28 C
Phnom Penh

បក្ស GDP ស្នើរឲ្យរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានបើកចិត្តទទួលយកកម្មវិធីចែកអំណោយជូនពលរដ្ឋរងគ្រោះពីទឹកជំនន់ ដោយមិនប្រកាន់បក្ខពួក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សក្រៅរដ្ឋាភិបាល បានជុំរុញឲ្យរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានគ្រប់ទីកន្លែងបើកចិត្តឲ្យទូលាយទទួលស្វាគមន៍រាល់ជំនួយមនុស្សធម៌គ្រប់មជ្ឈដ្ឋានទាំងអស់ដោយមិនរើសអើងនិន្នាការនយោបាយណាមួយឡើយ ដើម្បីសង្គ្រោះពលរដ្ឋឲ្យបានទាន់ពេល និងរួចផុតពីគ្រោះអាសន្នដោយជំទឹកជំនន់នៅពេលនេះ។

ក្នុងសេចក្តីថ្លែងការណ៍របស់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) កាលពីថ្ងៃទី១៨ ខែតុលា ម្សិលម៉ិញនេះ បានអំពាវនាវ ឲ្យអាជ្ញាធរមូលដ្ឋាន រួមទាំងរដ្ឋាភិបាលផងដែរ  ត្រូវទុកបញ្ហា ព្រមទាំងទស្សនៈនយោបាយដែលផ្ទុយគ្នាមួយឡែកសិន ដើម្បីសហការគ្នាជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដោយឈរលើគុណតម្លៃ និងសាមគ្គីភាពក្នុងនាមខ្មែរ ជួយខ្មែរជាមុនសិន។

គណបក្សនេះអះអាងថា ខ្លួនបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីសហការជាមួយរដ្ឋាភិបាលក្នុងការចូលរួមកិច្ចពិភាក្សាស្រាវជ្រាវជាមួយស្ថាប័នពាក់ព័ន្ធ និងរៀបចំយុទ្ធសាស្ត្រវែងឆ្ងាយក្នុងការ ការពារ និងកាត់បន្ថយបញ្ហាទឹកជំនន់ដែលមានស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងៗក្នុងពេលបច្ចុប្បន្ននេះ។

ការអំពាវនាវនេះធ្វើឡើង ស្របពេល លោក ហ៊ុន សែន បានបញ្ចេញសារជាសំឡេងណែនាំទៅកាន់ក្រុមការងារផ្ទៃក្នុង និងមន្ត្រីមូលដ្ឋានរបស់ខ្លួន កាលពីថ្ងៃទី១៧ ខែតុលា នេះ ថា ពួកគេត្រូវបង្ករលក្ខណៈងាយស្រួលដល់ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា និង គណបក្សនយោបាយទាំងអស់ដែលបានចូលរួមជាមួយអាជ្ញាធរជួយ ពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ ត្បិតនេះគឺជាសកម្មភាពមនុស្សធម៌ដើម្បីឆ្លើយតបទៅនឹងការលំបាក់របស់ពលរដ្ឋដែលកំពុងប្រឈម សព្វថ្ងៃនេះ។

ការណែនាំរបស់លោកហ៊ុន សែន ធ្វើឡើងក្រោយពីអាជ្ញាធរខេត្តបន្ទាយមានជ័យបានរារាំងសកម្មភាពចុះចែកអំណាយរបស់អតីតប្រធានគណបក្សប្រឆាំងលោក កឹម សុខា ដល់ពលរដ្ឋរងគ្រោះក្នុងខេត្តនេះកាលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ។ ប៉ុន្តែ មន្ត្រីអតីត គណបក្សប្រឆាំង ចាត់ទុកការរារាំងនេះថាជាការរើសអើងផ្នែកនយោបាយផងដែរ។

កម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី១៦ ខែតុលា កន្លងទៅ លោក គឹម សុខ អ្នកវិភាគនយោបាយសង្គម បានរិះគន់យ៉ាងចាស់ដៃថា រដ្ឋាភិបាលលោក ហ៊ុន សែន បានយកបញ្ហាគ្រោះមហន្តរាយទឹកជំនន់នេះធ្វើប្រជាភិថុតចំពោះពលរដ្ឋខ្លួនឯង ព្រោះថាជំនួយសប្បុរសធម៌ទាំងអស់ ត្រូវតែធ្វើឡើងតាមខ្សែរបណ្តាញបក្ខពួករបស់គណបក្សកាន់អំណាចគ្រប់ជាន់ថ្នាក់។ លោកថា ពួកគេខ្លាចបាត់បង់ប្រជាប្រិយភាពរបស់ខ្លួន ជាជាងការការយកចិត្តទុកដាក់ក្នុងការសង្គ្រោះពលរដ្ឋដែលកំពុងតែអត់ឃ្លានដោយទឹកជំនន់នេះទៅទៀត។

មកទល់នឹងពេលនេះThe Cambodia daily មិនទាន់អាចទាក់ទង អ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ លោក លី សារី ដើម្បីសុំការបកស្រាយបំភ្លឺជុំវិញការលើកឡើងខាងលើនេះបាននៅឡើយទេ។

ជាមួយគ្នានេះ ក្រុមអ្នកឃ្លាំមើលសង្គមរិះគន់ថា រដ្ឋាភិបាលកម្ពុជាហាក់មិនបានបញ្ចេញគម្រោង ឬកញ្ចប់ថវិកាជាតិដើម្បីជួយពលដ្ឋក្នុងពេលមានវិបត្តិទឹកជំនន់នេះ តាមរយៈស្ថានប័នរដ្ឋាភិបាលណាមួយនៅឡើយទេ ក្រៅតែពីការអំពាវនាវ និងរៃអង្គាសលុយពីសប្បុរសជនតែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស