27.5 C
Phnom Penh

បាតុករគាំទ្ររាជានិយមនៅថៃផ្ទុះទូទាំងប្រទេសបង្ហាញការការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បាតុកម្មរបស់ក្រុមនិស្សិត និងយុវជនវ័យក្មេងរបស់ថៃ កំពុងតែមានឥទ្ធិពលទៅលើស្ថាប័នរដ្ឋាភិបាល និងរដ្ឋសភា ដែលទាមទារឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កាត់បន្ថយអំណាចរាជបល្ល័ង្គ និងទម្លាក់នាយករដ្ឋមន្រ្ដីប្រាយុទ្ធចាន់អ៊ូចាចេញពីដំណែង។

សេចក្ដីរាយការណ៍របស់កាសែតthe nation បានចុះផ្សាយថា មានការប្រមូលផ្ដុំនូវក្រុមពួករាជានិយមស្ទើរទូទាំងប្រទេសនៅថ្ងៃពុធទី២១តុលានេះដោយប្រមូលផ្ដុំគ្នាពី ១រយនាក់ ទៅ២រយ នាក់ឡើងទៅ។

នៅទីក្រុងបាងកកក្រុមអាវលឿងដែលមានសញ្ញាណជាអ្នកលើកស្ទួយរបបរាជានិយមបានប្រមូលផ្ដុំគ្នាមួយកន្លែងដែលមានគ្នា២រយនាក់ គឺធ្វើឡើងកាលពីព្រឹកមិញនេះ ហើយក្រោមការឃ្លាំមើលរបស់សមត្ថកិច្ចប៉ូលីស។

ប៉ុន្ដែក្រុមអាវលឿង ឈរធ្វើបាតុកម្មដោយស្ងៀមស្ងាត់និងមានសណ្ដាប់ធ្នាប់ដោយដៃកាន់ទង់ជាតិ និងរូបថតអតីតព្រះមហាក្សត្រ និងមហាក្សត្របច្ចុប្បន្ននេះ។

តាមប្រភពដដែលនេះគោលដៅនៃការថ្វើបាតុកម្មរបស់ក្រុមអាវលឿង គឺមានតែមួយគត់គឺបង្ហាញការគាំទ្ររបបរាជានិយម។ តាមប្រភពដដែលនេះគឺនៅតំបន់ភាគខាងជើងប្រទេសដែលជាតំបន់ដ៏រឹងមាំរបស់អ្នកគាំទ្រអតីតនាយករដ្ឋមន្រ្ដីថាក់ស៊ីន ហើយជាតំបន់ដែលពុំសូវសម្បូរអ្នកគាំទ្រព្រះរាជាក៏មានការប្រមូលផ្ដុំបាតុករអាវលឿងផងដែរ។

ដោយឡែកនៅតំបន់ភាគខាងត្បូងជាតំបន់ជម្រករបស់ពួកប៉ុនប៉ុងបំបែករដ្ឋនៃក្រុមមូស្លីម ក៏មានក្រុមស្មោះត្រង់ នឹងរបបរាជានិយមប្រមូលផ្ដុំផងដែរដោយមានគ្នាពី៥រយនាក់ ទៅ១ពាន់នាក់។

ស្របពេលដែលក្រុមអាវលឿងបង្ហាញការប្រឆាំងទៅលើក្រុមបាតុករយុវជនវ័យក្មេងដែលទាមទារកាត់បន្ថយអំណាចរបស់ក្រុមប្រឹក្សារាជបល្ល័ង្គ គឺក្រុមបាតុករដែលភាគច្រើនជានិស្សិតមកពីសកលវិទ្យាល័យនានាបានចាប់ផ្ដើមប្រមូលផ្ដុំគ្នាតាមទម្លាប់ គឺនៅម៉ោង៤រសៀលដោយដង្ហែរក្បួនដើរនៅមហាវិថីមួយចំនួនរបស់ទីក្រុងហើយនៅតែស្រែកតវ៉ាឱ្យបញ្ចប់ការគ្រប់គ្រងរបស់លោកប្រាយុទ្ធចាន់អ៊ូចាដែលកើតចេញពីការធ្វើរដ្ឋប្រហារនៅឆ្នាំ២០១៤។

សេចក្ដីរាយការណ៍របស់សារព័ត៌មានថៃ the nation បានចុះផ្សាយ ថា ពួកបាតុករវ័យក្មេងទាំងនោះចែកជាច្រើនក្រុមដែលមានគ្នាពី២ពាន់នាក់ទៅ៥ពាន់នាក់ឡើងទៅដោយធ្វើដំណើរទៅកាន់វិមានរដ្ឋាភិបាល។

បាតុករវ័យក្មេងទាំងនោះប្រើប្រាស់ឆ័ត្រ និងសំលៀកបំពាក់ច្រើនតែពណ៌ខ្មៅ ពួកគេសំដៅទៅវិមានរដ្ឋាភិបាលដើម្បីប្រាប់លោកប្រាយុទ្ធចាន់អ៊ូចា ដែលជានាយករដ្ឋមន្រ្ដីប្រឈមមុខនឹងការទាមទារចុះចេញពីតំណែងនេះគឺឱ្យលើកចោលបម្រាមដែលដាក់ប្រទេសស្ថិតក្នុងគ្រាមានអាសន្ន។

មិនតែប៉ុណ្ណោះ ពួកបាតុករក៏បានទាមទារឱ្យតុលាការទុកជាមោឃៈនូវច្បាប់គ្រាមានអាសន្នដែលដាក់ទីក្រុងបាងកកស្ថិតនៅក្នុងច្បាប់ពិសេសមួយនេះ។ ច្បាប់ពិសេសមួយនេះហាមការជួបជុំគ្នាចាប់ពី៥នាក់ឡើងទៅព្រោះតែអាជ្ញាធរបារម្ភពីការឆ្លងជំងឺកូវីដ១៩។

ប៉ុន្ដែបាតុករមិនបានគោរពអនុវត្តតាមបម្រាមរបស់រដ្ឋាភិបាលនោះទេ។ សេចក្ដីរាយការណ៍មួយទៀត នៃបណ្ដាញផ្សាយព័ត៌មានម៉ាឡេស៊ី The Strait Times បានចុះផ្សាយថា លោកប្រាយុទ្ធបានប្រជុំជាមួយសមាជិកគណៈរដ្ឋមន្រ្ដីរបស់លោកដើម្បីលុបចោលបម្រាមនេះ។ លោកប្រាយុទ្ធបាននិយាយថា លោកចង់កាត់បន្ថយភាពតានតឹងនៅក្នុងទីក្រុងបាងកក ប៉ុន្ដែលោកបានព្រមានថាប្រសិនបើកការតវ៉ាបង្កហិង្សាលោកនឹងមានវិធានការនេះឡើងវិញ។

បម្រាមរបស់រដ្ឋាភិបាលលោកប្រាយុទ្ធបានដាក់ចុះភ្លាមៗកាលពីថ្ងៃព្រហស្បត្តិ៍សប្ដាហ៍កន្លងទៅនេះនៅពេលដែលបាតុករបានប្រមូលផ្ដុំគ្នាប៉ះទង្គិចជាមួយបាតុករក្រុមអាវលឿងដែលគាំទ្ររបសរាជានិយម។

លោកប្រាយុទ្ធបាននិយាយថា គេត្រូវតែពិនិត្យមើលស្ថានភាពឱ្យបានច្បាស់ាលសាស់ថាតើការលើកចោលបម្រាមនេះថាតើអាចជះប្រតិកម្មត្រលប់មកវិញដោយរបៀបណា។

អ្នកសង្កេតការណ៍ នៅតែព្រមានថា បាតុករនៃក្រុមចលនានិស្សិតអាចនឹងកាន់តែមានសន្ទុះនៅក្នុងការប្រមូលផ្ដុំគ្នាសម្រាប់ចុងសប្ដាហ៍នេះ ប្រសិនបើការទាមទាររបស់បាតុករនៅតែស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ដោយការឆ្លើយតបពីលោកប្រាយុទ្ធឬក៏ពីរដ្ឋសភា។

អ្នកសង្កេតការណ៍មើលឃើញថា ការដែលក្រុមអាវលឿនចេញបង្ហាញខ្លួនការពាររបបរាជានិយមគឺមើលឃើញពីចរន្ដពីរកើតមាននៅក្នុងរាជាណាចក្រនេះគឺចរន្ដដែលមានភាពសម្អប់នឹងរបបរាជានិយមនិងចរន្ដស្មោះត្រង់និងញាតិវង្ស។

លោកប្រាយុទ្ធចាន់អ៊ូចាបានប្រកាសថា ញត្តិរបស់បាតុករដែលទាមទារឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនឹងត្រូវបានលើកចូលទៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃរដ្ឋសភានៅថ្ងៃទី២៦ និង ២៧តុលាសប្ដាហ៍ក្រោយនេះ។

ប៉ុន្ដែកិច្ចប្រជុំនេះអាចប្រព្រឹត្តទៅបានលុះត្រាតែព្រះមហាក្សត្រអនុម័តយល់ព្រមផងដែរព្រោះជាកិច្ចប្រជុំវិសាមញ្ញ។ បាតុករបានហៅការបន្ទន់ឥរិយាបថរបស់រដ្ឋាភិបាលនិងរដ្ឋសភាដែលឈានទៅដល់ការបើកកិច្ចប្រជុំដើម្បីពិភាក្សាអំពីញត្តិរបស់ពួកគេគឺជាជោគជ័យដំណាក់កាលដំបូង។

ប៉ុន្ដែសេចក្ដីរាយការណ៍ចុងក្រោយមួយទៀតបានចុះផ្សាយថាបាតុកររបស់ចលនានិស្សិតបានដាក់ឱសានវាទ២៤ម៉ោងឱ្យដោះលែងបាតុករទាំងអស់ដែលត្រូវបានចាប់ខ្លួនគឺមានជិត៨០នាក់ហើយមកដល់ពេលនេះនិងដកចេញវិញច្បាប់គ្រាមានអាសន្ន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស