26 C
Phnom Penh

លោក កឹម សុខា បញ្ចាក់ថា ភាពបរិសុទ្ធរបស់មនុស្សល្អមិនអាចនរណាម្នាក់លុបបំបាត់បានឡើយ ទោះត្រូវគេមួលបង្កាច់លាបពណ៌យ៉ាងណាក៏ដោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេបក្សប្រឆាំងដែលកំពុងរងការរឹតត្បិតសេរីភាពបានអះអាងថា មនុស្សបរិសុទ្ធ ដែលមានគុណតម្លៃពិត ទោះបីទទួលរងការចោទប្រកាន់មួលបង្កាច់ ការជេរប្រមាថ លាបពណ៌ មានឬមិនមានតួនាទីឋានៈបុណ្យស័ក្តិ ធ្លាក់ដល់ទីណាក៏ដោយ ក៏បណ្ឌិតរូបនោះនៅតែស្វះស្វែងរក ទទួលស្គាល់ និងផ្តល់តម្លៃចំពោះបុគ្គលដែលតម្កល់នូវគុណធម៌ជាធំនោះដែរ។

លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានបង្ហោះសារលើគណនីយ ហ្វេស ប៊ុក ផ្លូវការរបស់លោកថា ប្រទេសជាមិត្ត ដែលប្រកាន់យកនូវគោលការណ៍ប្រជាធិបតេយ្យ លើកស្ទួយគុណតម្លៃសិទ្ធិមនុស្ស នៅតែគោរព និងផ្តល់តម្លៃដល់រូបលោក ក្នុងនោះមានទូតតំណាងប្រទេសខ្លះ ដែលមានស្ថានទូតនៅប្រទេសថៃ ទោះបីមិនអាចធ្វើដំណើរមកជួបលោកផ្ទាល់ ក៏តែងតែផ្ញើរសារមកសួរសុខទុក្ខ និងចង់ដឹងពីស្ថានភាព សិទ្ធិសេរីភាព សុវត្ថិភាពរបស់លោក ហើយបន្តតាមដាន ឃ្លាំមើលស្ថានភាពរបស់លោកជាប្រចាំផងដែរ។

លោកថា ជាងនេះទៀតក៏មានមន្ត្រីទូតដែលជាតំណាងប្រទេសផ្សេងទៀត មកជួបលោកដល់គេហដ្ឋាន និងអញ្ជើញលោកទៅស្ថានទូតរបស់ពួកគេ ដើម្បីសួរសុខទុក្ខ ទទួលទានអាហារ សម្តែងពីកង្វល់ ចំពោះស្ថានភាពសិទ្ធិសេរីភាព សុវត្ថិភាពរបស់លោក និងបញ្ជូនវេជ្ជបណ្ឌិតមកជួយពិនិត្យព្យាបាល ហើយតាមដានសុខភាពលោកជាញឹកញាប់។ លោកអះអាងថា មាសទឹកដប់ ទោះបីគេទម្លាក់ក្នុងភក់ជ្រាំ ក៏នៅតែជាមាសទឹកដប់ និងនៅតែមានតម្លៃដដែល។

មេបក្សប្រឆាំងរូបនេះបានថ្លែងអំណរគុណដល់ ជនរួមជាតិខ្មែរ ទាំងក្នុង និងក្រៅប្រទេស ដែលនៅតែគាំទ្រ នូវជំហរអហិង្សា មិនយកខ្មែរណាជាសត្រូវ ការតស៊ូអត់ធ្មត់របស់លោក និងគោរពស្រឡាញ់រាប់អាន នឹករលឹក ដោយបានមកសួរសុខទុក្ខរូបលោកដល់គេហដ្ឋាន ស្កាត់ជួបនៅទីសាធារណៈ និងតាមរយៈការផ្ញើរសារពីចម្ងាយផងដែរ។

ម្យ៉ាងវិញ ពួកគេបានធ្វើជំនួយមនុស្សធម៌ តាមរយៈរូបលោក ជួយដល់ពលរដ្ឋខ្មែរដែលរងគ្រោះដោយទឹកជំនន់ ជាមួយនឹងអាជ្ញាធររដ្ឋាភិបាល និងធ្វើដោយផ្ទាល់ទោះបីលោកស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ។

លោក មុត ចន្ថា មន្ត្រីជាន់ខ្ពស់អតីតបក្សសង្គ្រោះជាតិ បានអះអាងថា មនុស្សជាតិគឺប្រៀបាននឹងមហាសមុទ្រ ទោះបីទឹកសមុទ្រល្អក់២-៣ដំណក់ ក៏មិនអាចធ្វើឱ្យមហាសមុទ្រទាំងមូលក្លាយជាល្អក់បានដែរ។

លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការចោទប្រកាន់ពីបទឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជាហើយត្រូវអាជ្ញាធរកម្ពុជាចាប់ឃុំខ្លួន កាលពីខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ។ ក្រោយមកលោកត្រូវបានផ្ទេរការឃុំខ្លួនពីពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ មកឃុំឃាំងក្នុងផ្ទះរបស់លោកវិញនៅក្រោមហេតុផលសុខភាពមិនប្រក្រតី។

ប៉ុន្តែ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ តុលាការក្រុងភ្នំពេញបានចេញដីកាដោះលែងរូបលោក ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ប៉ុន្តែស្ថិតក្រោមការត្រូតពិនិត្យរបស់តុលាការដដែល។ នៅក្រោមលក្ខខណ្ឌថ្មីនេះលោកកឹមសុខា មានសេរីភាពដើរហើរនៅគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា ប៉ុន្តែហាមមិនឲ្យចេញទៅក្រៅប្រទេស ឬធ្វើសកម្មភាពនយោបាយឡើយ។

មន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា អះអាងថា មានតែធ្វើការតស៊ូមតិដោយអហិង្សាតាមប្រព័ន្ធតុលាការ និងតាមរយៈអង្គទូតនានាប៉ុណ្ណោះ ទើបអាចដោះស្រាយវិបត្តិនយោបាយនៅកម្ពុជាបាន ទោះត្រូវមានការចោទប្រកាន់ពីមជ្ឈដ្ឋានខ្លះក៏ដោយ ត្បិតការដោះស្រាយដោយប្រើវិធីផ្តួលរំលំ គឺជាការបង្កើតឲ្យមានការបែកបាក់ជាតិកាន់តែធ្ងន់ធ្ងរទៅវិញ។

ក្រុមអ្នកឃ្លាំមើលអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាលើកលែងការចោទ លោក កឹម សុខា ត្បិតការចោទប្រកាន់នេះគឺជារឿងនយោបាយសុទ្ធសាធ មិនមែនជាកំហុសផ្លូវច្បាប់ដូចការលើកឡើងនោះឡើយ។

យ៉ាងណាក៏ដោយ សំណុំរឿងរបស់ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា កំពុងស្ថិតនៅក្នុងដំណើរការនីតិវិធីកាត់សេចក្តីរបស់តុលាការក្រុងភ្នំពេញនៅឡើយក្នុងពេលបច្ចុប្បន្ននេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស