37 C
Phnom Penh

កុមារីរងគ្រោះរស់នៅខេត្តព្រះសីហនុ ដែលត្រូវអតីតមន្ត្រីនគរបាល ចាប់រំលោភកាលពីជាង ១០ឆ្នាំមុន សំណូមពរឲ្យលោក ហ៊ុន សែន ជួយចាប់ជនល្មើសដាក់ពន្ធនាគារ និងផ្តល់សំណង៤០លានរៀល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឪពុកកុមារីរងគ្រោះ លើករណីរំលោភផ្លូវភេទ ឈ្មោះ យ៉ុង ប៊ុនលី រស់នៅក្រុងព្រះសីហនុ បានលើកដៃសំពះសំណូមពរដល់ លោក ហ៊ុន សែន និងភរិយា ជួយអន្តរាគមន៍មន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ តាមចាប់ជនល្មើសមកផ្តន្ទាទោស និងផ្តល់សំណងជំងឺចិត្តចំនួន ៤០លានរៀល ឲ្យស្របតាមសាលក្រមស្ថាពរ របស់តុលាការកំពូល។

លោក យ៉ុង ប៊ុនលី បន្តថា កូនស្រីរបស់គាត់ត្រូវជនល្មើសឈ្មោះ កង សុផាត ហៅ សុង លី ចាប់រំលោភតាំងពីមានអាយុ ១១ឆ្នាំមកម៉្លេះ ហើយគិតមកត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ ជនល្មើសនៅមានសេរីភាពនៅក្រៅពន្ធនាគារនៅឡើយ។

លោក យ៉ុង ប៊ុនលី ស្នើដល់លោក ហ៊ុន សែន និងភរិយា ក៏ដូចជាថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ជួយស្វែងរកចាប់ខ្លួនជនល្មើសមកដាក់ពន្ធនាគារ ជាពិសេសជួយអន្តរាគមន៍ឲ្យស្ថាប័នពាក់ព័ន្ធចុះរឹបអូសយកទ្រព្យសម្បត្តិ របស់ជនល្មើស រួមមាន៖ ផ្ទះ ឬដីធ្លី របស់ជនល្មើសឈ្មោះ កង សុផាត ដើម្បីផ្តល់សំណងជំងឺចិត្តចំនួន ៤០លានរៀល តាមសាលដីកាស្ថាពរ របស់តុលាការកំពូល ដែលកាត់ក្តី ឲ្យកូនស្រីរបស់លោកឈ្នះក្តី។

លោក យ៉ុង ប៉ុនលី បានប្រាប់ The Cambodia Daily នៅរសៀលថ្ងៃអង្គារ៍ ទី២០ ខែតុលានេះថា រូបគាត់ក៏ដូចជាកូនស្រី បានទន្ទឹងរង់ចាំយុត្តិធម៌ជាង ១០ឆ្នាំកន្លងមកហើយ ប៉ុន្តែមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ។ ជាងនេះទៀត ជនល្មើសឈ្មោះ កង សុផាត នៅមានសេរីភាពដើរហើរ ក្រៅពន្ធនាគារនៅឡើយ ហើយកូនស្រីរបស់លោក ក៏មិនទាន់ទទួលបានសំណងមួយកាក់មួយសេនណាដែរ។

លោក យ៉ុង ប៊ុនលី បន្តថា កូនស្រីគាត់ ដែលទើបមានអាយុ ១១ឆ្នាំ ត្រូវឈ្មោះ កង សុផាត ជាអតីតមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាប់រំលោភកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១០។

លោកបន្តថា រាល់ថ្ងៃនេះ ជនល្មើសមិនត្រូវបានសមត្ថកិច្ចចាប់ដាក់គុកនៅឡើយទេ ទោះបីតុលាការកំពូល បានសម្រេចសាលដីកាកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ឲ្យជនល្មើសឈ្មោះ កង សុផាត ជាប់គុគ ០៥ឆ្នាំ និងពិន័យប្រាក់ ៤០លានរៀលបែបណាក្តី។

ឪពុកកុមារីរងគ្រោះ ដែលមានសម្បុរខ្មៅ និងរាងកាយស្គមស្គាំង បានលើកដៃសំពះអំពាវនាវដល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំស្ថាប័ន មានលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជាដើម ឲ្យជួយជម្រុញទៅកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ស្វែងរកចាប់ខ្លួនជនល្មើស ឈ្មោះ កង សុផាត ដើម្បីនាំខ្លួនជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ និងជួយរឹបអូសទ្រព្យសម្បត្តិ របស់ជនល្មើសមាន៖ ផ្ទះ និងដីធ្លីជាដើម ដើម្បីផ្តល់សំណងជំងឺចិត្តជូនកូនស្រីគាត់ ផង ត្បិតពេលនេះ ជនល្មើសកំពុងរស់នៅក្រៅសំណាញ់ច្បាប់ និងមានសេរីភាពដើរហើរ ដូចមនុស្សគ្មានទោស។

មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្ស ប្រចាំខេត្តព្រះសីហនុ រួមមាន៖ អង្គការលីកាដូ (LICADHO) និងសមាគមអាដហុក (ADHOC) ជាដើម មានចម្ងល់ថា បទល្មើសព្រហ្មទណ្ឌរំលោភផ្លូវភេទអនីតិជន មួយករណីនេះ ហេតុអ្វីបានជាសាលាដំបូងខេត្តព្រះសីហនុ អាចដោះលែងឲ្យជនល្មើសឈ្មោះ កង សុផាត រួចផុតពីការផ្ដន្ទាទោស និងរស់នៅក្រៅមន្ទីរឃុំឃាំងបានទៅវិញ។

អ្មកស្រី ជៀប សុធារី អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ សង្ស័យថា សំណុំរឿងនេះ ទំនងជាអាចមានជាប់ពាក់ព័ន្ធសំណូកពុករលួយ នៅប្រព័ន្ធតុលាការក្នុងអំឡុងពេលនោះ ទើបជនល្មើស ដែលត្រូវមន្ត្រីកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់បញ្ជូនខ្លួនទៅកាន់តុលាការរួចហើយនោះ បែរជាត្រូវដោះលែងវិញ។

អ្នកស្រី សុធារី បញ្ជាក់ថា ទោះបីកុមារីរងគ្រោះ បានឈ្នះក្តីលើសំណុំរឿង ចាប់រំលោភខាងលើនេះបែបណាក្តី ក៏ប៉ុន្តែឈ្នះតែនៅលើឯកសារ ឬក្រដាសទេ ព្រោះជនល្មើសឈ្មោះ កង សុផាត មិនទាន់ចាប់ឃុំខ្លួនទេ ហើយសំណងជំងឺចិត្តចំនួន ៤០លានរៀល ក៏កុមារីរងគ្រោះមិនទាន់ទទួលបានមួយកាក់មួយសេនណាទេ។

កាលពីឆ្នាំ២០១៦ ក្រសួងមហាផ្ទៃ បានសម្រេចអនុវត្តវិន័យ ចំពោះអនុសេនីយ៍ទោ កង សុផាត មានតួនាទីនាយរងផ្នែកព័ត៌មានលើវិស័យសេដ្ឋកិច្ច វប្បធម៌ អប់រំ និងសង្គម នៃការិយាល័យសន្តិសុខផ្ទៃក្នុង ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្ដេញផុតចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។

លោក ហ៊ួត វិចិត្រ តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក៏បានចេញដីកាបង្គាប់ទៅមន្ត្រីនគរបាលយុត្តិធម៌ ឲ្យចាប់ខ្លួនឈ្មោះ កង សុផាត យកមកឃុំខ្លួនក្នុងពន្ធនាគារខេត្តព្រះសីហនុ ដែលបានប្រព្រឹត្តបទល្មើស កាលពីឆ្នាំ២០១០។ 

សំណុំរឿងនេះ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់កាសែតក្នុងស្រុកថា ជនល្មើសឈ្មោះ កង សុផាត មិនមានវត្តមាននៅក្នុងខេត្តព្រះសីហនុទេ។ ហើយថា ករណីនេះ កម្លាំងជំនាញបានបន្តឃ្លាំមើលមុខសញ្ញានេះ មិនធ្វេសប្រហែសទេ ព្រោះមានដីកាបង្គាប់ ឲ្យនាំខ្លួន និងឃុំខ្លួនជនល្មើសឈ្មោះ កង សុផាត ពីតុលាការរួចហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស