27 C
Phnom Penh

លោក កឹម សុខា ថា សេចក្តីត្រូវការរបស់មនុស្សមិនចេះចប់ ប៉ុន្តែសេចក្តីត្រូវការដើម្បីរស់ជារឿងចាំបាច់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា ដែលនៅមិនទាន់មានសេរីភាពពេញលេញនៅឡើយ អះអាងថា សេចក្តីត្រូវការរបស់មនុស្សគឺមិនចេះគ្រប់គ្រាន់ឡើយ ប៉ុន្តែសេចក្តីត្រូវការដើម្បីជីវិតរស់គឺជារឿងចាំបាច់ ដែលខ្មែរគ្រប់រូបត្រូវចេះជួយគ្នា។

លើកឡើងលើទំព័រហ្វេសប៊ុកនៅថ្ងៃច័ន្ទនេះ លោក កឹម សុខា បញ្ជាក់ថា ដោយសារតែសេចក្តីត្រូវការដើម្បីរស់របស់ពលរដ្ឋ គឺមានសារៈសំខាន់ និងជារឿងចាំបាច់បំផុតនោះ ទើបទាមទារឱ្យយើងមានការចូលរួមគ្នាដើម្បីជួយសង្រ្គោះ បើទោះបីជា តិចឬច្រើនក្តី ដោយមិនគួរមើលបំណាំគ្នា ឬយកជម្លោះមកធ្វើជាឧបស្គនោះឡើយ។

មេបក្សប្រឆាំងរូបនេះ បន្តថា ដូចអ្វីដែលលោកធ្លាប់បានបញ្ជាក់រួចហើយថា អ្វីដែលអាចធ្វើបាន ដើម្បីខ្មែរ លោកព្យាយាមធ្វើតាមលទ្ធភាព និងស្ថានភាពដែលអាចធ្វើទៅបាន ដោយមិនបំពាន និងដោយអហិង្សា ទោះបីជាលោក កឹម សុខា មិនទាន់មានសិទ្ធិសេរីភាពពេញលេញក៏ដោយ។

ការលើកឡើងបែបនេះ ក្នុងឱកាសប្រធានគណបក្សសង្រ្គោះជាតិរូបនេះ និងសហការីបានយកស្រូវពូជចំនួន៤តោន ដែលជាអំណោយរបស់សប្បុរសជនខ្មែរដែលរស់នៅក្រៅប្រទេស ចែកជូនប្រជាកសិករខ្មែរចំនួន១០០គ្រួសារនៅខេត្តកំពង់ឆ្នាំង ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ខូចខាតស្រូវរបស់ពួកគាត់។ ស្របគ្នានេះ លោកក៏បាននាំយកនូវដូងក្រអូបមួយចំនួន ចែកជូនពលរដ្ឋដែលរស់នៅលើដីទួលតាមដងផ្លូវផងដែរ។

មេបក្សប្រឆាំងដែលនៅមានរឿងក្តីក្តាំតាំងពីចុងឆ្នាំ២០១៧ ហើយសំណុំរឿងតុលាការនៅតែបន្តមិនទាន់ចប់នៅឡើយរូបនេះ មើលឃើញថាក្នុងដំណាក់កាលចុងក្រោយនេះ មានខេត្តខ្លះ ភូមិ និងឃុំខ្លះ បានធូរស្បើយពីទឹកជំនន់ហើយ ដូច្នេះជំនួយរបស់សប្បុរសជនតម្រូវឱ្យលោក បង្វែរមកជួយផ្គត់ផ្គង់ពូជដំណាំ ជាពិសេសពូជស្រូវ ដែលជារឿងចាំបាច់សម្រាប់ប្រជាកសិករ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ដើម្បីពួកគាត់យកទៅបង្កបង្កើនផលឡើងវិញ សម្រាប់ទ្រទ្រង់ជីវភាពរស់នៅរៀងៗខ្លួន។

នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា នេះ លោក ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្ត្រីចំនួន៤ រួមមានរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយមលោក លឹម គានហោ និង រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ចុះដោះស្រាយបញ្ហាប្រឈម និងសេចក្តីត្រូវការរបស់ពលរដ្ឋក្រោយចប់ទឹក              ជំនន់។

លោកបញ្ជាក់ថា ប្រសិនបើពលរដ្ឋ ជួបបញ្ហាខូចខាតស្រូវនោះ រដ្ឋមន្ត្រីកសិកម្ម លោក វេង សាខុន ត្រូវយកពូជស្រូវទៅចែកឱ្យពលរដ្ឋ១០០គីឡូ ក្នុងមួយគ្រួសារ តាមគោលការណ៍សង្គ្រោះបន្ទាន់របស់រដ្ឋ។ ហើយបើពលរដ្ឋខ្វះទឹកធ្វើស្រែ គឺរដ្ឋមន្ត្រីក្រសួងធនធានទឹក លោក លឹម គានហោ ត្រូវជួសជុលទំនប់ ឬធ្វើប្រព័ន្ធទប់ទឹកឡើងវិញ ដើម្បីបង្ហូរទឹកចែកពលរដ្ឋធ្វើស្រែ។

រីឯកន្លែងណា មានការខូចខាតផ្លូវជាតិនោះ គឺជាតួនាទីរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ។ ចំណែកផ្លូវលំ និងស្ពានតូចៗ ដែលខូចខាត នៅតាមភូមិ ស្រុកនានា គឺជាភារកិច្ចរបស់លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ដែលត្រូវចុះជួសជុល និងដោះស្រាយឱ្យទាន់សភាពការណ៍ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកនឹងតាមដានលទ្ធផលការងាររបស់រដ្ឋមន្ត្រីទាំង៤រូប ហើយលោកក៏ព្រមានទៅរដ្ឋមន្ត្រីទាំង៤នោះថា ប្រសិនបើរដ្ឋមន្ត្រីណាមួយ បំពេញការងារស្ពឹកស្រពន់ ដែលធ្វើឱ្យពលរដ្ឋស្រែកតវ៉ា និងរិះគន់ដល់រដ្ឋាភិបាលនោះ លោក ហ៊ុន សែន នឹងចុះអន្តរាគមន៍ផ្ទាល់តែម្ដង។

របាយការណ៍របស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយគិតត្រឹមថ្ងៃទី២៤ ខែតុលា បញ្ជាក់ថា រាជធានី-ខេត្តចំនួន ២០ រងប៉ះពាល់ដោយទឹកជំនន់។ ក្នុងនោះ មានពលរដ្ឋ៤០នាក់ បានបាត់បង់ជីវិត ខណៈពលរដ្ឋជាង ៥សែន ៤ម៉ឺននាក់ រងគ្រោះដោយសារទឹកជំនន់ ក្នុងនោះមានជាង៤សែន ៧ម៉ឺននាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស