នយោបាយ

អង្គការHuman Right Watch ថាកម្ពុជាឈានទៅរកការដឹកនាំបែបផ្តាច់ការ និងឯកបក្ស

By ឌឹ ខេមបូឌា ដេលី

October 24, 2020

អង្គការឃ្លាំមើលសិទិ្ធមនុស្ស Human Right Watch បានលើកឡើងថា កម្ពុជាបានបង្កើនល្បឿនក្នុងការដឹកនាំប្រទេសបែបផ្តាច់ការ និងឯកបក្ស ដោយមានមន្ត្រីជាន់ខ្ពស់បាត់ដៃកខ្វក់ជាឆ្អឹងខ្នង។

ក្នុងរបាយការណ៍របស់ខ្លួនដែលទើបបកប្រែជាភាសាខ្មែរដោយប្រើរយៈពេលជាង១ឆ្នាំ កម្រាស់ជិត៣រយទំព័រដែលចេញផ្សាយនៅថ្ងៃទី ២២ ខែតុលានេះ Human Right Watch ក្រោមចំណងជើងថា ឧត្តមសេនីយ៍បាត់ដៃកខ្វក់ទាំង១២នាក់របស់កម្ពុជា និងប្រវត្តិដ៏យូរអង្វែងនៃការរំលោភបំពានសិទ្ធិមនុស្សដោយឧត្តមសេនីយ៍របស់លោកហ៊ុន សែន ។

ក្រៅពីចេញរបាយការណ៍ដែលបកប្រែជាភាសាខ្មែរនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ក៏បានចេញវីដេអូមួយដែលបង្ហាញពីទ្រព្យសម្បត្តិរបស់ឧត្តមសេនីយ៍ទាំង១២នាក់នោះ និងសមាជិកគ្រួសាររបស់ពួកគេផងដែរ។

Human Right Watch និយាយថា ចាប់តាំងពីការចេញផ្សាយរបាយការណ៍ជាភាសាអង់គ្លេសនៅឆ្នាំ ២០១៨ លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចបានបន្តទទួលបានអត្ថប្រយោជន៍ពីការគាំទ្រឥតសំចៃមាត់របស់មន្រ្តីជាន់ខ្ពស់នៅក្នុងជួរកងរាជអាវុធហត្ថ និងប៉ូលីសដើម្បីលុបបំបាត់រាល់គូប្រជែងនយោបាយទាំងអស់ប្រកបដោយប្រសិទ្ធភាព។

លើសពីនេះ ការចូលរួមរំលាយគណបក្សសង្រ្គោះជាតិកាលពីចុងឆ្នាំ២០១៧ដែលជាបក្សប្រឆាំងដ៏សំខាន់មួយ ដែលជាហេតុធ្វើឱ្យការបោះឆ្នោតជាតិកាលពីខែកក្កដាឆ្នាំ ២០១៨ ប្រែទៅជាការបោះឆ្នោតដែលគ្មានន័យទាល់តែសោះ។

ប្រភពដដែលអះអាងថា រហូតមកដល់បច្ចុប្បន្ននេះប្រទេសកម្ពុជាមានអ្នកទោសនយោបាយជាង ៥០នាក់ និងរាប់សិបនាក់ទៀតកំពុងប្រឈមនឹងការចោទប្រកាន់ទៀតផង។

របាយការណ៍នេះ បានបង្ហាញពីមន្រ្តីសន្តិសុខជាតិជាន់ខ្ពស់ចំនួន ១២ នាក់ដែលជាឆ្អឹងខ្នងដ៏សំខាន់នៃរបបនយោបាយមួយដែលរំលោភបំពានសិទ្ធិមនុស្ស និងផ្តាច់ការផងដែរ។

មន្ត្រីជាន់ខ្ពស់គ្រប់គ្រងផ្នែកសន្តិសុខជាតិទាំងចំនួន១២រូបនោះ រួមមាន លោក ប៉ុល សារឿន, លោក គន់ គីម, លោក សៅ សុខា, លោក នេត សាវឿន, លោក ជា ម៉ន, លោក ប៊ុន សេង, លោក ជឿន សុវណ្ណថា, លោក ចាប ភក្តី, លោក រ័ត្ន ស៊្រាង, លោក សុខ ផល, លោក ម៉ក់ ជីតូ និងលោក ជួន សុវណ្ណ។

ចាប់តាំងពីឆ្នាំ ២០១៨ មក មនុស្សសំខាន់ ៣ នាក់ក្នុងចំណោម ១២ នាក់ ត្រូវបានលោកហ៊ុន សែន តំឡើងឋានៈផុតដៃកងទ័ព ហើយម្នាក់បានស្លាប់ នោះគឺលោក ជា ម៉ន។

របាយការណ៍ដដែលនេះ បញ្ជាក់ថាមនុស្សសំខាន់ៗទាំង១២រូបរបស់លោក ហ៊ុន សែន គឺពួកគេម្នាក់ៗបានបង្ហាញពីឆន្ទៈក្នុងការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរក្រោមការបញ្ជាផ្ទាល់ពីលោកហ៊ុន សែន។

ជំនួសឱ្យការបម្រើប្រជាពលរដ្ឋ មន្ត្រីគ្រាក់ៗ ទាំងនេះបានធ្វើសកម្មភាពគ្រប់យ៉ាងដើម្បីការពារការអំណាចរបស់លោកហ៊ុន សែន ដែលបានកាន់អំណាចអស់រយៈពេលជាង ៣៥ ឆ្នាំមកហើយ។

លើសពីនេះ ក្នុងអាជីពរបស់ពួកគេ មន្ត្រីគ្រប់គ្រងផ្នែកសន្តិសុខជាតិទាំងនេះបានបម្រើការងារក្នុងមុខតំណែងជារដ្ឋាភិបាល ដោយទទួលប្រាក់ខែតិចតួចបំផុត ប៉ុន្តែពួកគេមានទ្រព្យសម្បត្តិមហាសាល ដែលមិនអាចពន្យល់បាន។

នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ីលោក ប៊្រែដ អាដាមស៍ (Brad Adams) បានអះអាងតាមរយៈសេចក្តីថ្លែងការណ៍នេះថា ជាច្រើនឆ្នាំកន្លងទៅនេះ លោក ហ៊ុន សែន បានបង្កើត និងបណ្ដុះបណ្តាលក្រុមមន្ត្រីស្នូលផ្នែកសន្តិសុខ ដែលពួកគេបានធ្វើតាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រីយ៉ាងឃោរឃៅ និងព្រៃផ្សៃបំផុត ។

ភាពឃោរឃៅ និងព្រៃផ្សៃ របស់ឧត្តមសេនីយលោកហ៊ុន សែន បានបង្ហាញកាន់តែច្បាស់ ជាមួយនឹងការបង្ក្រាបជាប្រព័ន្ធ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះដោយប្រឆាំងនឹងអ្នកកាសែត ប្រឆាំងអ្នកនយោបាយបក្សប្រឆាំង និងបង្ក្រាបទៅលើក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលជាដើម។

ទោះបីជាយ៉ាងនេះក្តី លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីពេលថ្មីៗនេះ បានបញ្ជាក់បន្ថែមថា លោកគ្មានអ្វីត្រូវរុញរាលក្នុងការការពារ សន្តិភាពដែលលោកអះអាងថារកបានដោយកម្រនោះទេ។

លោកថា ដើម្បីសន្តិភាពសម្រាប់មនុស្សជាង១៦លាននាក់នៅកម្ពុជា លោកមិនញញើតក្នុងការបង្ក្រាបទៅលើក្រុមមនុស្សដែលចង់បំផ្លាញសន្តិភាពនោះឡើយ។

នៅថ្ងៃទី ២២ ខែតុលានេះ លោកហ៊ុន សែន បញ្ជាក់ពីខេត្តបន្ទាយមានជ័យ ដោយប្រតិកម្មតបទៅនឹងអ្នករិះគន់ការដឹកនាំរបស់លោកថា ជាសន្តិភាពដែលគ្មានសង្រ្គាមប៉ុណ្ណោះ ខណៈពលរដ្ឋមិនមានសន្តិភាពផ្លូវចិត្តនោះឡើយ។ ជាការឆ្លើយតបលោកថា ដើម្បីឱ្យមានសុខសន្តិភាពផ្លូវចិត្ត ទាល់តែកុំធ្វើរឿងខុសច្បាប់ ។

យ៉ាងនេះក្តី លោក ប្រែត អាដាម បានទៀតនិយាយថា“ គ្មានជនផ្តាច់ការណាម្នាក់អាចឈានដល់ចំណុចកំពូល ដោយគ្មានការគាំទ្រពីមនុស្សឃោរឃៅដទៃទៀតនោះឡើយ” ។ “

លោកថា ក្រោមការបញ្ជារបស់លោកហ៊ុន សែន គឺជាក្រុមឧត្តមសេនីយ៍មួយក្រុមដែលធ្វើបាប និងបំភិតបំភ័យប្រជាជនកម្ពុជា ដោយការបំផ្លាញមូលដ្ឋានគ្រឹះនៃនយោបាយពហុបក្សនិយម និងលទ្ធិប្រជាធិបតេយ្យ ៕