29 C
Phnom Penh

តុលាការសម្រេចឃុំខ្លួនអតីតមន្ត្រីគណបក្សសង្រ្គោះជាតិខេត្តបាត់ដំបង២នាក់ ពាក់ព័ន្ធករណីប្រមាថព្រះមហាក្សត្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការក្រុងភ្នំពេញ បានសម្រេចឃុំខ្លួនអតីតមន្ត្រីគណបក្សសង្រ្គោះជាតិខេត្តបាត់ដំបងពីរនាក់ ពាក់ព័ន្ធសំណុំរឿងព្រមាថព្រះមហាក្សត្រ។

សារព័ត៌មានសិ្នតរដ្ឋាភិបាល Fresh News បានស្រង់សម្តីរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក គុជ គឹមឡុង ដោយបញ្ជាក់ថា ចៅក្រមស៊ើបសួរលោក កេត សុជាតិ នៅព្រឹកថ្ងៃទី២០ ខែតុលា នេះ បានចេញដីការបង្គាប់ឲ្យនាំខ្លួនជនត្រូវចោទឈ្មោះ គង់ ប៊ុនហ៊ាង និង ហង្ស សេង ទៅឃុំខ្លួននៅពន្ធនាគារព្រៃសរជាបណ្តោះអាសន្ន ។

លោក គង់ ប៊ុនហ៊ាង អាយុ ៦៦ឆ្នាំ ជាអតីតសមាជិកប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបង ត្រូវបានកម្លាំងនគរបាលជំនាញ ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៧ ខែតុលា ។

ដោយឡែកអតីតសមាជិកប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង មួយរូបទៀតលោក ហង្ស សេង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៨ ខែតុលា។

អតីតមន្ត្រីគណបក្សសង្រ្គោះជាតិទាំងពីររូប ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៩ ខែតុលា។

ប្រភពដដែលបញ្ជាក់ថា សំណុំរឿងនេះព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញលោក សេង ហៀង បានបើកការស៊ើបអង្កេត និងសម្រេចចោទប្រកាន់ពួកគេពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ យោងតាមមាត្រា ៤៣៧ នៃក្រមព្រហ្មទណ្ឌ។

បទចោទប្រកាន់នេះ អ្នកទាំងពីរអាចនឹងត្រូវប្រឈមការផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេលពី ១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២លានរៀល ទៅ ១០ លានរៀល។

យ៉ាងនេះក្តី តុលាការមិនបានបញ្ជាក់ថាការប្រមាថព្រះមហាក្សត្រនេះធ្វើឡើងដោយរបៀបណា និងប្រមាថអំពីអ្វីខ្លះនោះឡើយ។

មាត្រាថ្មីស្តីពីការដាក់ទោសទណ្ឌលើជនណាដែលប្រមាថព្រះមហាក្សត្រត្រូវបានបញ្ចូលបន្ថែមទៅក្នុងជំពូកទី១ មាតិកាទី១ នៃក្រមព្រហ្មទណ្ឌកម្ពុជាដោយប្រើប្រាស់មាត្រាស្ទួន ៤៣៧ ហើយត្រូវបានអនុម័តជាផ្លូវការកាលពីឆ្នាំ២០១៨។

ចាប់តាំងពីបន្ថែមមាត្រាថ្មីនេះមក អតីតមន្ត្រីគណបក្សសង្រ្គោះជាតិជាច្រើននាក់ដែលត្រូវបានចាប់ឃុំខ្លួន ខណៈមន្ត្រីគណបក្សកាន់អំណាចមិនទាន់ស្ថិតនៅជាគោលដៅសម្រាប់ការអនុវត្តច្បាប់នេះនៅឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស