លោក ហ៊ុន សែន បានព្រមាន ក្រុមអ្នកតវ៉ាដែលបានរៀបគម្រោងចង់នាំគ្នាមកធ្វើបាតុកម្មនៅរាជធានីភ្នំពេញនៅថ្ងៃគម្រប់ខួបលើកទី ២៩ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ។ លោកថា លោកបានដឹងអស់ហើយនូវមុខសញ្ញាដែលមានផែនការធ្វើឲ្យមានភាពវឹកវរនៅថ្ងៃទី២៣ ខែតុលា ខាងមុខនេះ។
លោក ហ៊ុន សែន គំរាម ថា ក្រុមអ្នករៀបគម្រោងពីបរទេសដើម្បីឲ្យអ្នកក្នុងស្រុកដាក់ញ្ញត្តិស្នើរសុំធ្វើបាតុកម្មនៅមុខស្ថានទូតចិន គឺជាការបង្ករភាពរញ៉េរញ៉ៃដល់សង្គម ត្បិតកម្ពុជាកំពុងរងវិបត្តិទឹកជំនន់ផង និងវិបត្តិកូវីដ១៩ ដូច្នេះសូមក្រុមអ្នកតវ៉ាទាំងនោះប្រយ័ត្នពីទង្វើរបស់ពួកគេឲ្យមែនទែន។
លោកអះអាងថា រូបលោកផ្ទាល់ជាអ្នកចរចា និងបានចុះហត្ថលេខាដើម្បីឲ្យមានកិច្ចព្រមព្រៀងនេះឡើងជាមួយបណ្តាប្រទេសជាម្ចាស់ហត្ថលេខីមួយចំនួនទៀត ជាងនេះទៀត លោកបានលើកជាសំនួរថា តើក្រុមអ្នកតវ៉ាទាំងនោះស្គាល់កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះច្បាស់ដែរឬទេ? ហើយថា តើកិច្ចព្រមព្រៀងនេះមានអត្ថន័យយ៉ាងណានោះ?
ការព្រមាននេះធ្វើឡើងក្នុងពិធីចែកអំណោចដល់ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នេះ។
ជុំវិញការលើកឡើងនេះ បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយចាស់វស្សា បានបង្ហោះសារលើបណ្តាញសង្គមថា ខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ គឺជាការបញ្ចប់សង្គ្រាមឈ្លានពានពីបរទេស និងធានានូវសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរឲ្យបានពេញលេញ ព្រមទាំងអធិបតេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដីកម្ពុជា។
ជាមួយគ្នានេះលោកបណ្ឌិតឡៅ ម៉ុងហៃ បានបញ្ជាក់កាលពីថ្ងៃច័ន្ទដែរថា តាមការប្រកាសរបស់មេដឹកនាំស៊ីវិល និងយោធាថ្មីៗនេះ ហាក់ដូចជាមានការរៀបចំជាប្រព័ន្ធដើម្បីបង្រ្កាបការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ខាងសារពត៌មាន ខាងការបោះពុម្ពផ្សាយ និងខាងការជួបប្រជុំ ក្រោមហេតុផលការពារសន្តិភាព ការអភិវឌ្ឍន៍ និងដើម្បីប្រឆាំងនឹងបដិវត្តពណ៌ជាដើម។
ដោយឡែកខាងក្រៅប្រទេសវិញបណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា កម្ពុជារងការបំពានទឹកដីពីប្រទេសជិតខាង ការហូរចូលជនជាតិវៀតណាម និង ចិន មករស់នៅ ព្រមទាំងការរងសម្ពាធពីប្រទេសជិតខាង និងមហាអំណាច។ លើសពីនេះ កម្ពុជាត្រូវបានស្រូបចូលក្នុងជម្លោះរវាងមហាអំណាចចិន និងមហាអំណាចអាមេរិកផង។
លោកថា ដើម្បីឱ្យខ្មែររំដោះខ្លួនចេញពីស្ថានការណ៍អាក្រក់ៗទាំងនេះ គឺមានតែការគោរពអនុវត្តឱ្យបានត្រឹមត្រូវពីសំណាក់រាជរដ្ឋាភិបាលខ្មែរ និងរដ្ឋាភិបាលប្រទេសជាហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ និងរដ្ឋធម្មនុញ្ញកម្ពុជាផងដែរ។
ចំណែកលោក គឹម សុខ អ្នកវិភាគនយោបាយសង្គមបានប្រាប់សាព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ពលរដ្ឋគួរធ្វើការតវ៉ាចម្រុះទិសដើម្បីទាញរដ្ឋាភិបាលកម្ពុជាឲ្យមកគោរពច្បាប់ជាតិ និងច្បាប់អន្តរជាតិឡើងវិញ ស្របពេលដែលកម្ពុជាកំពុងបាត់បង់ការគោរពសិទ្ធិមនុស្ស និងធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ ដោយសារលោក ហ៊ុន សែន ដឹកនាំប្រទេស មិនគោរពកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស៍ឆ្នាំ១៩៩១។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ (Paris Peasce Accords) គឺជាកិច្ចព្រមព្រៀងមួយ ស្តីពីដំណោះស្រាយនយោបាយដើម្បីបញ្ចប់ជម្លោះនៅកម្ពុជា ធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងគោលបំណងឈានទៅរកការបង្រួបបង្រួមជាតិ គោរពសិទ្ធិមនុស្ស ឯករាជភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ដែលមានការចូលរួមពីប្រទេសចំនួន ១៩ លើសកលលោក។ ក្នុងកិច្ចប្រជុំនោះរកដំណោះស្រាយនោះ រួមទាំងកម្ពុជាខ្លួនឯងផង បានចុះហត្ថលេខាទទួលស្គាល់បទបញ្ញត្តិនានាដែលមានចែងក្នុងកិច្ចព្រមព្រៀងសនេះ កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១ មកម្លេះ។
កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ម្សិលម៉ិញ អង្គការសមាគមប្រមាណជាង ២០ ស្ថាប័ន បានដាក់ញ្ញត្តិជាលើកទី២ទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសុំជួបជុំគ្នាប្រមាណ១ពាន់នាក់ ក្នុងបំណងដើម្បីរៀបចំរំឭកខួប២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅបរិវេណទីលានប្រជាធិបតេយ្យ នៅថ្ងៃទី២៣ ខែតុលា ខាងមុខនេះ ក្រោមប្រធានបទ ២៣តុលា នាំមកនូវការបង្រួបបង្រួមជាតិ សន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ ប៉ុន្តែមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបដិសេធទទួលលិខិតរបស់ពួកគេ។
សកម្មជនការពារសិទ្ធិមនុស្សនៅកម្ពុជារិះគន់ថា រដ្ឋាភិបាលកម្ពុជាតែងធ្វើអ្វីតាមអំពើចិត្តរបស់ខ្លួនដោយប្រើប្រព័ន្ធតុលាការជាឧបករណ៍ដើម្បីចោទប្រកាន់ និងចាប់ខ្លួនអ្នកតវ៉ាទាមទារសិទ្ធិសេរីភាព ទោះការទាមទារនោះស្រមទៅនឹងរដ្ឋធម្មនុញ្ញ ឬស្រមទៅនឹងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ឆ្នាំ១៩៩១ យ៉ាងណាក៏ដោយ៕