ខណៈកិច្ចប្រជុំវិសាមញ្ញនៃរដ្ឋសភា បានសម្រេចបង្កើតគណៈកម្មាធិការនៅចំពោះមុខកិច្ចអំពីការដោះស្រាយចំពោះ ញត្តិរបស់បាតុករ ដែលទាមទារអោយ លោកបា្រយុទ្ធចាន់អូចាចុះចេញពីតំណែង ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងការកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ គឺបាតុករ បានបន្ថែម ទម្ងន់មួយទៀត គឺទាមទារអោយ រដ្ឋាភិបាលអាល្លឺម៉ង់ ស៊ើបអង្កេតទ្រព្យសម្បត្តិ និងការរស់នៅរបស់មហាក្សត្រវិជ្ជរាលុងកន ដែលមាននៅលើទឹកអាល្លឺម៉ង់។ ជាពិសេស ថាតើព្រះអង្គមានជាប់ពាក់ព័ន្ធការធ្វើនយោបាយថៃលើទឹកដីអាល្លឺម៉ង់ដែរឬទេ។
កាលពីរសៀលថ្ងៃទី២៦តុលាខណៈ សមាជិកសភាកំពុងប្រជុំ គឺបាតុករក្រុមប្រឆាំង បានដាក់ញ្ញតិ្តរបស់ពួកគេ ទៅស្ថានទូត លោកខាងលិចមួយនេះ។ បាតុករដាក់ញត្តិទៅស្ថានទូតអាល្លឺម៉ង់នេះ ដោយសារតែមហាក្សត្រថៃចំណាយពេលច្រើនណាស់នៅលើទឹកដីប្រទេសនេះ ដែលចំពេញមានការចោទសួរអំពីតួនាទីរបស់ព្រះអង្គអនុវត្តអំណាចពីក្រៅប្រទេសដោយពុំចាំបាច់ជ្រើសតាំងរាជានុសិទ្ធិ ឬប្រមុខរដ្ឋស្តីទី។នេះបើយោងតាមរដ្ឋធម្មនុញ្ញថ្មីនេះ ដែលបាតុករទាមទារអោយមានការធ្វើវិសោធនកម្ម។ ក្នុងន័យនេះហើយ ដែលបាតុករ បានទាមទារអោយ រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់របស់អធិការបតី Angela Merkel ស៊ើបអង្កេត។
តាមសារព័ត៌មាន ជប៉ុន The Japan Times បានចុះផ្សាយថា រដ្ឋមន្ត្រីការបរទេស អាល្លឺម៉ង់លោក Heiko Maas បាននិយាយ ថាក្រុងបេឡាំងកំពុងពិនិត្យមើលស្ថានការណ៍នេះដោយប្រុងប្រយ័ត្ន។ ប៉ុន្តែលោកព្រមានថា បើរកឃើញថា សកម្មភាពរបស់មហាក្សត្រថៃខុសច្បាប់អាល្លឺម៉ង់គឺព្រះអង្គអាចនឹងប្រឈមនឹងការចោទប្រកាន់។
ញត្តិដែលបាតុករបានដាក់ជូនស្ថានទូតអាល្លឺម៉ង់ប្រចាំនៅទីក្រុងបាងកក គឺបាតុករទាមទារឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ពិនិត្យទៅមើល ចំនួន ៤ចំនុច ទាក់ទងនឹងមហាក្សត្រថៃអង្គនេះគឺ ទី១បាតុករចង់ដឹងថា ព្រះអង្គបំពេញព្រះរាជកិច្ចពីទឹកដីអាល្លឺម៉ង់ដោយវិធីណា ទី២អំពីការបង់ពន្ធលើមរតកនៃរាជវង្សថៃ ទី៣ការបំពានសិទ្ធិមនុស្សដែរឬទេ ។
ចំណែកឯទី៤ តើ ការរស់របស់ព្រះអង្គនៅលើទឹកដីអាល្លឺម៉ង់ មានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយនៅថៃដែរ ឬទេ?
បាតុករដែលបានប្រមូលផ្ដុំគ្នា នៅខាងមុខស្ថានទូតអាល្លឺម៉ង់ កាលពីថ្ងៃទី២៦ ខែតុលា និយាយថា ការពិតពលរដ្ឋ ចង់ជួយស្ដារកិត្តិយសរបស់ព្រះមហាក្សត្រទៅវិញទេ គឺមិនមានបំណងចង់ផ្លាស់ប្ដូររបបនោះឡើយ។
តែបែបនេះក្ដី ញត្តិរបស់បាតុករ ដែលធ្លាក់ដល់ដៃអ្នកសារព័ត៌មាន បានរៀបរាប់ថា ពេលវេលានៃការផ្លាស់ប្តូរបានមកដល់ហើយ គឺត្រូវលើកជ្រោងអោយខ្ពស់នូវលទិ្ធប្រជាធិបតេយ្យ។
ជាមួយគ្នានេះ ញ្ញត្តិរបស់បាតុករ បានឆ្លៀត វាយប្រហារលើព្រះអង្គដែលថាប្រជាជនថៃគឺដូចជាលម្អងធូលីដែលព្រះមហាក្សត្រយាងជាន់រាល់ថ្ងៃ។ ក្នុងពេលជាមួយគ្នា គេបានឃើញ ក្រុមអាវលឿង ដែលមានស្វាមីភ័ក្រនឹងព្រះមហាក្សត្រ ក៏បានប្រមូលផ្ដុំគ្នា នៅខាងមុខស្ថានទូតអាល្លឺម៉ង់នេះដែរ តែមុនការមកដល់របស់បាតុករនៃក្រុមប្រឆាំង។
ក្រុមអាវលឿងក៏បានដាក់លិខិតទៅ ជូនស្ថានទូតលោកខាងលិចនេះដែរ ដោយ អះអាងថាការទាមទារ សុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់បាតុករម្ខាង គឺកំពុងត្រូវបានដោះស្រាយ ដែលព្រះមហាក្សត្រជាប្រមុខរដ្ឋហើយ ដោះស្រាយដោយ ផ្អែកលើគោលការណ៍ប្រជាធិបតេយ្យ។
ស្របពេលជាមួយគ្នានេះ បណ្ដាញផ្សាយ ព័ត៌មាន បានចុះផ្សាយ Bloomberg ថា កិច្ចប្រជុំសភាវិសាមញ្ញបានបិទបញ្ចប់ ដោយសមាជិកសភា សម្រេច បង្កើតគណៈកម្មាធិការមួយ តាមសំណើរបស់សមាជិកសភានៃក្រុម រដ្ឋាភិបាល របស់លោកប្រាយុទ្ធ និងតាមការផ្ដល់យោបល់របស់ប្រធានរដ្ឋសភា។
តាមប្រភព ដដែលនេះថា គណៈកម្មាធិការនេះ មានភារកិច្ច តាមដានស្ថានភាពរបស់បាតុកម្ម និងវាយតម្លៃសភាពការណ៍ នយោបាយ ហើយ ចងក្រងក្រុមជំនាញ ដើម្បីសិក្សា អំពីញត្តិរបស់បាតុករ ដែលបានទាមទារទាំង៣ចំនុចនោះ។
តែជាមួយគ្នានេះ ក្រុមសមាជិកសភា នៅតែទទូចថា ដើម្បីពន្លត់ភ្លើងកំហឹងរបស់បាតុករ គឺត្រូវតែប្រញាប់ធ្វើអ្វីមួយឲ្យចេញជារូបរាង ដោយព្រមានថាពេលវេលា ទោះជានៅរង់ចាំមើលស្ថានការណ៍ចុងក្រោយក៏ដោយ តែវាផុយស្រួយណាស់ ដែលនឹងធ្វើអោយជាតិសាសន៍ថៃអាចនឹងបែកបាក់។
តាមក្រុមសមាជិកសភា របស់បក្សប្រឆាំងនៃរណសិរ្យ ប្រជាធិបតេយ្យ ដែលមានអាសនៈក្នុងរដ្ឋសភាភាគច្រើន គឺការចុះចេញពីតំណែងរបស់លោកប្រាយុទ្ធគឺជាបុព្វហេតុធំជាងគេ ដែលបាតុករចង់បានបំផុត៕