35 C
Phnom Penh

លោក ហ៊ុន សែន ប្រាប់ឱ្យអាជ្ញាធរទាំងអស់រក្សាសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យអុំទូក ទោះបីជាពីធីនេះខកខានមិនបានប្រារព្ធក្តី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន  បានអំពាវនាវដល់ អាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីឱ្យពលរដ្ឋ និងទេសចរបរទេសមានឱកាសសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យអុំទូកនៅឆ្នាំនេះ បើទោះបីមិនមានពិធីបុណ្យអុំទូកនៅភ្នំពេញក្តី។

ទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែន នៅថ្ងៃ៣០ខែតុលា បានបញ្ជាក់ថា «ថ្ងៃនេះជាថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែ និងអកអំបុក សម្រាប់ឆ្នាំ២០២០។ ប៉ុន្តែថ្វីត្បិតមិនមានពិធីប្រណាំងទូកនៅទីក្រុងភ្នំពេញក៏ដោយ ក៏ពលរដ្ឋអាចកម្សាន្តសប្បាយរីករាយនៅតាមបណ្ដាខេត្តនានា ទៅតាមទំនៀមទម្លាប់របស់ខ្មែរដែរ។

លោក ហ៊ុន សែន ក៏បានអំពាវនាវឱ្យពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តឲ្យបានជាប់ជាប្រចាំនូវការណែនាំរបស់ក្រសួងសុខាភិបាល។

ប្រភពដដែលក៏បានបញ្ជាទៅអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អក្នុងឱកាសឈប់សម្រាកនេះផងដែរ។ 

រដ្ឋាភិបាលបានប្រកាសផ្អាកការរៀបចំពិធីបុណ្យអុំទូកនៅឆ្នាំ២០២០នេះ ក្រោមហេតុផលដើម្បីទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ស្របពេលដែលកម្ពុជាកំពុងរងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់ផងដែរ។ ត្បិតតែមិនមានការរៀបចំពិធីបុណ្យអុំទូកនៅភ្នំពេញក្តី ប៉ុន្តែមន្ត្រីរាជការ បុគ្គលិកឯកជន កម្មករជាដើមត្រូវបានអនុញ្ញាតឱ្យឈប់សម្រាករយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ៣០ខែតុលា ដល់ថ្ងៃទី ២ខែវិច្ឆិកា។

កាលពីបណ្តាឆ្នាំមុនៗ ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានរដ្ឋាភិបាលផ្អាកការរៀបចំជាច្រើនលើក ក្រោមហេតុផលផ្សេងៗ ដូចជាព្រះមហាក្សត្រសម្តេចព្រះនរោត្តម សីហនុ យាងសោយទីវង្គត់ បញ្ហាទឹកជំនន់ និងទឹកទន្លេមេគង្គរាក់ពេកជាដើម៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស