ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានផ្ញើលិខិតមួយច្បាប់ជូនរដ្ឋមន្រ្តីការបរទេសកម្ពុជា ដើម្បីស្នើសុំព័ត៌មានបន្ថែមអំពីមូលដ្ឋានពិត និងមូលដ្ឋានច្បាប់លើការចាប់ឃុំខ្លួនប្រធានសហភាពសហជីពកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ។
កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ ទំព័រហ្វេសប៊ុករបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត បានលើកឡើងពីការស្នើសុំព័ត៌មានបន្ថែមអំពីមូលដ្ឋានពិត និងមូលដ្ឋានច្បាប់ជុំវិញការចាប់ឃុំខ្លួន លោក រ៉ុង ឈុន។
លើសពីនេះ មន្ត្រីអង្គការសហប្រជាជាតិក៏ចង់ដឹងផងដែរ អំពីរបៀបនៃការចាប់ខ្លួន និងឃុំខ្លួននេះថាធ្វើឡើងស្របតាមនិយាម និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិទាក់ទងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិចូលរួមក្នុងកិច្ចការសាធារណៈដែរឬទេ។
ជាងនេះទៅទៀត ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការកំពូលរបស់ពិភពលោកមួយនេះ ក៏បានស្នើសុំនូវព័ត៌មានបន្ថែមអំពីភាពត្រូវគ្នានៃការចាប់ខ្លួន ជាមួយនឹងសិទ្ធិសេរីភាព និងសន្តិសុខបុគ្គល រាប់ទាំង ការទទួលបានការជូនដំណឹងនៅពេលចាប់ខ្លួន អំពីមូលហេតុនៃការចាប់ខ្លួនពួកគេជាដើម។
ក្រៅពីបញ្ហាទាំងនេះ ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ បានស្នើសុំព័ត៌មានបន្ថែមអំពីរបៀបនៃការបំបែកការជួបប្រជុំដោយសន្តិវិធី កាលពីថ្ងៃទី ៣ និងថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២០ ថាតើការបំបែកនោះ ធ្វើឡើងស្របតាមកាតព្វកិច្ចផ្លូវច្បាប់របស់រដ្ឋាភិបាល ដែលមានចែងក្នុងមាត្រា២១ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយឬយ៉ាងណា។
លើសពីនេះ ថាតើការបំបែកការជួបប្រជុំដោយសន្តិវិធីនោះធ្វើឡើងស្របតាមច្បាប់កម្ពុជា និងអំពីរបៀបបុគ្គលទាំងឡាយនៅក្នុងប្រទេស ដែលបានចូលរួមធ្វើការជួបប្រជុំដោយសន្តិវិធី អាចអនុវត្តសិទ្ធិរបស់ពួកគេ ដោយសេរីចំពោះសិទ្ធិសេរីភាពក្នុងការជួបជុំដោយសន្តិវិធី និង សិទ្ធិក្នុងការបង្កើតសមាគម ដែរឬទេ?
យ៉ាងណាក៏ដោយ សំណើរនេះខាងក្រសួងការបរទេសកម្ពុជានៅមិនទាន់មានការឆ្លើយតបនៅឡើយទេ។
លោក រ៉ុង ឈុន ត្រូវបានអាជ្ញាធរលោក ហ៊ុន សែន ចាប់ខ្លួនទាំងយប់កាលពីថ្ងៃទី ៣១ ខែកក្កដា នៅរាជធានីភ្នំពេញ ក្រោយពេលលោកបានបកស្រាយពាក់ព័ន្ធបញ្ហាដីធ្លីរបស់ពលរដ្ឋខេត្តត្បូងឃ្មុំជាប់ព្រំដែនវៀតណាម ដោយថាការបោះបង្គោលព្រំដែនពីសំណាក់រដ្ឋាភិបាលប្រទេសទាំងពីរ បានធ្វើដីធ្លីរបស់ពលរដ្ឋខ្មែរជាច្រើនហិកតាត្រូវបានបាត់បង់។
មួយថ្ងៃក្រោយមក លោកត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម ហើយតុលាការសម្រេចឃុំខ្លួនលោកនៅពន្ធនាគារព្រៃសរ ជាបណ្តោះអាសន្ន។
សំណុំរឿងលោក រ៉ុង ឈុន ក៏ជាមូលហេតុបណ្តាលឱ្យប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ អតីតសកម្មជនបក្សសង្រ្គោះជាតិ យុវជនខ្មែរថាវរៈ យុវជនសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ប្រមាណ១០នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ដោយសារការទាមទារ និងប្រមូលផ្តុំធ្វើបាតុកម្មទាមទារឱ្យដោះលែង លោក រ៉ុង ឈុន ។
របាយការណ៍របស់អង្គការលីកាដូកាលពីខែកញ្ញា បញ្ជាក់ថា ចាប់តាំងពីចុងខែកក្កដាមក មានសកម្មជនសិទ្ធិមនុស្ស អ្នកនយោបាយ សកម្មជនបរិស្ថាន ព្រះសង្ឃ និងសិល្បៈករប្រមាណ២០នាក់ត្រូវបានចាប់ឃុំខ្លួន ដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេ ដែលស្របតាមរដ្ឋធម្មនុញ្ញនោះ។
កាលពីថ្ងៃទី ២ខែតុលា ក្នុងកិច្ចប្រជុំដាច់ដោយឡែកមួយនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិទទួលបន្ទុកនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rohna Smith) បានលើកឡើងនូវរបាយការណ៍របស់ខ្លួនថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅតែបន្តធ្លាក់ចុះខ្លាំង។ ដោយឡែកសិទ្ធិនយោបាយ គឺមានការរីកចម្រើនតិចតួចប៉ុណ្ណោះ។
ទោះបីយ៉ាងណាក៏ដោយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាកាលពីថ្ងៃ៧ខែតុលា បានអះអាងថា មានប្រទេស និងស្ថាប័នអន្តរជាតិមួយចំនួន បានយកបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គ្រាន់តែជាលេសដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាប៉ុណ្ណោះ។ ជាក់ស្តែងវិធានការរបស់បរទេស និងស្ថាប័នអន្តរជាតិមួយចំនួន ដែលបានធ្វើមកលើកម្ពុជា គឺមានភាពលម្អៀង អយុត្តិធម៌ មានស្តង់ដារពីរ និងធ្វើឡើងក្រោមហេតុផលនយោបាយទៀតផង៕