37 C
Phnom Penh

នៅថ្ងៃទី២៩ តុលានេះ ភ្លៀងបន្តធ្លាក់ស្ទើរទូទាំងប្រទេសកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្របពេលដែលកម្ពុជាកំពុងជួបព្យុះទី១៨ ឈ្មោះ ម៉ូឡាវ ដែលបង្កើនឥទ្ធិពលក្នុងសមុទ្រចិនខាងត្បូង នោះ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីព្រឹកព្រលឹមថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ មានភ្លៀងធ្លាក់ពីខ្សោយ ទៅមធ្យម នៅតាមបណ្តាខេត្តមួយចំនួន រួមទាំងខេត្តជាប់មាត់សមុទ្រ ដូចជានៅ ខេត្តកោះកុង ដែលមានភ្លៀងរលឹមតិចៗ នៅតាមក្រុងខេមរភូមិន្ទ, ស្រុកមណ្ឌលសីម៉ា, ស្រុកកោះកុង និងស្រុកបូទុមសាគរ។

ចំណែកខេត្តព្រះសីហនុ មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ទៅមធ្យម នៅក្រុងព្រះសីហនុ, ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ។

រីឯខេត្តកំពត និងខេត្តកែប គឺមានភ្លៀងធ្លាក់ ក្នុងកម្រិតខ្សោយ ដោយផ្ទៃមេឃ នៅតាមខេត្តជាប់ឆ្នេរសមុទ្រទាំង០៤ គឺមានពពកខ្មៅ និងមិនមានពន្លឺថ្ងៃនោះទេ។ ចំណែក ខេត្តបន្ទាយមានជ័យ មានភ្លៀងធ្លាក់កម្រិតខ្សោយទៅមធ្យម នៅស្រុកអូរជ្រៅ, ក្រុងប៉ោយប៉ែត, ក្រុងសិរីសោភ័ណ និងស្រុកម៉ាលៃ។

ដោយឡែកនៅខេត្តសៀមរាបវិញ  គឺមានភ្លៀងធ្លាក់ កម្រិតខ្សោយ ទៅមធ្យម នៅក្រុងសៀមរាប, ស្រុកជីក្រែង, ស្រុកសូទ្រនិគម, ស្រុកបាគង, ស្រុកស្វាយលើ, ស្រុកអង្គរធំ, ស្រុកពួក, ស្រុកក្រឡាញ់ និងស្រុកស្រីស្នំ។

ងាកទៅខេត្តរតនគិរីឯណោះ ផ្ទៃ មេឃគ្របដណ្តប់ដោយពពកខ្មៅអួរអាប់ ពុំមានពន្លឺថ្ងៃ និងមានភ្លៀងធ្លាក់ ក្នុងកម្រិតខ្សោយ នៅគ្រប់ក្រុង-ស្រុក ទូទាំងខេត្តនេះ។ ចំណែកនៅខេត្តកំពង់ធំ នៅថ្ងៃព្រហស្បត្តិ៍ទី២៩ ខែតុលានេះ ផ្ទៃមេឃមានសភាពអួរអាប់ទូទាំងខេត្ត និងមានរលឹមស្បៃក្រូចថែមទៀត។ រីឯនៅខេត្តឧត្តរមានជ័យ មានភ្លៀងធ្លាក់កម្រិតពីខ្សោយ ទៅមធ្យម នៅទូទាំងខេត្ត។

ងាកមករាជធានីភ្នំពេញ ឯណោះវិញ មានភ្លៀងរលឹមនៅតាមតំបន់ខ្លះ ហើយផ្ទៃមេឃមានពពកខ្មៅអួរអាប់។ ប្រភពដដែលបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែតុលានេះ ស្ថានភាពទឹកភ្លៀង នៅតាមបណ្តារាជធានី-ខេត្តនានា ទូទាំងប្រទេសកម្ពុជា មិនទាន់មានសញ្ញាប្រកាសអាសន្ន ពីជំនន់ទឹកភ្លៀងនេះជាបន្តទៀតនោះទេ។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញរបាយការណ៍ថា គិតត្រឹមល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀង បានប៉ះពាល់ ២០រាជធានី-ខេត្ត ឬស្មើ ១២១ ក្រុង-ស្រុក-ខណ្ឌ រួមមាន៖ ខេត្តពោធិ៍សាត់  ប៉ៃលិន, បន្ទាយមានជ័យ, រាជធានីភ្នំពេញនិងបណ្តាខេត្ត ក្រុង សុ្រក ខណ្ឌជាច្រើនទៀត។

ជំនន់ទឹកភ្លៀងនេះ បានប៉ះពាល់ពលរដ្ឋប្រមាណជាង១សែន ៤ម៉ឺន ៩ពាន់ គ្រួសារ ឬស្មើនឹងជិត ៦សែននាក់។ ជំនន់ទឹកភ្លៀងនេះ បានសម្លាប់មនុស្សចំនួន ៤៤នាក់ និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋជាង១សែន ៣ម៉ឺន ខ្នង ហើយខូចខាតផ្ទះទាំងស្រុងចំនួន ៦៣ខ្នង៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស