អ្នកវិភាគនយោបាយចាស់វស្សា លោកបណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ២៣ តុលាឆ្នាំ១៩៩១ គឺនៅមានចំណុចខ្វះខាត ដោយមិនបានកំណត់ឱ្យដកនិគមជន វៀតណាមចេញពីកម្ពុជា។
លើកឡើងលើគណនីហ្វេសប៊ុកផ្ទាល់នៅថ្ងៃទី ២៣ តុលា ចំថ្ងៃប្រារព្ធខួបលើកទី ២៩ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស៍ ២៣ តុលានេះ បណ្ឌិត ឡៅ ម៉ុងហៃ បានបង្ហាញពីវិប្បដិសារីសោកស្តាយជាខ្លាំង ដោយមិនបានទាមទារឱ្យមានការដកនិគមជនវៀតណាមទាំងអស់ចេញពីកម្ពុជា ដោយបញ្ជូនទៅកាន់ស្រុករបស់ពួកគេវិញ។
លោកឱ្យដឹងដែរថា ជនជាតិវៀតណាមទាំងនោះ បានចូលមកនៅកម្ពុជាជាមួយកងទ័ពវៀតណាម ដែលបានចូលមកឈ្លានពានកម្ពុជា ផ្តួលរំលំរបបខ្មែរក្រហមតាំងពីថ្ងៃទី ២៥ខែធ្នូ ឆ្នាំ១៩៧៨។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់បានលើកឡើងនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា ជនជាតិវៀតណាមដែលរស់នៅកម្ពុជា មិនស្របច្បាប់ រួមមានជនជាតិវៀតណាមនៅប្រទេសកម្ពុជាមុនឆ្នាំ១៩៧៥ គឺជាអន្តោប្រវេសន៍។
លោកបន្តថា ក្នុងសម័យរដ្ឋាភិបាលស្របច្បាប់ របស់លោក សេនាប្រមុខ លន់ ណុល បានបណ្តេញជនអន្តោប្រវេសន៍ទាំងនោះ ទៅប្រទេសវៀតណាមខាងត្បូង ហើយរដ្ឋាភិបាលស្របច្បាប់វៀតណាមខាងត្បូងពេលនោះបានទទួលយកពួកគេឲ្យទៅរស់នៅប្រទេសរបស់ពួកគេវិញ។
ដោយឡែកនៅសម័យខ្មែរក្រហម លោកថា អត់មានជនជាតិវៀតណាមនៅកម្ពុជាទេ ប៉ុន្តែជនជាតិវៀតណាមបានចូលមករស់នៅក្នុងប្រទេសកម្ពុជាជាមួយកងទ័ពវៀតណាមដែលចូលមកកាន់កាប់ត្រួតត្រាកម្ពុជា ជានិគមជន ហើយបញ្ហានេះលោកថា ខុសច្បាប់អន្តរជាតិ។
លោកបន្តថា ជនជាតិវៀតណាមត្រូវត្រឡប់ទៅប្រទេសវៀតណាមវិញ នៅពេលកងទ័ពវៀតណាមដកចេញពីកម្ពុជាតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍។
ដូចគ្នាទៅនិង និគមជនជប៉ុន ដែលបានទៅរស់នៅក្នុងភូមិភាគមួយនៃប្រទេសចិន នៅពេលកងទ័ពជប៉ុនបានឈ្លានពាន និងបង្កើតជារដ្ឋមួយដែលខ្លួនត្រួតត្រា ប៉ុន្តែអន្តរជាតិមិនទទួលស្គាល់ ក៏បានត្រឡប់ទៅប្រទេសជប៉ុនវិញដែរ ក្រោយពេលប្រទេសជប៉ុនចាញ់សង្គ្រាមលោកលើកទី២ ព្រមទាំងដកទ័ពចេញពីប្រទេសដែលខ្លួនបានឈ្លានពានថែមទៀតផង។
ក្នុងនាមលោកធ្លាប់ជាតំណាងភាគីសម្តេចបវរសេដ្ឋា សឺន សាន ពេលនោះ បណ្ឌិតឡៅ ម៉ុងហៃ អះអាងថា លោកបានលើកអំពីបញ្ហានិគមជនវៀតណាមនៅក្នុងប្រទេសកម្ពុជាក្នុងសន្និសីទទីក្រុងប៉ារីស៍លើកទី១ នៅឆ្នាំ១៩៨៩ ប៉ុន្តែនៅពេលនោះភាគីរដ្ឋកម្ពុជាបានបដិសេធ ក្រោមហេតុផលថានិគមជនទាំងនោះជាខ្មែរកម្ពុជាក្រោម។
អ្នកវិភាគចាស់វស្សារូបនេះ បន្តថា ជនជាតិវៀតណាមដែលចូលមកប្រទេសកម្ពុជាខុសច្បាប់អន្តោប្រវេសន៍ខ្មែរ គឺជាការរស់នៅដោយខុសច្បាប់។ លើសពីនេះជនជាតិវៀតណាម ដែលមានសញ្ជាតិខ្មែរទាំងខុសច្បាប់ស្តីពីសញ្ជាតិនោះ ក៏ជាការរស់នៅដោយខុសច្បាប់ផងដែរ។
ដោយឡែកជនជាតិវៀតណាមដែលមានសញ្ជាតិខ្មែរមុន និងជំនាន់ អ៊ុនតាក់ គឺខុសច្បាប់ ដោយសាររដ្ឋាភិបាលដែលបង្កើតឡើងដោយកងទ័ពវៀតណាមនៅថ្ងៃទី ៧ខែមករា ឆ្នាំ១៩៧៩ គឺជារដ្ឋាភិបាលខុសច្បាប់ ដែលអន្តរជាតិអត់បានទទួលស្គាល់។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍២៣ តុលា ឆ្នាំ១៩៩១ ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយដែលនាំដល់របត់នយោបាយថ្មីនៅកម្ពុជា។ កិច្ចព្រមព្រៀងនេះ មានប្រទេសជិត២០បានចូលរួមចុះហត្ថលេខាព្រមទាំងភាគីទាំង៤របស់កម្ពុជាផង ដោយមានគោលដៅសំខាន់ៗ មួយចំនួនរួមមាន រៀបចំឲ្យមានសន្តិភាពឡើងវិញនៅប្រទេសកម្ពុជា តាមរយៈការអនុវត្តន៍បទឈប់បាញ់ និងការរំសាយអាវុធក្នុងជួរកងទ័ព នៃភាគីជម្លោះខ្មែរទាំង៤ ក្រោមការឃ្លាំមើលរបស់អ៊ុនតាក់។
បន្ថែមពីនេះត្រូវលុបចោលរាល់សន្ធិសញ្ញា អនុសញ្ញា ឬ កិច្ចព្រមព្រៀងដែលមានមុនកិច្ចព្រមព្រៀងនេះដែលភាគីរដ្ឋាភិបាលក្រុងភ្នំពេញ បានធ្វើជាមួយបរទេស ពិសេសប្រទេសវៀតណាមត្រូវចាត់ទុកជាមោឃៈ ព្រោះរដ្ឋាភិបាលលោកហ៊ុន សែន ពេលនោះ ត្រូវបានគេចាត់ទុកថាជារដ្ឋាភិបាលអាយ៉ង លើកបន្តុបដោយវៀតណាម។
ជាងនេះទៀត កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ បានចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោតសភាធម្មនុញ្ញ។ កិច្ចព្រមព្រៀងនេះ ក៏បានធានា និងការពារអធិបតេយ្យ ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបំពានបានឡើយនូវទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជាជាដើម។
យ៉ាងនេះក្តី ២៩ឆ្នាំទៅហើយ កិច្ចព្រមព្រៀងសន្តិភាពមួយនេះ ត្រូវបានគេមើលឃើញថារងការរំលោភបំពានពីប្រទេសជាហត្ថលេខី និងមិនបានអនុវត្តឱ្យបានខ្ជាប់ខ្ជួននៅចំណុចមួយចំនួនពីសំណាក់រដ្ឋាភិបាល បច្ចុប្បន្ន។
សកម្មភាពរំលោភបំពានអធិបតេយ្យភាពកម្ពុជា បង្ហាញឱ្យឃើញជាក់ស្តែងតាមរយៈព្រឹត្តិការណ៍បោះតង់រាប់រយនៅតាមបណ្តោយព្រំដែនកម្ពុជាចំណុចមិនទាន់ឯកភាពគ្នាពីសំណាក់យោធាវៀតណាមថ្មីៗនេះ និងការទាមទារមេដឹកនាំខ្មែរម្តងហើយម្តងទៀត ឱ្យមើលថែរក្សាជនជាតិវៀតណាមដែលរស់នៅខុសច្បាប់ ក្នុងទឹកដីខ្មែរ ពីសំណាក់មេដឹកនាំវៀតណាម ព្រមទាំងសកម្មភាពមួយចំនួនទៀត។
ការឈ្លោះគ្នារវាងមហាអំណាចលោកសេរីអាមេរិក និងមហាអំណាចកុម្មុយនីស្តចិន នៅលើទឹកដីខ្មែរម្តងហើយម្តងទៀត ក្នុងរយៈពេលចុងក្រោយនេះ ព្រមទាំងបញ្ហាសង្ស័យចិនប្រើប្រាស់ទឹកដីខ្មែរដើម្បីបម្រើមូលដ្ឋានយោធារបស់ខ្លួន។
ដោយឡែកបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សេរីភាពនៃការបញ្ចេញមតិ សិទ្ធិជួបប្រជុំ សិទ្ធិនយោបាយ ប្រព័ន្ធតុលាការឯករាជ្យ ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានក្រុមអ្នកឃ្លាំមើលសង្គមមើលឃើញថា ភាគីរដ្ឋាភិបាលមិនបានអនុវត្តឱ្យបានពេញលេញនោះឡើយ។
ជាក់ស្តែងក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយនេះ ចាប់តាំងពីមានការចាប់ខ្លួនមេដឹកនាំបក្សសង្រ្គោះជាតិដាក់គុក ការរំលាយ និងដកហូតដំណែងមន្ត្រីរបស់បក្សនេះ ព្រមទាំងការបង្ក្រាបទៅលើសំឡេងជំទាស់ឥតស្រាកស្រាន្តនោះ សហគមន៍ជាតិ និងអន្តរជាតិ ចាត់ទុកថាជាការបំផ្លាញមូលដ្ឋានគ្រឹះលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស ដែលជាការដើរផ្ទុយពីខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ទាំងស្រុង៕