27 C
Phnom Penh

តុលាការក្រុងភ្នំពេញ បង្គាប់ឱ្យលោក សម រង្ស៊ី និងអតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង៨រូបទៀតចូលខ្លួនបំភ្លឺជុំវិញសំណុំរឿងប៉ុនប៉ងធ្វើរដ្ឋប្រហារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក សម រង្ស៊ី និងអតីតថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន៨រូបផ្សេងទៀត ឱ្យចូលខ្លួនបំភ្លឺនៅតុលាការក្នុងសំណុំរឿង«ឧបឃាត» ឬ «ប៉ុនប៉ងធ្វើរដ្ឋប្រហារ» នៅខែវិច្ឆិកាខាងមុខ។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញព្រះរាជអាជ្ញារងលោក សេង ហៀង នៅថ្ងៃអង្គារបានចេញដីកាកោះហៅអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងសមាជិកជាន់ខ្ពស់របស់បក្សនេះ ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស ចំនួន៨រូប ឱ្យចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹក ជាកំហិត។

ដីកាកោះដដែលបញ្ជាក់ថា ការចូលខ្លួនទៅកាន់តុលាការនោះ  ដើម្បីបំភ្លឺឬឆ្លើយដោះសារជុំវិញសំណុំរឿង «ឧបឃាត»នេះ។

ដីកាប្រកាសត្រូវបានសមត្ថកិច្ចយកទៅបិទជាប់របងទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបង្គាប់ឲ្យជនត្រូវចោទរួមមានអតីតមេបក្សប្រឆាំង លោក សម រង្ស៊ី និងភរិយាលោក អ្នកស្រីជូឡុង សួមូរ៉ា ។

អនុប្រធានអតីតគណបក្ស លោក អេង ឆៃអៀង អ្នកស្រី មួ សុខហួ លោក អ៊ូ ចន្ទ័ប្ញទិ្ធ  លោក ហូ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ  និងលោក នុត រំដួល។

កាលពីខែតុលា ឆ្នាំ២០១៩ តុលាការរាជធានីភ្នំពេញ បានចេញដីកាចាប់ខ្លួន លោក សម រង្ស៊ី និងភរិយា ព្រមទាំងមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិទាំង៧នាក់ទៀត ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល។ ការចោទប្រកាន់នេះ ក្រោយពេលលោក សមរង្ស៊ី អំពាវនាវកងកម្លាំងប្រដាប់អាវុធឱ្យចូលរួមជាមួយគាត់ក្នុងការទម្លាក់លោក ហ៊ុន សែន នៅថ្ងៃទី៩ វិច្ឆិកាខាងមុខ ជាពេលលោកប្រកាសធ្វើមាតុភូមិនិវត្តន៍លើកទី១ ប៉ុន្តែត្រូវបានបរាជ័យ។

យ៉ាងណា មន្ត្រីអតីតបក្សប្រឆាំងទាំងនេះ ប្រកាសថាមិនខ្វល់ចំពោះដីកាចាប់ខ្លួននោះឡើយ ព្រោះជាតុលាការដែលស្ថិតក្រោមបង្គាប់របស់គណបក្សប្រជាជនកម្ពុជា ជាពិសេសជាឧបករណ៍ការពារអំណាចរបស់លោកហ៊ុន សែន។

បន្ទាប់ពីគម្រោងចូលស្រុកខ្មែរបស់លោក សម រង្ស៊ី ដែលបរាជ័យទាំងស្រុងនោះ នៅថ្ងៃទី១៤ ខែវិច្ឆិកា លោក ហ៊ុន សែន ប្រកាសថា លោកនឹងមិនចុះហត្ថលេខា ដើម្បីស្នើសុំទៅព្រះមហាក្សត្រឱ្យលើកលែងទោសលោក សម រង្ស៊ី ម្ដងទៀតឡើយ។

លោក ហ៊ុន សែន លើកឡើងពេលនោះថា កន្លងមក លោកធ្លាប់បានស្នើទៅព្រះមហាក្សត្រ សុំឱ្យលើកលែងទោសដល់លោក សម រង្ស៊ី ប៉ុន្តែលោកថាទៅមុខទៀត គ្មានឡើយការស្នើសុំឱ្យមានលើកលែងទោសពីព្រះមហាក្សត្រឱ្យមនុស្សដដែលនោះទេ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស