្រយោជន៍អ្វីដល់ជាតិនោះឡើយ ប៉ុន្តែមានតែធ្វើឱ្យជាតិបែកបាក់កាន់ខ្លាំងបន្ថែមទៀតប៉ុណ្ណោះ៕