27 C
Phnom Penh

រដ្ឋាភិបាលនឹងបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៅចុងខែវិច្ឆិកា ដើម្បីជួយរួមចំណែកស្តារសេដ្ឋកិច្ចជាតិឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សេចក្តីព្រាងច្បាប់ថ្មីស្តីពីវិនិយោគនៅកម្ពុជា គ្រោងនឹងបញ្ចប់នៅចុងខែវិច្ឆិកា ឆ្នាំ២០២០នេះ ដែលច្បាប់នេះត្រូវបានរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីវិស័យឯកជនផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីថ្ងៃ  ទី២៨ ខែតុលាបានលើកឡើងអំពីការថ្លែងរបស់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអូន ព័ន្ធមុនីរ័ត្ន ដោយបញ្ជាក់ថា ការគ្រោងបញ្ចប់សេចក្តីព្រាងច្បាប់ថ្មីស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា នៅចុងខែវិច្ឆិកានេះ គឺដើម្បីឱ្យច្បាប់នេះអាចចូលរួមចំណែកពន្លឿនការស្តារឡើងវិញនូវសក្តានុពល និងកំណើនសេដ្ឋកិច្ចកម្ពុជា។

លើសពីនេះ លោកថាសេចក្តីព្រាងច្បាប់នេះនឹងជំរុញទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា ហើយបង្កើន ឱកាសរីកលូតលាស់កាន់តែខ្លាំងក្លាដល់វិស័យឯកជន ក្នុងបរិបទនៃជំងឺកូវីដ-១៩ផងដែរ។

ការអះអាងរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកអូន ព័ន្ធមុនីរ័ត្ន នេះ ធ្វើឡើងកិច្ចប្រជុំក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ចនៃវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។

លោកអូន ព័ន្ធមុនីរ័ត្ន អះអាងថា សេចក្តីព្រាងច្បាប់ថ្មីនេះគឺបានគិតគូរយ៉ាងដិតដល់អំពីលក្ខណៈបើកចំហរ ភាពអំណោយផល និងការទាក់ទាញការវិនិយោគ បង្កើតរបបលើកទឹកចិត្តមួយដែលមានលក្ខណៈប្រកួតប្រជែង ជាពិសេស ផ្តល់ការការពារនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិននៅកម្ពុជា។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងដដែល បានស្រង់ការលើកឡើងរបស់ សហប្រធានក្រុមផ្នែកឯកជនវិញលោក Bretton G. Scaironi ដោយបានសំដែងនូវការគាំទ្រដល់ការរៀបចំច្បាប់ថ្មីនេះ និង សំដែងសេចក្តីរីករាយ ដែលបានផ្តល់ឱកាសឱ្យវិស័យឯកជន បានចូលរួមពិនិត្យ និងផ្តល់យោបល់ ដើម្បីបង្កើតបរិយាកាសទាក់ទាញការវិនិយោគកាន់តែខ្លាំង។ លោកបន្តថា  សេចក្តីព្រាងច្បាប់ថ្មីនេះ ត្រូវបានរៀបចំឡើងនៅក្នុងពេលវេលាមួយដ៏សមស្រប និងជាឱកាសល្អមួយដែលត្រូវគិតគូរអំពីការជំរុញកំណើនសេដ្ឋកិច្ច ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស