27.5 C
Phnom Penh

លោកប្រាយុទ្ធធ្លាក់ក្នុងទឹកមុខស្ងួតនៅចំពោះសមាជិកសភាថៃ តែខំ វាយប្រហារបាតុករថាធ្វើសកម្មភាពខុសច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សំណុំរឿង របស់បាតុករ ដែលបានធ្វើបាតុកម្មរយៈពេលជាង៣ខែមកនេះ ក្នុងការទាញទម្លាក់ លោកបា្រយុទ្ធចាន់អូចាពីនាយករដ្ឋមន្ត្រី បានកំពុងក្លាយជា ព្រឹត្តិការណ៍ដ៏ក្ដៅគគុកនៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃរដ្ឋសភា ដោយចាប់ផ្ដើមហើយរយៈពេល២ថ្ងៃគឺនៅថ្ងៃទី២៦និងថ្ងៃ២៧តុលា។

កិច្ចប្រជុំវិសាមញ្ញនេះ ធ្វើឡើងក្រោមសម្ពាធរបស់បាតុករ ដែលបានដាក់ញត្តិទាមទារ៣ចំណុចធំៗគឺ ទីមួយ អោយ លោកប្រាយុទ្ធនាលែងពីតំណែង ។ទី២ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ឬក៏ត្រូវតាក់តែងរដ្ឋធម្មនុញ្ញ ថ្មី និងទី៣ កាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ ដែលពាក់ព័ន្ធរឿង នយោបាយ និងកងទ័ព។

តាមកាសែត Bangkok Post សភាថៃបើកកិច្ចប្រជុំវិសាមញ្ញរយៈពេល២ថ្ងៃនេះ ដោយមានការចូលរួមពី តំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា។ ក្នុងសុន្ទរកថា បើកកិច្ចប្រជុំសភាវិសាមញ្ញ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ទដែលប្រឈមនឹងការបណ្ដេញចេញពីអំណាចដោយកម្លាំងមហាជន ធ្លាក់ទឹកមុខស្ងួត។

 ទោះជាលោកខំបានបង្ហាញជំនឿខ្លួនឯងថា បើទោះបីជាពលរដ្ឋថៃមាននិន្នាការនយោបាយខុសៗគ្នាក៏ពិតមែនតែ ក៏អ្នកនយោបាយថៃនៅតែស្រឡាញ់ប្រទេសគឺដូចៗគ្នា។

លោក ប្រាយុទ្ធ ទំនងចង់និយាយថា សមាជិកសភា មកពីក្រុមប្រឆាំង ក៏មានភក្ដីភាពនឹងប្រទេសជាតិ និងរាជបល័ង្គដែរ។ តែអតីតមេរដ្ឋប្រហាររូបនេះ ក៏កំពុងរងនូវការរុញអោយចុះចេញពីតំណែងពីសមាជិកសភាផងដែរ គឺកុំថាឡើយក្រុមបាតុករ។

តាមកាសែត Bangkok Post សមាជិកសភា លោកSompong Amornvivat និងជាមេដឹកនាំបក្សភឿថៃ ជាបក្សប្រឆាំងធំជាងគេហើយមានសំឡេងច្រើនជាងគេក្នុងរដ្ឋសភា ក៏បានទាមទារអោយប្រាយុទ្ធជ្រើសរើសផ្លូវដើរមួយគឺផ្លូវចុះចេញពីតំណែង។ លោកបានពោលពាក្យធ្ងន់បន្តថា «លោកនាយករដ្ឋមន្ត្រីត្រូវតែចុះចេញពីតំណែងទៅ»។

លោក Sompong ទទូចថាលោក ប្រាយុទ្ធ គួរណាស់តែចុះចេញពីតំណែងទៅ ព្រោះតែលោកបញ្ជាអោយប៉ូលិសប្រើកាណុងបាញ់ទឹកចាប់បាតុកររាប់រយនាក់ ហើយថែមទាំងចេញក្រឹត្យអាសន្នដែលសមាជិកសភាបក្សប្រឆាំងរូបនេះថា វិធានច្បាប់នេះមិនសមស្របឡើយ។

ជាមួយគ្នានេះ មេបក្សភឿថៃក៏បានទាមទារឲ្យដោះលែងបាតុករ ឆ្លើយតបការទាមទាររបស់ពួកបាតុករ ហើយមិនត្រូវពន្យារពេលវិសោធនកម្មរដ្ឋធម្មនុញ្ញនោះទេ។ មិនថាឡើយ លោក Sompong Amornvivat មេបក្សភឿថៃ ដែលដាក់សម្ពាធទៅលើលោក បា្រយុទ្ធ គឺសមាជិកសភា នៃក្រុមប្រឆាំងផ្សេងៗទៀត។

សមាជិកសភាទាំងនោះ ប្រាប់ទៅលោកប្រាយុទ្ធថា កុំយកហេតុផលការពាររបបរាជានិយម ឬរដ្ឋធម្មនុញ្ញមកបង្រ្កាបបាតុករ ហើយពង្រឹងអំណាចរបស់ខ្លួន គឺមិនត្រូវនឹងប្រទេសប្រកាន់គោលការណ៍ប្រជាធិបតេយ្យនោះទេ។ សមាជិកសភា ទាំងនោះទទូចថា កុំប្រើអំណាចហួសហេតុពេក គឺមិនត្រូវបង្ក្រាបបាតុករដូចសត្វធាតុនោះទេ។

នៅពេល សមាជិកសភាកំពុងពិភាក្សាដេញដោលនិងស្របពេលសមាជិកសភាបក្សប្រឆាំង វាយបកខ្លាំងទៅលើលោកប្រាយុទ្ធ គឺនៅខាងក្រៅសភា ក៏មានបាតុករមួយចំនួនមកតាមដានញត្តិរបស់ពួកគេដែរ។ ដោយឡែក បាតុករមួយក្រុមធំបានដាក់ញត្តិនៅ ស្ថានទូតអាល្លឺម៉ង់នៅរសៀល ថ្ងៃទី២៦ តុលានេះ។

ក្នុងញត្តិនោះ បាតុករទាមទារឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ស៊ើបអង្កេតចំពោះការប្រើប្រាស់អំណាចរបស់មហាក្សត្រ អំឡុងពេលគង់នៅអាល្លឺម៉ង់។ តែបែបណា បាតុករអះអាងថា ការដាក់ញ្ញត្តិរបស់ពួកគេនៅស្ថានទូតអាល្លឺម៉ង់គឺ ជាការជួយស្តាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនេះអោយត្រឡប់មករកផ្លូវត្រូវឡើងវិញ។

ករណីនេះ រដ្ឋាភិបាលអាល្លឺម៉ង់ ថ្មីៗនេះបានបញ្ជាក់ថា រដ្ឋាភិបាលអាល្លឺម៉ងពិតជាដឹងច្បាស់ណាស់ថា មហាក្សត្រថៃព្រះជន្ម៦៨ព្រះវស្សា បានចំណាយពេលវេលារបស់ព្រះអង្គច្រើនណាស់ទៅលំហែរកាយ នៅក្នុងប្រទេសរបស់ខ្លួន។

ងាកមករកកិច្ចប្រជុំសភាឯនោះវិញ ប្រធានរដ្ឋសភា ជាន់ទាប លោក Chuan Leekpai បានព្យាយាមទប់ស្ថានភាពប៉ះទង្កីចគ្នានៅក្នុងរដ្ឋសភា។ លោកបានអំពាវនាវ ទៅសមាជិកសភា និងព្រឹទ្ធសភា សុំជួយខិតខំរកអោយបាននូវដំណោះស្រាយ ដែលលោកថាដំណោះស្រាយនៃជម្លោះនយោបាយ។ ចំណែកលោកប្រាយុទ្ធ អតីតមេរដ្ឋប្រហារ ឆ្នាំ២០១៤ ដែលទម្លាក់អ្នកស្រីយីងឡាក់ពីតំណែងនាយករដ្ឋមន្ត្រី លោកបានថ្លែងបិទសុន្ទកថារបស់លោកដោយទឹកមុខគ្រៀមស្ងួត ជាមួយនឹងការអំពាវនាវសុំអោយ បក្សនយោបាយទាំងអស់ ជួយជ្រោងឡើងវិញនូវ អត្ថប្រយោជន៍ជាតិជាធំ ដោយត្រូវបើកបេះដូងដើម្បីធ្វើការសន្ទនាគ្នា ។

ប៉ុន្តែ សម្រាប់អ្នកស្រីយីងឡាក់ ដែលរត់គេចខ្លួនទៅក្រៅប្រទេស បន្ទាប់ពីរដ្ឋប្រហារ ទំលាក់អ្នកស្រីពីអំណាច  គឺស្រី្តអតីតនាយករដ្ឋមន្ត្រីថៃ រូបនេះ បានហៅជោកវាសនារបស់លោកប្រាយុទ្ធថា កំពុងទទួលបាបកម្ម ដោយសារតែធ្វើអំពើអាក្រក់ដាក់មកលើអ្នកស្រីនិងគណបក្សភឿថៃរបស់អ្នកស្រី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស