តំណាងរាស្រ្តអតីតគណបក្សសង្គ្រោះជាតិលោក ហូ វ៉ាន់ អះអាងថា ការធ្វើបាតុកម្មរបស់ពលរដ្ឋនៅមុខស្ថានទូតចិនក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទី២៣ ខែតុលា សប្តាហ៍មុន មិនមែនដើម្បីផ្តួលរំលំរដ្ឋាភិបាលនោះទេ ប៉ុន្តែ ពួកគេគ្រាន់តែពួកគេចង់ទប់ស្កាត់មិនឲ្យកម្ពុជាធ្លាក់ក្នុងឥទ្ធិពលនៃមហាអំណាចចិន ហើយចង់ឃើញកម្ពុជាស្ថិតក្នុងជំហរអាព្យាក្រិត្យស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសប៉ុណ្ណោះ។
ការអះអាងរបស់លោក ហូ វ៉ាន់ ធ្វើឡើងក្រោយពីលោក ហ៊ុន សែន នៅព្រឹកថ្ងៃទី២៦ ខែតុលានេះ បានទម្លាយសារជាសម្លេងរបស់តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនិរទេសខ្លួនឯក្រៅប្រទេសរូបនេះ ពីផែនការប្រមូលអ្នកគាំទ្រដើម្បីធ្វើបាតុកម្មនៅមុខស្ថានទូតចិនក្នុងបំណងទាមទារឲ្យចិនដកកងទ័ពរបស់ខ្លួនចេញពីកម្ពុជា ។
ថ្លែងក្នុងពិធីបើកការដ្ឋានសង់ស្ពានឆ្លងទន្លេបាសាក់ ភ្ជាប់ពីកោះពេជ្រទៅកោះនរា និងភ្ជាប់ពីកោះនរា ទៅកាន់ផ្លូវជាតិលេខ១ លោក ហ៊ុន សែន បានព្រមានចំឈ្មោះអតីតមន្រី្តជាន់ខ្ពស់បក្សប្រឆាំង លោក ហូ វ៉ាន់ ឱ្យបញ្ឈប់ជាបន្ទាន់ នូវការរៀបចំគម្រោងគៀងគរពលរដ្ឋឱ្យធ្វើបាតុកម្មមុខស្ថានទូតចិននៅភ្នំពេញតទៅទៀត។
លើសពីនេះ លោកក៏បានព្រមានដោយមិនចំឈ្មោះ ប៉ុន្តែទំនងសំដៅទៅលោក អេង ឆៃអ៊ាង ដែលមានប្រពន្ធរកស៊ីប្តូរប្រាក់ ក្នុងរាជធានីភ្នំពេញ ឱ្យបញ្ឈប់សកម្មភាពរៀបចំបាតុកម្មប្រឆាំងវត្តមានកងទ័ពចិននៅលើទឹកដីខ្មែរនេះជាបន្ទាន់ ប្រសិនបើពួកគេចង់ឱ្យប្រពន្ធកូនដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាបានសុខ។
លោក ហ៊ុន សែន បានចោទថា លោក ហូ វ៉ាន់ ជាមេខ្លោងក្នុងអំពើក្បត់ជាតិដែលបានបញ្ជារឲ្យក្រុមបាតុករតាមប្រព័ន្ធ ZOOM ឲ្យធ្វើបាតុកម្មនៅមុខសា្ថនទូតចិនដើម្បីឲ្យចិនដកកងទ័ពចេញពីកម្ពុជាខណៈកម្ពុជាមិនមានកងទ័ពចិនដូចការចោទប្រកាន់របស់ក្រុមបក្សប្រឆាំងនោះឡើយ។
លោក ក៏បានបដិសេធទៅនឹងការចោប្រកាន់ថា រដ្ឋាភិបាលរបស់លោកបានចុះហត្ថលេខា ប្រគល់កំពង់ផែរៀម ទៅឲ្យចិនរយៈពេល ៣០ ឆ្នាំដើម្បីធ្វើមូលដ្ឋានយោធាក្នុងពេលថ្មីៗនេះ ប៉ុន្តែលោកសូមឲ្យពួកគេបង្ហាញភស្តុតាងទាំងអស់នោះ ដើម្បីបញ្ជាក់ពីការពិតនៃការចោទប្រកាន់របស់អ្នកទាំងនោះ។ លោកបញ្ជាក់ថា គ្មានអ្វីអាចជំនួសតម្លៃសន្តិភាពបានឡើយ ដូច្នេះលោកនឹងចាត់វិធានការចំពោះអ្នកដែលទទួលផែនការបាតុកម្មពីក្រុមក្បត់ជាតិដែលកំពុងរស់នៅឯក្រៅប្រទេស។
ក្នុងសារជាសំឡេងដែលលោកនាយករដ្ឋមន្ត្រី យកមកចាក់បង្ហាញជាសាធារណៈនៅព្រឹកថ្ងៃច័ន្ទនេះ ដែលលោកអះអាងថា ជាសំឡេងលោក ហូ វ៉ាន់នោះ បានបញ្ជាឱ្យអតីតសកម្មជនរបស់ខ្លួនឡើងមកធ្វើការតវ៉ានៅមុខស្ថានទូតចិននៅថ្ងៃទី ២៣ ខែតុលា កន្លងទៅ ដើម្បីប្រឆាំងវត្តមានកងទ័ពចិននៅកម្ពុជា។
សំឡេងនោះ លោក ហូ វ៉ាន់ បានបញ្ជារឱ្យមានការប្រមូលផ្តុំគ្នាបន្ថែមនៅមុខស្ថានទូតចិននៅថ្ងៃទី ២៣ខែតុលា ដោយប្រាប់ទៅអតីតសកម្មជនរបស់ខ្លួនកុំឱ្យមានការភ័យខ្លាចចំពោះការគំរាមកំហែង និងការដាក់កម្លាំង ព្រោះលោកថា សមត្ថកិច្ចប្រមាណ៣០នាក់ដាក់ក្បែរស្ថានទូតនោះជាការដាក់ការពារសន្តិសុខស្ថានទូតស្របតាមច្បាប់អន្តរជាតិប៉ុណ្ណោះ។
សំឡេងដដែល ក៏បានបញ្ជាឱ្យមានការគៀងគរកម្លាំងពីតាមខេត្ត ជាថ្នូរការ ក្នុងការថែមថវិកាចំនួន២០០ដុល្លារទៀត និងការបញ្ជាឱ្យបង្វែរមុខព្រួញពីមុខស្ថានទូតចិន ដែលត្រូវកម្លាំងអាជ្ញាធរបំបែកនោះ ដោយសំដៅទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក និងបញ្ជាពីលោក ហូ វ៉ាន់ ឱ្យថ្លែងសារនយោបាយនៅមុខស្ថានទូតសហរដ្ឋអាមេរិកថែមទៀតផង។
លោក ហ៊ុន សែន ព្រមានខ្លាំងៗថា លោកនឹងមិនលើកលែងឲ្យលោក ហូ វ៉ាន់ ដាច់ខាតក្នុងការបញ្ជាឲ្យមានការធ្វើបាតុកម្មផ្តួលរំលំរដ្ឋាភិបាលរបស់លោកនៅលើផ្លូវវេងស្រេងកាលពីឆ្នាំ២០១៣។ ជាងនេះទៀតលោកនឹងមិនលើកលែងដល់ក្រុមគ្រួសាររបស់សមាជិកបក្សប្រឆាំងរូបនេះឡើយ ប្រសិនបើពួកគេផ្តល់ជំនួយជាលុយកាក់ទៅដល់ក្រុមបាតុករទាំងនោះ។
ទោះជាយ៉ាងណាក៏ដោយ លោក ហូ វ៉ាន់ បានប្រាប់សាព័ត៌មាន The Cambodia Daily ថា លោកមិនមែនជាអ្នកបញ្ជារពលរដ្ឋឲ្យធ្វើបាតុកម្មដូចការចោទប្រកាន់របស់លោក ហ៊ុន សែន នោះទេ ប៉ុន្តែលោកបានទទួលស្គាល់ថាលោកជាអ្នកសម្របសម្រួលបាតុកម្មនោះតែប៉ុណ្ណោះ។ លោកបន្តថា ការធ្វើបាតុកម្មនេះ គឺកើតឡើងចេញពីឆន្ទៈរបស់ពលរដ្ឋ ហើយពលរដ្ឋអាចឡើងមកធ្វើបាតុកម្មច្រើនជាងនេះ ប្រសិនបើគ្មានការទប់ស្កាត់ពីអាជ្ញាធរ។
ចំណែកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយចាស់វស្សាបានសរសេរសារលើគណនីយ្យ ហ្វេស ប៊ុក របស់លោកមុននេះថា សូមព្រលឹងនៃបុព្វបុរសខ្មែរអ្នកកសាងអារ្យធម៌ដ៏ខ្ពស់ត្រដែតមួយក្នុងលោក មេត្តាជួយទប់ស្កាត់កុំឲ្យខ្មែរសម័យឥឡូវ ឈានដល់ការខឹងសម្បារដោយធ្វើអ្វីគេមិនកើត បែរជាទៅគម្រាមធ្វើបាបប្រពន្ធកូនគេទៅវិញ ។
រីឯលោក គឹម សុខ អ្នកវិភាគនយោបាយសង្គម បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា លោក ហ៊ុន សែន កំពុងភ័យស្ទើរលស់ព្រលឹង ពេលឃើញការងើបឡើងស្រុះគ្នានៃពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅប្រទេសថៃ ដែលអាចក្លាយជាគំរូក្នុងការអនុវត្តន៍សិទ្ធិសេរីភាពសម្រាប់ប្រជាពលរដ្ឋខ្មែរដើម្បីធ្វើការផ្លាស់ប្តូរ។
លោក បញ្ចាក់ថា លោក ហ៊ុន សែន ប្រឹងទម្លាយសម្លេងនេះ ព្រោះគាត់ព្យាយាមសម្លុតប្រជាពលរដ្ឋខ្មែរ ដែលកំពុងឈឺចាប់ និងរងគ្រោះធ្ងន់ធ្ងរពីការដឹកនាំរបស់លោក ក្រែងមានចលនាណាមួយប្រើសិទ្ធិងើបតវ៉ាជាលក្ខណៈទ្រង់ទ្រាយធំ ដូចនៅប្រទេសថៃនោះ នឹងបណ្តាលឲ្យលោក ហ៊ុន សែន ធ្លាក់ចេញពីអំណាចមិនខាន។
ចំណែកអតីតមន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិលោក មាជ សុវណ្ណារ៉ា បានប្រតិកម្មថា ការគម្រាមកំហែងរបស់លោក ហ៊ុន សែន ទៅលើក្រុមគ្រួសារនៃភាគីនយោបាយរបស់ខ្លួន គឺជាសកម្មភាពមួយដែលបង្ហាញថាលោក ហ៊ុន សែន បានចាត់ទុកគ្រួសារអ្នកទាំងនោះជាចំណាប់ខ្មាំងនយោបាយរួចទៅហើយ។
កាលពីថ្ងៃទី ២៣ ខែតុលា ក្នុងការប្រារព្ធខួប២៩ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អតីតសកម្មជនគណបក្សសង្រ្គោះជាតិជាច្រើននាក់ បានប្រមូលផ្តុំគ្នាតវ៉ានៅខាងមុខស្ថានទូតចិននារាជធានីភ្នំពេញ ដោយទាមទារឱ្យចិនគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងប្រឆាំងចំពោះវត្តមានមូលដ្ឋានកងទ័ពចិននៅកម្ពុជា។ ប៉ុន្តែការតវ៉ានោះ ត្រូវបានកម្លាំងអាជ្ញាធររាជធានីភ្នំពេញ បំបែកការជួបជុំ និងចាប់ខ្លួនមនុស្ស៣នាក់ថែមទៀត។
ក្រុមបាតុករពេលនោះ បាននាំគ្នាយកញ្ញត្តិទៅដាក់នៅស្ថានទូតអាមេរិក និងស្ថានទូតបារាំង ដោយខ្លឹមសារនៃញត្តិនោះ ពួកគាត់ សុំឲ្យរដ្ឋាភិបាលអាមេរិក ជំរុញប្រទេសទាំងអស់ជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ឱ្យបើកកិច្ចប្រជុំជាថ្មី ដើម្បីពិនិត្យលើការអនុវត្តខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ ព្រោះពួកគាត់យល់ថា រដ្ឋាភិបាលកម្ពុជា បានដើរផ្ទុយពីខ្លឹមសារនៃកិច្ចព្រមព្រៀងអន្តរជាតិមួយនេះ។
លើសពីនេះ ពួកគេប្រកាសប្រឆាំងដាច់ខាតចំពោះបំណងរបស់ចិន ក្នុងការបោះទីតាំងយោធានៅកម្ពុជាផងដែរ៕