អ្នកចេញមុខតវ៉ានៅមុខស្ថានទូតចិន កាលពីថ្ងៃទី ២៣ តុលា ក្នុងខួបលើកទី២៩ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍មួយរូបទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃសរ ជាបណ្តោះអាសន្ន។
សារព័ត៌មានថ្មីៗ បានស្រង់សម្តីរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា នៅថ្ងៃទី ២៨ខែតុលា ដោយអះអាងថា សកម្មជនដីធ្លី និងជាអ្នកគាំទ្រគណបក្សសង្រ្គោះជាតិមួយរូបទៀត គឺ អ្នកស្រី សាត ផា ត្រូវសមត្ថកិច្ចចាប់នៅម្តុំមន្ទីរពេទ្យព្រះកុសមៈ ឬពេទ្យលោកសង្ឃ កាលពីថ្ងៃម្សិលមិញ ។
លោក អះអាងថា ការចាប់អ្នកស្រី សាត ផា គឺធ្វើតាមដីការបស់តុលាការ ក្រោមបទចោទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ហើយនៅរសៀលថ្ងៃទី ២៨ ខែតុលានេះ តុលាការបានបង្គាប់ឲ្យឃុំខ្លួនអ្នកស្រី សាត ផា នៅពន្ធនាគារព្រៃសរ ជាបណ្តោះអាសន្ន។
អ្នកស្រី សាត ផា ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនកាលពីថ្ងៃទី ២៣ខែតុលា នៅពេលអ្នកស្រីចូលរួមធ្វើបាតុកម្មរំលឹកខួបលើកទី ២៩ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍២៣តុលា នៅខាងមុខស្ថានទូតចិន ប៉ុន្តែអ្នកស្រី ត្រូវដោះលែងវិញពេលនោះ ក្រោយមកទើបមានការចាប់ខ្លួនអ្នកស្រីជាថ្មីទៀត ។
ការចាប់ខ្លួនអ្នកស្រី សាត ផា នេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រកាសកាលពីថ្ងៃទី ២៦ ខែតុលាថា នឹងមិនអត់អោនឱ្យកូនចោរ ដែលទទួលបញ្ជាផ្ទាល់ពីមេចោរពីក្រៅប្រទេសនោះឡើយ។
ការលើកឡើងនេះ ដោយលោកបានព្រមានចំៗ ទៅអតីតថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សសង្រ្គោះជាតិលោក ហូរ វ៉ាន់ ដោយផ្ទាល់ និងលោក អេង ឆៃអ៊ាង ដោយប្រយោល ព្រមទាំងគ្រួសាររបស់មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងទាំងពីររូបនេះ។ ប្រសិនបើពួកគេមិនព្រមបញ្ឈប់សកម្មភាពរៀបចំធ្វើបាតុកម្មនៅខាងមុខស្ថានទូតចិននៅភ្នំពេញ និងនៅបណ្តាប្រទេសផ្សេងទៀតទេ គ្រួសាររបស់ពួកគេដែលកំពុងរស់នៅក្រុងភ្នំពេញនឹងមិនបានសុខឡើយ។
ដោយឡែក លោកនាយករដ្ឋមន្ត្រី អះអាងថា អ្នកដែលពាក់ព័ន្ធខ្លាំងក្នុងការទទួលបញ្ជាពីលោក ហូរ វ៉ាន់ ដើម្បីធ្វើបាតុកម្មប្រឆាំងនៅខាងមុខស្ថានទូតចិននៅភ្នំពេញ កាលពីថ្ងៃទី ២៣ តុលា នឹងត្រូវចាត់វិធានការតាមច្បាប់ ប៉ុន្តែអ្នកដែលមិនសូវពាក់ព័ន្ធឬចាញ់បោកគេនឹងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ដោយមិនយកទោសពៃទេ។
ខួបលើកទី ២៩ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ឆ្នាំ២០២០ កាលពីថ្ងៃទី២៣ ខែតុលា មនុស្សជាច្រើននាក់ ដែលភាគច្រើនជាអតីតសកម្មជនគណបក្សសង្រ្គោះជាតិ បានប្រមូលផ្តុំគ្នានៅខាងមុខស្ថានទូតមហាអំណាចកុម្មុយនីស្តចិន នៅរាជធានីភ្នំពេញដើម្បីទាមទារឱ្យចិនគោរពខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ និងប្រកាសប្រឆាំងដាច់ខាតចំពោះមូលដ្ឋានយោធាចិននៅក្នុងប្រទេសកម្ពុជា។
យ៉ាងណាក្រុមអាជ្ញាធរក្រុងភ្នំពេញបានបំបែកការជួបជុំពេលនោះ និងបានចាប់ខ្លួនមនុស្ស ៣នាក់រួមមានអ្នកស្រី លឹម សាន អ្នកស្រី យ៉យ ស្រីមុំ និង លោក សុន និមល ។
ពួកគេទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចយកទៅសារកសួរជាច្រើនម៉ោង និង បានបញ្ជូនសំណុំរឿងទៅតុលាការ ហើយតុលាការ សម្រេចឃុំខ្លួនពួកគេនៅពន្ធនាគារព្រៃសរ ជាបណ្តោះអាសន្ន កាលពីថ្ងៃទី២៥ ខែតុលា ដោយចោទប្រកាន់ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរដល់ សន្តិសុខសង្គម។
ពាក់ព័ន្ធបញ្ហាយោធាចិននៅលើទឹកដីកម្ពុជានេះដែរ ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន បានបដិសេធជាថ្មីទៀត ដោយថាការលើកឡើងបញ្ហានេះម្តងហើយម្តងទៀតពីសំណាក់បរទេសខ្លះ រួមនឹងពលរដ្ឋខ្មែរដែលរុញព្រឹត្តិការណ៍បន្ថែម គឺមានបំណងយកធ្វើជាលេសដើម្បីទម្លាក់លោកចេញពីដំណែង ដូចគ្នាទៅនឹងព្រឹត្តិការណ៍ទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ចេញពីតំណែងជាព្រះប្រមុខរដ្ឋកាលពីថ្ងៃទី ១៨ ខែមិនា ឆ្នាំ១៩៧០។
ជាមួយគ្នានេះ លោកហ៊ុន សែន ក៏បានស្នើឱ្យបរទេស និងពលរដ្ឋខ្មែរ បង្ហាញភស្តុតាង ដែលថាកម្ពុជាបានចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយចិន ក្នុងការផ្តល់កំពង់ផែរាមជាមូលដ្ឋានយោធាចិនផ្តាច់មុខរយៈពេល៣០ឆ្នាំនោះ។ លោកថា បើពួកគេមិនបង្ហាញភស្តុតាងទេ មានន័យថាពួកគេកំពុងបោកប្រាស់៕