នយោបាយ

អ្នកវិភាគចាស់វស្សាថា មាត្រានៃច្បាប់ខ្លះត្រូវលុបចោល មិនគួរយកមកអនុវត្តទេ ព្រោះនាំឱ្យអធម្មនុញ្ញភាព

By ឌឹ ខេមបូឌា ដេលី

October 31, 2020

អ្នកវិភាគនយោបាយឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា វាជារឿងមិនត្រឹមត្រូវនោះឡើយ ដោយយកតែមាត្រា៧ នៃរដ្ឋធម្ម នុញ្ញ ដែលចែងថា “ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជ្យសម្បត្តិ តែទ្រង់មិនកាន់អំណាចឡើយ” មកសំអាង ហើយមិនគាំទ្រ និងសហការជាមួយព្រះមហាក្សត្រនោះ។

នៅថ្ងៃទី ២៩ខែតុលា ឆ្នាំ២០២០នេះ ជាខួបលើកទី១៦ ព្រះវស្សានៃការយាងគ្រងព្រះរាជសម្បត្តិរបស់ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

លើកឡើងនៅលើគណនីហ្វេសប៊ុកនៅថ្ងៃទី ២៩ខែតុលា លោកបណ្ឌិត ឡៅ ម៉ុងហៃ ឱ្យដឹងថា ដោយសារតែគ្មានការយល់ដឹង ឬក៏មិនអនុវត្តគោលការណ៍ច្បាប់មួយដែលគេហៅថា ជាច្បាប់ពិសេសជាក់លាក់មានអានុភាពលើច្បាប់ទូទៅ នៅពេលមានទំនាស់រវាងច្បាប់ពិសេសជាក់លាក់ណាមួយ ដូចជា មាត្រា ២៧នៃរដ្ឋធម្មនុញ្ញ ដែលចែងថា “ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោសនិងលើកលែងទោស”។ ដូច្នេះព្រះមហាក្សត្រ អាចបន្ធូរបន្ថយទោស ឬលើកលែងទោសតាមការឆ្វេងយល់របស់ទ្រង់បាន ។

ប៉ុន្តែ មាត្រា ៧៥ និង៧៧នៃច្បាប់ស្តីពន្ធនាគារ ដែលចែងថាព្រះមហាក្សត្រអាចប្រើប្រាស់ព្រះរាជសិទ្ធិរបស់ព្រះអង្គតាមមាត្រា២៧បាន លុះត្រាណាមានសំណើពីប្រមុខរដ្ឋាភិបាលជាមុនសិន។ លោកចាត់ទុកថា ការធ្វើដូច្នេះគឺមិនត្រឹមត្រូវនោះទេ។ លោក បណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា មាត្រា៧៥ និង៧៧ នៃច្បាប់ពន្ធនាគារ គឺអធម្មនុញ្ញភាព និងត្រូវលុបចោល ហើយមិនត្រូវយកមកអនុវត្តនោះឡើយ ។

មាត្រានៃរដ្ឋធម្មនុញ ដែលកំណត់តួនាទីទាំងឡាយរបស់ព្រះមហាក្សត្រ ក៏ជាច្បាប់ពិសេសជាក់លាក់ទាំងអស់ដែរ។ ប៉ុន្តែត្រូវអនុវត្តបានលុះតែរដ្ឋាភិបាល និងស្ថាប័នជាតិឯទៀតគាំទ្រ និងសហការជាមួយព្រះអង្គ ដើម្បីឲ្យព្រះអង្គបំពេញតួនាទីទាំងនោះបាន ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា ការមិនផ្តល់ការគាំទ្រ និងសហការដែលចាំបាច់នោះ គឺអធម្មនុញ្ញភាព ។

លោកបន្តថា មិនត្រឹមតែគាំទ្រនឹងសហការតែប៉ុណ្ណោះទេ តែត្រូវស្តាប់ព្រះរាជតម្រិះរបស់ព្រះអង្គផងដែរ ក្នុងការបំពេញតួនាទីរបស់ទ្រង់ទាំងឡាយ ។

បណ្ឌិត ឡៅ ម៉ុងហៃ ស្នើសុំបន្ថែមថា ព្រះមហាក្សត្រជា ព្រះប្រមុខរដ្ឋ ខណ:ដែលរដ្ឋយកចិត្តទុកដាក់ជាអាទិភាពចំពោះជីវភាពរស់នៅ និងសុខុមាលភាពរបស់ពលរដ្ឋ ។ លើសពីនេះ ព្រះអង្គជួយរដ្ឋក្នុងបំពេញភារកិច្ចនេះតាមរយៈអំណាច ព្រះរាជសិទ្ធិ និងតួនាទីរបស់ព្រះអង្គ ។

ព្រះរាជតួនាទីមួយចំនួនរបស់ព្រះមហាក្សត្រខ្មែរ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ បានកំណត់ក្នុងមាត្រាមួយចំនួន ដូចជាមាត្រា៨ ដែលចែងថា ព្រះមហាក្សត្រទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ ហើយជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ ព្រះអង្គជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ ។

ដោយឡែក មាត្រា ៩ ចែងថា ទ្រង់មានព្រះរាជតួនាទីខ្ពង់ខ្ពស់ ជាអាជ្ញាកណ្តាលដើម្បីធានាការប្រព្រឹត្តទៅនៃអណាចសាធារណ:ឲ្យមានភាពទៀងទាត់ ។

រីឯមាត្រា២៣ ចែងថាព្រះមហាក្សត្រខ្មែរជា មេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ  ហើយមាត្រា២៤ថ្មី ចែងថាព្រះអង្គជា ព្រះអធិបតីនៃឧត្តមក្រុមប្រឹក្សាការពារជាតិថែមទៀត។

បន្ថែមពីនេះ មាត្រា ១៣២ថ្មី ចែងថា ព្រះអង្គជាអ្នកធានាឯករាជ្យនៃអំណាចតុលាការ។ ហើយមាត្រា ១៣៤ថ្មី ក៏បានចែងថា ទ្រង់ជាព្រះអធិបតីនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ ចំណែកមាត្រា ១៤៨ ក៏បានចែងថាព្រះអង្គជាព្រះអធិបតីនៃសមាជាតិ ផងដែរ៕