34 C
Phnom Penh

រដ្ឋាភិបាលសម្រេចកាត់បន្ថយការចំណាយថវិកាជាតិជិត២% នៅឆ្នាំ២០២១

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល លោក ហ៊ុន សែន បានសម្រេចកាត់បន្ថយការចំណាយថវិកាជាតិនៅឆ្នាំ២០២១ ឱ្យនៅត្រឹមប្រមាណ ៧ពាន់ ៥រយលានដុល្លារ ពោលគឺថយចុះជិត២ភាគរយ(១,៩%) បើធៀបនឹងថវិកាជាតិដែលត្រូវចំណាយនៅឆ្នាំ២០២០នេះ។

សេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃ២៣ ខែតុលា ឲ្យដឹងថា ការបន្ថយចំណាយថវិកាជាតិនេះ ដោយសារថា ដើម្បីធានាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែប្រសើរ។

ប្រភពដដែលបន្តថា នៅក្នុងឆ្នាំ២០២១ តាមគម្រោងចំណូលថវិកាជាតិមានចំនួន ជិត៥ពាន់លានដុល្លារសហរដ្ឋអាមេរិក(៤៩០២) ឬស្មើជាង១៦% នៃ ផលិតផលក្នុងស្រុកសរុប។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា នៅឆ្នាំ២០២១ រដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិប្រមាណ ៧ពាន់ ៥រយលាន ដុល្លារ នៃផលិតផលក្នុងស្រុកសរុប ដែលធ្វើឱ្យការចំណាយនេះមានការថយចុះ១,៩% ធៀបនឹងឆ្នាំនេះ ។

ការកាត់បន្ថយការចំណាយនេះ រដ្ឋាភិបាលឱ្យដឹងថា នៅឆ្នាំ២០២១ ប្រាក់បៀវត្សអប្បបរមា របស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នឹងត្រូវរក្សាកម្រិតដដែល ដោយគ្មានការតម្លើងជូនដូលរាល់ឆ្នាំនោះឡើយ ដើម្បីសន្សំថវិកា សម្រាប់ទប់ទល់ការរាតត្បាតនៃជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយទឹកជំនន់រដូវវស្សាឆ្នាំ២០២០នេះ។

ថវិកាជាតិដែលរដ្ឋាភិបាលឯកបក្សសម្រេចអនុម័ត សម្រាប់ចំណាយនៅក្នុងឆ្នាំ២០២០នេះ គឺមានចំនួនជាង ៨ពាន់២រយលានដុល្លារសហរដ្ឋអាមេរិក។  គម្រោងចំណាយថវិកាជាតិឆ្នាំ២០២០នេះ មានការកើនឡើង បើប្រៀបធៀបទៅគម្រោងចំនាយកាលពីឆ្នាំ២០១៩ ដែលមានចំនួនត្រឹមតែជាង៦ពាន់លានដុល្លារប៉ុណ្ណោះ៕ 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស