សមាជិកសភាសហព័ន្ធសហរដ្ឋអាមេរិក ប្រកាសគាំទ្របេក្ខភាពអ្នកស្រី ស៊ូលី សារ៉ូ(Suely Saro) ជាក្រុមប្រឹក្សាក្រុង Long Beach សង្កាត់លេខ៦ ក្នុងរដ្ឋកាលីហ្វ័រញ៉ា (California) ដែលនឹងធ្វើការប្រកួតប្រជែងរកសំលេងឆ្នោតផ្តាច់ព្រ័ត្រនៅដើមខែវិច្ឆិកានេះ។
លោក Alan Lowenthal តំណាងរាស្ត្រសហព័ន្ធសហរដ្ឋអាមេរិក លើកទឹកចិត្តឲ្យពលរដ្ឋអាមេរិកាំងបោះឆ្នោតជ្រើសរើសអ្នកស្រី ស៊ូលី សារ៉ូ ជាអ្នកដឹកនាំសម្រាប់សង្កាត់លេខ ៦ ក្នុងទីក្រុង Long Beach។ លោកបន្តថា ការជ្រើសរើសអ្នកស្រី ស៊ូលី សារ៉ូ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត សម្រាប់ពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ។ ជាងនេះទៀតលោកអំពាវនាវឲ្យពលរដ្ឋទាំងនោះបោះឆ្នោតគាំទ្រអ្នកស្រី ដើម្បីឲ្យអ្នកស្រីក្លាយជាចៅសង្កាត់របស់ពួកគេ។
តំណាងរាស្ត្រអាមេរិកដ៏មានឥទ្ធិពលរូបនេះ បញ្ជាក់ថា លោកមានការជឿជាក់ទៅលើអ្នកស្រី ស៊ូលី សារ៉ូ ថា អ្នកស្រីនឹងនាំមកនូវការផ្លាស់ប្តូរ និងដំណោះស្រាយរាល់ឧបសគ្គ និងបញ្ហានានាដែលបានកើតឡើងឥតស្រាកស្រាន្តក្នុងសង្កាត់នេះ។
ការអំពាវនាវនេះ ធ្វើឡើងស្របពេលដែលការបោះឆ្នោតជ្រើសរើសក្រុមសមាជិកក្រុមប្រឹក្សាក្រុងនៅសហរដ្ឋអាមេរិក ដំណាក់កាលទី២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០២០ ខាងមុខនេះ។
អ្នកស្រី ស៊ូលី សារ៉ូ ធ្លាប់មានប្រសាសន៍ នៅក្នុងពេលធ្វើយុទ្ធនាការរកសំលេងឆ្នោតថា អ្នកស្រីបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយពលរដ្ឋសំរាប់ការផ្លាស់ប្តូរ និងអភិវឌ្ឍសហគមន៍ក្នុងសង្កាត់ទី៦ ឲ្យកាន់តែប្រសើឡើងថែមទៀត ប្រសិនបើពលរដ្ឋក្នុងសហគមន៍សម្រេចបោះឆ្នោតផ្តល់ទំនុកចិត្តឲ្យអ្នកស្រីធ្វើជាចៅសង្កាត់របស់ពួកគេ។
បណ្ឌិត ស៊ូលី សារ៉ូ ជាស្រី្តខ្មែរអាមេរិកកាំងដំបូងគេបង្អស់ដែលបានចូលរួមឈរឈ្មោះប្រកួតប្រជែងយកតំណែងចៅសង្កាត់លេខ៦ ក្នុងទីក្រុង Long Beach ។ ក្នុងការប្រកួតប្រជែងនេះ អ្នកស្រីទទួលបានការគាំទ្រលើសគេក្នុងចំណោមបេក្ខនារីដទៃទៀតក្នុងការបោះឆ្នោតជុំទី១កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ កន្លងទៅ។ ប៉ុន្តែអ្នកស្រីនឹងត្រូវប្រកួតប្រជែងរកសំលេងឆ្នោតផ្តាច់ព្រ័ត្រ ជាមួយបេក្ខជនមួយរូបទៀតដែលនឹងធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ គឺលោក Dee Andrew ជាចៅសង្កាត់លេខ៦ នៃទីក្រុង Long Beach ក្នុងពេលបច្ចុប្បន្ននេះ ដែលបានជាប់ឆ្នោតតាំងពីឆ្នាំ២០០៧ មកនោះ។
បច្ចុប្បន្ននេះ បណ្ឌិត ស៊ូលី សារ៉ូ មិនត្រឹមតែជាសាស្ត្រាចារ្យនៃសកលវិទ្យាល័យ Cal State ក្នុងរដ្ឋ Los Angles ប៉ុណ្ណោះទេ អ្នកស្រីក៏ជាស្ថាបនិក និងជាប្រធាននៃមូលនិធិស្ត្រីដើម្បីស្រ្តីសំរាប់កម្ពុជាផងដែរ។ ជាងនេះទៀត បណ្ឌិត ស៊ូលី សារ៉ូ ធ្លាប់បានដឹកនាំសហគមន៍ខ្មែរក្នុងទីក្រុង Long Beach ឲ្យមានការអភិវឌ្ឍន៍ផែ្នកសេដ្ឋកិច្ចមូលដ្ឋាន ផ្នែកសុខភាព និងសុវត្ថិភាពបរិស្ថានក្នុងសហគមន៍ និងកាងារស្ម័គ្រចិត្តជាច្រើនទៀតក្នុងសង្កាត់ទី៦នោះ។
នៅសល់រយៈពេលតែ ១២ ថ្ងៃទៀតប៉ុណ្ណោះការបោះឆ្នោតជ្រើសរើសអ្នកតំណាងប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិកនឹងឈានចូលមកដល់ហើយ។
ក្នុងយុទ្ធនាការនៃការបោះឆ្នោតនេះ មិនមែនធ្វើឡើងដើម្បីជ្រើសរើសតែ ក្រុមប្រឹក្សាក្រុង ឬចៅសង្កាត់តាមបណ្តារដ្ឋនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបោះឆ្នោតជ្រើសរើស ប្រធានាធិបតី ជ្រើសរើសតំណាង រាស្ត្ររបស់សហរដ្ឋអាមេរិក និងជាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រតាមបណ្តារដ្ឋនីមួយៗ ថែមទៀតផង។
យុទ្ធនាការនៃការបោះឆ្នោតនេះ រដ្ឋាភិបាលអាមេរិកបានរៀបចំឲ្យមានការបោះឆ្នោតតាមមធ្យោបាយជាច្រើនដូចជា តាមប្រព័ន្ធសារអេឡិកត្រូនិក(Email) តាមប្រីសណីយ៍ តាមប្រអប់ទទួលសន្លឹកឆ្នោត និងតាមការិយាល័យបោះឆ្នោតនានាដទៃទៀត ដើម្បីបង្ករលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋខ្លួនដែលមិនបាននៅក្នុងប្រទេសរបស់ពួកគេ៕