37.6 C
Phnom Penh

ចិនបន្តពង្រាយមីស៊ីលត្រៀមលុកលុយ តៃវ៉ាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ផែនការរបស់ ចិន ដែលប៉ុនប៉ងលេបកោះតៃវ៉ាន់ត្រឡប់មកវិញ កាន់តែជិតមកដល់ហើយ។ កាលពីថ្ងៃទី១៩តុលា មានសេចក្ដីរាយការណ៍មកថា មហាយក្សចិន បានសម្រេចប្ដូរមីស៊ីលរយៈចម្ងាយមធ្យមរបស់ខ្លួនដោយតម្លើងមីស៊ីលប្រភេទទំនើប លឿន បាញ់រហ័ស ត្រង់ចំគោលដៅបំផុត ដោយយកមកដាក់នៅឆ្នេរសមុទ្របែរ មករកកោះតៃវ៉ាន់តែម្តង។

សារព័ត៌មានTaiwan news បានរាយការណ៍ថា កងទ័ពចិនត្រូវបានបញ្ចូន និងដាក់ពង្រាយនៅតាមឆ្នេរប្រឈមនឹងកោះតៃវ៉ាន់នៅមុនប៉ុន្មានថ្ងៃនៃការមកដល់មីស៊ីលរបស់ចិនប្រភេទថ្មីនេះ។

តាមប្រភពដដែលនេះ មីស៊ីលល្បឿនលឿននិងទំនើបបំផុតរបស់កងទ័ពរំដោះប្រជាជនចិន DF-17 បានបញ្ចូនមកច្រើនសន្ធឹកសន្ធាប់មកកាន់មូលដ្ឋានទ័ពមួយនៅខេត្តជាប់ឆ្នេរ ហ្វូជៀន និងស៊ានជៀងដែលខេត្តទាំងពីរនេះនៅម្ខាងនៃត្រើយសមុទ្រជាប់នឹងឆ្នេរសមុទ្រតៃវ៉ាន់។ សេចក្ដីរាយការណ៍ដំបូងបានឱ្យដឹងថាកងទ័ពចិននៅតាមបណ្ដោយឆ្នេរប្រឈមនឹងឈូងសមុទ្រតៃវ៉ាន់មានដល់ទៅ២០កងពលគឺមានប្រមាណ៣០ម៉ឺននាក់។

ក្នុងនោះ១០ទៅ១៣គឺជាកងពលរបស់កងទ័ពជើងទឹក ហើយជាក្រុមទ័ពដែលត្រូវបើការវាយលុកយ៉ាងឆាប់រហ័ស។

ការបន្ដដាក់ពង្រាយអាវុធដ៏ទំនើបរបស់ចិននេះត្រូវបានអ្នកវិភាគមួយចំនួនមើលឃើញថាជា ចលនាដែលលោកស៊ីជីនពីង ប្រធានាធិបតីចិនបញ្ជាឱ្យកងទ័ពត្រៀមខ្លួនធ្វើសង្គ្រាមលុកលុយកោះតៃវ៉ាន់ គឺពិតជាអាចកើតមានក្នុងពេលដ៏ឆាប់នេះ គឺសមដូចទីប្រឹក្សាម្នាក់របស់ប្រធានាធិបតី ដូណាល់ត្រាំ បានប្រាប់ទៅ កោះតៃវ៉ាន់អោយត្រៀមលក្ខណៈដើម្បីសង្រ្គាម។

ទីប្រឹក្សាសន្ដិសុខជាតិអាមេរិកគឺលោកRobert O’Brien បានព្រមាន តៃវ៉ាន់ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់និងគួរតែត្រៀមខ្លួនក្នុងការប្រើប្រាស់អាវុធទំនើបៗនិងកងទ័ព ដើម្បីទប់ទល់ នឹងការឈ្លានពានពីសំណាក់ចិនឱ្យហើយចប់សព្វគ្រប់។

បើតាមទីប្រឹក្សាម្នាក់នេះ គឺចិនអាចនឹងលើកទ័ពចូលកាន់កាប់តៃវ៉ាន់មិនអោយយឺតពេលរហូតដល់ពីរ ឬបីឆ្នាំទៀតនោះទេ។សារព័ត៌មានតៃវ៉ាន់ បានឱ្យដឹងថាកន្លងមក មីស៊ីលដែលមាននៅក្នុងមូលដ្ឋានទ័ពទាំងពីររបស់ចិន គឺទ័ពជើងទឹកនិងួទ័ពជើងគោក  គឺជាមីស៊ីលចាស់ៗប្រភេទDF-11 និងDF-15។ មីស៊ីលប្រភេទទាំងនេះចិនបានប្រើវាជាច្រើនទសវត្សមកហើយ។

មីស៊ីលចាស់ៗនោះគឺអាចបាញ់បានរយៈចម្ងាយខ្លីប៉ុន្តែមីស៊ីលប្រភេទថ្មី DF-17មានសមត្ថភាពហោះរយៈចម្ងាយឆ្ងាយហើយក៏អាចវាយប្រហារចំគោលដៅបំផុត។

មីស៊ីល DF-17 ត្រូវបានជំនាញការយោធាចិន គិតថាវាអាចរត់ចម្ងាយពី១៨០០ ទៅ២ពាន់ ៥រយគីឡូម៉ែត្រ។ មីស៊ិលនេះមានប្រវែង១១ម៉ែត្រ។ មីស៊ីលនេះមានល្បឿន៣គីឡូម៉ែត្រក្នុងមួយនាទី។ វាមានទម្ងន់ ១ម៉ឺន ៥ពាន់គីឡូក្រាម។ មីស៊ីលនេះអាចបំពាក់ក្បាលនុយក្លេអ៊ែរ។ មីស៊ីលនេះ ត្រូវបានផលិតឡើងរយៈពេល៣ឆ្នាំមកហើយដោយបានធ្វើតេស្ដសាកល្បងចំនួន៩លើក មកហើយ ។

តែបែបនេះក្ដី សារព័ត៌មាន Taiwan newsអះអាងថាមីស៊ីលនេះនៅតែមានចំណុចខ្វះខាត គឺចាញ់មីស៊ីលប្រព័ន្ធការពារដែនអាកាសរបស់ តៃវ៉ាន់ដែលទើបទទួលបានពីសហរដ្ឋអាមេរិគគឺមីស៊ីលPAC-3។ វា ជា មីស៊ីលដែលបាញ់ពីផ្ទៃដីទៅលើអាកាស ហើយពិបាកឱ្យភាគីម្ខាងទៀតចាប់បានមីស៊ីលនោះណាស់ព្រោះវាបាញ់ចំគោលដៅតែមិនមែនបាញ់ត្រង់និងរត់ត្រង់នោះទេ។ មីស៊ីលនេះវាអាចបាញ់ដល់ទីក្រុងប៉េកាំងទៀតផង។

បណ្ណាធិការសារព័ត៌មានតាំវ៉ាន់វ៉ា Andrei Chang បានឱ្យដឹងថាការដាក់ពង្រាយមីស៊ីលរបស់ចិនមកកៀកនឹងកោះតៃវ៉ាន់ គឺជាការពង្រីកយុទ្ធសាស្រ្ដរបស់មូលដ្ឋានកងកំលាំងដែនអាកាសជើងទឹក និងរ៉ុក្កែតរបស់ចិន។

តាមលោក Andrei Chang គឺច្បាស់ណាស់ដែលថា ចិនពិតជាមិនទុកពេលវេលាយូរទៀតនោះទេ ចំពោះផែនការវាយប្រហារលើកោះតៃវ៉ាន់។

លោក បន្ថែមថា តៃវ៉ាន់គួរមានការប្រុងប្រយ័ត្នដែលថាចិនមានប្រព័ន្ធការពារមីស៊ីលព្រោះភាគខាងត្បូងនៃដែនដី របស់ចិនគឺមានប្រព័ន្ធការពារដែនកាសដ៏ខ្លាំង របស់រុស្ស៊ីមីស៊ីល S-400។

លោកថាប្រព័ន្ធការពារដែនអាកាសនិងមីស៊ីល របស់រុស្ស៊ីនេះ អាចបាញ់សន្ធប់លើកោះតៃវ៉ាន់ទាំងមូលហើយមីស៊ីលនេះអាចវាយប្រហារយន្តហោះចម្បាំងតៃវ៉ាន់ប្រភេទប្រដេញទៀតផផង។

ប្រធានាធិបតីតៃវ៉ាន់អ្នកស្រីសាយអ៊ឹងវិនកាលពីថ្មីៗនេះបានថ្លែងសារដោយទទួលស្គាល់ថា ដែនកោះតៃវ៉ាន់ទាំងមូលពិតជាបានរងការគម្រាមកំហែងខ្លាំងក្លាពេកហើយពីសំណាក់ចិន ។ អ្នកស្រី ទទូចសុំឱ្យអន្ដរជាតិត្រូវ ឃ្លាំមើលសកម្មភាពរបស់ចិន។

លោក Su Tzu-yun អ្នកវិភាគយោធានៅវិទ្យាស្ថាន ស្រាវជ្រាវសន្ដិសុខជាតិតៃវ៉ាន់បានប្រាប់បណ្ដាញផ្សាយព័ត៌មាន Channel News Asia ថា មីស៊ីល DF-17 អាចប្រើប្រាស់ដើម្បីវាយប្រហារលើដែនកោះតៃវ៉ាន់ ព្រោះតែវាមានរយៈចម្ងាយឆ្ងាយ ហើយមីស៊ីលនោះអាចប្រហែលនឹងយកទៅប្រើប្រាស់ដើម្បីបាញ់ស្កាត់នាវាចម្បាំងអាមេរិកនៅមូលដ្ឋានទ័ពអាមេរិកនៅសមុទ្រចិនខាងត្បូង។

លោកអះអាងថាមីស៊ីលនោះមិនទំនងតែប្រើប្រាស់ដើម្បីបាញ់លើកោះតៃវ៉ាន់តែនោះទ គឺអាចនឹងបាញ់គម្រាមនាវាចម្បាំងអាមេរិកមិនឱ្យចូលមកច្រកសមុត្រតៃវ៉ាន់អោយ ទាន់ពេលវេលាដើម្បី មកជួយតៃវ៉ាន់។

យ៉ាងណាអ្នក ស្រីប្រធានាធិបតីតៃវ៉ាន់ ក៏បានប្រកាសថាកងទ័ពតៃវ៉ាន់ ពិតជាបានត្រៀមរួចហើយ ដើម្បីការពារដែនកោះរបស់ខ្លួនទោះក្នុងតំលៃណាក៏ដោយ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស