37 C
Phnom Penh

លោក ហ៊ុន សែន អរគុណ មេបក្សប្រឆាំងនៅកម្ពុជា ចំពោះជំនួយក្នុងពេលមានគ្រោះទឹកជំនន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ បានចូលរួមឧបត្ថម្ភថវិកាចំនួន ៥ពាន់ ដុល្លារសហារដ្ឋអារមេរិក ដល់រដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីរួមចំណែកជួយសង្រ្គោះប្រជាពលរដ្ឋដែលកំពុងរងការគម្រាមកំហែងដោយសារគ្រោះទឹកជំនន់។

ប្រធានអតីតគណបក្សសង្រ្គោះជាតិលោក កឹម សុខា អះអាងនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃសុក្រនេះថា លោកបានផ្តល់ថវិកាចំនួន៥ពាន់ដុល្លារសហរដ្ឋអាមេរិក (៥០០០$) តាមរយៈរដ្ឋាភិបាលសម្រាប់ចូលរួមឧបត្ថម្ភ និងដើម្បីសង្រ្គោះពលរដ្ឋរងគ្រោះដែលរងផលប៉ះពាល់បណ្តាលមកពីទឹកជំនន់ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នេះ។

លោកបញ្ជាក់ថា លោកខិតខំរួមគ្នា ដើម្បីជួយដល់ពលរដ្ឋខ្មែរ ដោយគ្មានការរើសអើង និងមិនគិតពីនិន្នាការនយោបាយនោះទេ។ លើសពីនេះ លោកកឹម សុខា កោតសរសើរចំពោះពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលមានចិត្តសប្បុរស អាណិតបងប្អូនរួមជាតិខ្មែរដែល កំពុងរងគ្រោះដោយទឹកជំនន់ ហើយបានចូលរួមជាថវិកា និងសម្ភារៈ ដើម្បីចែកជូនដល់ពលរដ្ឋរងគ្រោះកន្លងមក និងបន្តទៅមុខទៀត។

ការអះអាងនេះធ្វើឡើង ស្របពេលទឹកជំនន់ក្នុងប្រទេសកម្ពុជាកំពុងបន្តឡើងជាបន្តបន្ទាប់ ដែលបានទទួលរងឥទ្ធិពលព្យុះពីប្រទេសជិតខាងចាប់ពីដើមខែតុលា  រហូតមកដល់ថ្ងៃទី១៦ ខែតុលានេះ។

ជុំវិញជំនួយថវិការបស់មេបក្សប្រឆាំងនេះ ត្រូវបាន ប្រមុខរដ្ឋាភិបាល ស្វាគមន៍។ លិខិតថ្លែងអំណរគុណរបស់លោក ហ៊ុន សែន នៅថ្ងៃទី១៦ខែតុលានេះ បានថ្លែងអំណរគុណចំពោះលោក កឹម សុខា ដែលបាន ផ្តល់ជាជំនួយជួយសម្រាលដល់ការដោះស្រាយផលវិបាកដោយសារទឹកជំនន់ដែលកើតចេញមកពីគ្រោះធម្មជាតិក្នុងពេលបច្ចុប្បន្ននេះ។

លោក ហ៊ុន សែន អះអាងថា លោកតែងមានមោទនៈភាពយ៉ាងជ្រាលជ្រៅនូវគុណធម៌ដ៏ថ្លៃថ្លាដែលជនរួមជាតិជានិច្ចជាកាលតែងបង្ហាញនូវសប្បុរសធម៌ និងសាមគ្គីធម៌ ជួយគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្ន។ ប្រធានអតីតគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ក៏ធ្លាប់បានចូលរួមជួយឧបត្ថម្ភដល់រដ្ឋាភិបាលកម្ពុជាទៅលើកម្មវិធីប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩ កាលពីពេលកន្លងទៅ ដោយកាលណោះ លោកបានចូលរួមថវិកាចំនួន៥ពាន់ដុល្លារ ផងដែរ។

កាលពីយប់ថ្ងៃទី ១៥ ខែតុលា នាឱកាសចុះជួបពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងខណ្ឌដង្កោររាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភថវិកាដល់រាជរដ្ឋាភិបាល ដើម្បីសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់។ លោកបញ្ជាក់ថា  រហូតមកយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ ថវិកាដែលទទួលបានពីសប្បុរសជនមានចំនួនជាង ៦លានដុល្លារសហរដ្ឋអាមេរិក។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចេញរបាយការណ៍នៅព្រឹកថ្ងៃទី១៦ ខែតុលា នេះថា ពលរដ្ឋប្រមាណជាង ៥ម៉ឺន គ្រួសារស្មើនឹងជាង ២១ ម៉ឺននាក់ បានរងផលប៉ះពាល់ពីទឹកជំនន់ ហើយក៏បានប៉ះពាល់ដល់ផ្ទះសម្បែងរបស់ពួកគេដល់ទៅជាង ៥ម៉ឺន ខ្នងនៅទូទាំងប្រទេស។ របាយការណ៍ដដែលបញ្ជាក់ថា ទឹកជំនន់ពេលនេះ បានបណ្តាលឱ្យមានពលរដ្ឋស្លាប់ចំនួន១៨ នាក់ផងដែរ គិតត្រឹមថ្ងៃសុក្រនេះ។  ប្រទេសកម្ពុជាបានទទួលរងជំនន់ដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់អស់រយៈពេលជិត១០ថ្ងៃមកនេះ បណ្ដាលឱ្យ រាជធានីចំនួន ខេត្តចំនួន ១៩ នៅទូទាំងប្រទេស រងការជន់លិចយ៉ាងដំណំ។  ក្នុងនោះប៉ះពាល់ដល់ ក្រុង/ស្រុក/ខណ្ឌ ចំនួន ៦៩ និង ២៥៨ ឃុំ/សង្កាត់ ខណៈទឹកភ្លៀងនៅតែធ្លាក់បន្តទៀតនៅចុងសប្ដាហ៍នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស