បរិស្ថាន

អាជីវករនៅតាមតំន់ឆ្នេរ និងតាមបណ្តាកោះ ត្អូញត្អែរថា មិនមានភ្ញៀវទេសចរមកកម្សាន្តខេត្តព្រះសីហនុច្រើនទៀតទេ

By ឌឹ ខេមបូឌា ដេលី

October 29, 2020

ប្រតិបត្តិករ ឬអាជីវករលក់ម្ហូបអាហារភាគច្រើន នៅតាមតំបន់ឆ្នេរ ទាំងឆ្នេរលើដីគោក និងឆ្នេរលើដីកោះ បានឲ្យដឹងថា ក្នុងប៉ុន្មានខែចុងក្រោយនេះ មិនសូវមានភ្ញៀវទេសចរ ចូលមកកម្សាន្តច្រើនទេ នៅតាមទីតាំងកម្សាន្តនានា ក្នុងខេត្តព្រះសីហនុ។

អាជីវករឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ បានអះអាងថា រាល់ថ្ងៃនេះ នៅតាមឆ្នេរអូរឈើទាល ដែលពីមុនធ្លាប់តែមានភ្ញៀវច្រើនកុះករចូលមកកម្សាន្ត ប៉ុន្តែពេលនេះ មិនសូវមានភ្ញៀវទេសចរ ចូលមកកម្សាន្តតាមឆ្នេរនេះច្រើនដូចពេលមុនទៀតទេ។

ក្រុមអាជីវករបន្តថា ទោះបីពេលនេះ ពួកគាត់បានស្ថាបនាទីកន្លែងអង្គុយលំហែ នៅតាមទីតាំងនីមួយៗ នាឆ្នេរអូរឈើទាល មានសោភ័ណ្ឌភាព និងបរិស្ថានស្រស់ស្អាត ដោយបំពាក់ភ្លើងបំភ្លឺចម្រុះពណ៌ស្រស់បំព្រងបែបណាក្តី ប៉ុន្តែហាក់មិនសូវឃើញភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកទស្សនាច្រើនទៀតទេ ក្នុងប៉ុន្មានខែចុងក្រោយនេះ។

ចំណែកប្រតិបត្តិករទេសចរណ៍ បំរើសេវាដឹកជញ្ជូនភ្ញៀវទេសចរ ក៏បានអះអាងថា រាល់ថ្ងៃនេះ មិនមានភ្ញៀវទេសចរចេញទៅកម្សាន្តតាមបណ្តាកោះផ្សងៗ នាមូលដ្ឋានខេត្តព្រះសីហនុច្រើនទៀតទេ។

ហើយពួកគេ ក៏បានកាត់បន្ថយសកម្មភាព នៃការដឹកជញ្ជូនភ្ញៀវ ចេញទៅតាមបណ្តាកោះ ជាប្រចាំថ្ងៃផងដែរ។ ពួកគេអះអាងថា ព្យុះភ្លៀង និងរលកសមុទ្រធំៗ ជាដើមហេតុ មិនមានភ្ញៀវទេសចរ ចេញទៅកម្សាន្តតាមបណ្តាកោះ ក្នុងប៉ុន្មានខែកន្លងមកនេះ។

ទាក់ទុនបញ្ហានេះ មន្ត្រីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ទទួលស្គាល់ថា ប៉ុន្មានខែចុងក្រោយនេះ ចំនួនភ្ញៀវទេសចរ ដែលចូលមកកម្សាន្តខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ពិតជាមានចំនួនថយចុះពិតមែន។

ការថយចុះនេះ គឺទំនងជាអាចបណ្តាលមកពីការរាតត្បាត នៃវីរុសកូវីដ-១៩ ដែលទាំងសកលលោក ក៏ដូចកម្ពុជា មានការព្រួយបារម្ភ និងរកមធ្យោបាយទប់ស្កាត់តាមគ្រប់រូបភាពតែរៀងៗខ្លួន។ ម្យ៉ាងទៀត ការបាត់បង់ភ្ញៀវទេសចរ ចូលមកកម្សាន្តខេត្តព្រះសីហនុ គឺនៅតាមបណ្តាខេត្តផ្សេងៗ មានខេត្តសៀមរាបជាដើម ក៏បាត់ភ្ញៀវដូចគ្នាដែរ។ 

មន្ត្រីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បន្តទៀតថា  ការថយចុះចំនួនភ្ញៀវទេចរ ក្នុងប៉ុន្មានខែចុងក្រោយនេះ ក៏អាចបណ្តាលមកពីកម្ពុជា ទទួលរង នូវព្យុះភ្លៀងជាបន្តបន្ទាប់ រហូតឈានដល់មានជំនន់ទឹកភ្លៀង ជនលិចរាជធានីខេត្តប្រមាណ២០ នៅទូទាំងប្រទេសកម្ពុជា ក្នុងនោះខេត្តព្រះសីហនុ ក៏រងគ្រោះដោយជំនន់ទឹកភ្លៀងនេះផងដែរ៕