28 C
Phnom Penh

យោធាវៀតណាមបន្តសាងសង់សំណង់រឹងនៅបណ្តោយព្រំដែនកម្ពុជាតំបន់មិនទាន់ឯកភាពគ្នាឥតឈប់ឈរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កងកម្លាំងយោធាវៀតណាម បន្តប្រែក្លាយពីការបោះតង់ ទៅជាការសាងសង់សំណង់រឹងមាំឥតឈប់ឈរ នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុងតំបន់ដែលភាគីទាំងពីរនៅមិនទាន់ឯកភាពគ្នានៅឡើយ។

សារព័ត៌មានVOD បានដកស្រង់សម្តីរបស់អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ចុះផ្សាយនៅថ្ងៃទី ២៩ខែតុលានេះ ថា ភាគីវៀតណាមផ្លាស់ប្តូរពីការបោះតង់ ទៅជាការសង់សំណង់រឹងឡើងរហូតដល់១៦ទីតាំង នៅតាមបណ្ដោយព្រំដែនដែលមិនទាន់ឯកភាពគ្នារវាងប្រទេសទាំងពីរ ខណៈចំនួនតង់ចំនួន ១១ទីតាំងទៀត នៅជាតង់កៅស៊ូនៅឡើយ។

លោកបន្តថា សំណង់រឹងទាំង១៦ទីតាំងនេះ ភាគីវៀតណាមសង់នៅតាមបណ្ដាយព្រំដែននៃខេត្តអានយ៉ាង ប្រទេសវៀតណាម ទល់មុខស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្តាលនៃប្រទេសកម្ពុជា។

ប្រភពដដែល អះអាងថា ភាគីប្រទេសទាំងពីរ បានជជែកគ្នារួចហើយ ថាក្រោយពីកូវីដ១៩ ចប់ទៅ ភាគីវៀតណាមនឹងរុះរើសំណង់រឹង និងតង់ដែលបោះនៅតំបន់មិនទាន់ឯកភាពគ្នាឱ្យអស់វិញ។

ក្រៅពីការផ្លាស់ប្តូរពីជំរុំតង់ ទៅជាសំណង់រឹងមាំនៅខេត្តកណ្តាល បញ្ហានេះក៏កើតមានតាមនៅបណ្តាខេត្តផ្សេងៗទៀត ដូចជាខេត្តត្បូងឃ្មុំជាដើម ក៏មានសេចក្តីរាយការណ៍មកថាវៀតណាមបានប្រែក្លាយពីការបោះតង់កៅស៊ូ ទៅជាសំណង់រឹងមាំវិញ ខណៈអាជ្ញាធរខ្មែរនៅទីនោះហាក់លាក់បាំងករណីនេះទៀតផង។

សារព័ត៌មានដដែលនេះ ក៏បានស្រង់សម្តីរបស់ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ដោយលោកនិយាយថា គណៈកម្មាធិការមិនទាន់សម្រេចថា នឹងចុះទៅពិនិត្យមើលទីតាំងដែលភាគីវៀតណាមសង់សំណង់រឹងនោះនៅឡើយ ដោយសារ គណៈកម្មាធិការរង់ចាំរបាយការណ៍ពីអាជ្ញាធរជាមុនសិន។

លោក វ៉ា គឹមហុង បញ្ជាក់ថា រឿងនេះជារឿងកំប៉ិកកំប៉ុក ហើយកម្ពុជាសម្រេចជ្រើសរើសយកវិធីសាស្ត្រចរចាជាមួយភាគីវៀតណាម ព្រោះករណីសំណង់រឹងមាំនេះមិនធំ ដូចករណីរឿងប្រាសាទព្រះវិហារដែលតម្រូវឱ្យកម្ពុជាប្ដឹងទៅតុលាការអន្តរជាតិនោះទេ។

អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែននាយឧត្តមសេនីយ៍ ហូ សាគុណ ធ្លាប់អះអាងថាយោធាវៀតណាមបានបោះតង់នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម តាំងពីខែមីនា មក នៅចំណុចមិនទាន់ឯកភាពគ្នាជិត៣០០ កន្លែង។

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ធ្លាប់ចេញសេចក្តីថ្លែងការណ៍របស់ខ្លួនបង្ហាញក្តីបារម្ភចំពោះសកម្មភាពរំលោភបំពានបូរណភាពដែនដីកម្ពុជាពីសំណាក់វៀតណាមនេះ។

ពួកគេធ្លាប់ជំរុញឱ្យកម្ពុជា យកបញ្ហារំលោភអធិបតេយ្យភាពកម្ពុជាពេលនេះ និងលើកយកបញ្ហាដីកោះកម្ពុជាដែលវៀតណាមបានរំលោភទៅទាំងបំពានកន្លងមកទាំងអស់ មកដោះស្រាយតាមវិធានការអន្តរជាតិ រួមមានយន្តការអង្គការសហប្រជាជាតិ។

ក្រុមនេះក៏បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជាប្រើយន្តការអាស៊ាន និងយន្តការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយប្តឹងករណីរំលោភបូរណភាពទឹកដីកម្ពុជានេះ ទៅតុលាការអន្តរជាតិដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-វៀតណាមនេះតែម្តង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស