មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌បានឱ្យដឹងថា ទណ្ឌិតជិត៧០០នាក់(៦៩៥) ក្នុងនោះមានស្រី ៦៥នាក់ ត្រូវបានដាក់ទៅក្នុងបញ្ជីស្នើសុំលើកលែងទោស និងបន្ធូរបន្ថយទោស នៅក្នុងឱកាសពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២០នេះ។
ទំព័រហ្វេសប៊ុករបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព កាលពីថ្ងៃម្សិលមិញបញ្ជាក់ថា ទណ្ឌិតជាង ១ពាន់នាក់ មកពីតាមបណ្ដាពន្ធនាគាររាជធានី-ខេត្តចំនួន២៤ និងមណ្ឌលអប់រំកែប្រែចំនួន៤ បានដាក់ពាក្យសុំស្នើបន្ធូរបន្ថយ និងលើកលែងទោស នាឱកាសពិធីបុណ្យអុំទូក។ ប៉ុន្តែលោកថាជាលទ្ធផលនៃការពិនិត្យ និងវាយតម្លៃ មានតែទណ្ឌិត ៦៩៥ នាក់ប៉ុណ្ណោះ ត្រូវបានសម្រេចបញ្ចូលទៅក្នុងបញ្ជីសម្រាប់ស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស។
ប្រភពដដែលបញ្ជាក់ថា ទណ្ឌិតដែលត្រូវបានជ្រើសរើសលើកលែង និងបន្ធូរបន្ថយទោសទាំងនោះ ត្រូវបានពិនិត្យ និងវាយតម្លៃពីសំណាក់រដ្ឋមន្រី្តក្រសួងយុត្តិធម៌ និងប្រធានគណៈកម្មការថ្នាក់ជាតិទៀតផង។
តាមនីតិវិធីក្រោយការសម្រេចជ្រើសរើសរួច បញ្ជីឈ្មោះទណ្ឌិតទាំងនោះ ត្រូវបានស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទូលថ្វាយព្រះមហាក្សត្រដើម្បីព្រះរាជទានការអនុគ្រោះទោសដល់ពួកគេ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ដដែលឲ្យដឹងទៀតថា ទណ្ឌិតទាំង ៦៩៥នាក់នោះ នឹងត្រូវដាក់ស្នើសុំបន្ថយទោសមួយជីវិត មកនៅត្រឹមទោស២០ឆ្នាំចំនួន៥នាក់, ស្នើសុំលើកលែងទោសចំនួន១៩នាក់ ក្នុងនោះអ្នកមានជំងឺរ៉ាំរ៉ៃ និងចាស់ជរា។ ចំណែកទណ្ឌិត ដែលស្នើសុំបន្ធូរបន្ថយទោស១២ខែ មាន៩២នាក់ ហើយស្នើសុំបន្ធូរបន្ថយទោស៩ខែ មាន៩៥នាក់ និងស្នើសុំបន្ធូរបន្ថយទោស៦ខែ មានចំនួន៤៨៤នាក់។ ប៉ុន្តែលោកមិនបានបង្ហាញបញ្ជីឈ្មោះទណ្ឌិតដែលត្រូវស្នើសុំលើកលែង និងបន្ធូរបន្ថយទោសនោះឡើយ។
កន្លងមក ក្រុមសង្គមស៊ីវិល តែងស្នើឱ្យរដ្ឋាភិបាលធ្វើការងារនេះ ដោយតម្លាភាព គ្មានអំពើពុករលួយ និងមិនត្រូវរើសអើងនយោបាយនោះឡើយ។ ការស្នើនេះ ដោយសារកន្លងមក ការស្នើសុំលើកលែង និងបន្ធូរបន្ថយទោសនេះ ធ្វើឡើងដោយគ្មានតម្លាភាព និងមានពាក់ព័ន្ធអំពើពុករលួយផងដែរ។
ជាក់ស្តែង អតីតមន្ត្រីគណបក្សសង្រ្គោះជាតិ និងសកម្មជនសិទ្ធិមនុស្សតែងគ្មានឈ្មោះ ក្នុងបញ្ជីស្នើសុំលើកលែងទោស និងបន្ធូរបន្ថយទោសនោះឡើយ បើទោះបីជាពួកគេគ្រប់លក្ខខណ្ឌដើម្បីដាក់ស្នើសុំយ៉ាងណាក្តី។
ការលើកលែង និងបន្ធូរបន្ថយទោសដល់ទណ្ឌិតនៅកម្ពុជា ត្រូវបានធ្វើឡើង៣លើកក្នុងមួយឆ្នាំ រួមមានក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យពិសាទបូជា និងពិធីបុណ្យអុំទូក៕