ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា អះអាងថាសន្តានចិត្តជាភាតរៈ ឬជាបងប្អូនរបស់ពលរដ្ឋខ្មែរនៅគ្រប់ទិសទី បានធ្វើឲ្យលោករឹតតែមិនចង់ និងមិនត្រូវឃ្លាតឆ្ងាយពីពួកគាត់ឡើយ។
ប្រធានបក្សប្រឆាំងរូបនេះ អះអាងនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៣០ ខែតុលា ថា លោកបានធ្វើដំណើរមកកាន់ខេត្តព្រះវិហារ ដោយនាំយកឧបករណ៍សូឡា ឬអគ្គីសនីពន្លឺព្រះអាទិត្យ មកប្រគេនព្រះសង្ឃសម្រាប់ប្រើប្រាស់ក្នុងវត្ត ដែលស្ថិតក្នុងព្រៃដាច់ស្រយាល មិនទាន់មានភ្លើងអគ្គិសនីរដ្ឋចូលទៅដល់។
ជាមួយគ្នានោះ លោកក៏បានយកពូជដូងក្រអូប ប្រគេនព្រះសង្ឃសម្រាប់ដាំក្នុងវត្ត និងចែកជូនពុទ្ធបរិស័ទចំណុះជើងវត្តខ្លះដែរ។ បន្ថែមពីការប្រគេនទេយ្យទានចំពោះព្រះសង្ឃផ្ទាល់ លោកកឹម សុខា ក៏បានផ្តល់នូវជំនួយមនុស្សធម៌របស់បងប្អូនខ្មែរដែលរស់នៅក្រៅប្រទេស មានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ាវ ជូនដល់ពលរដ្ឋដែលខ្វះខាតខ្លាំងចំនួន១រយគ្រួសារ តាមរយៈព្រះសង្ឃនៅទីនោះទៀតផង។
លោកថា ជាការចៃដន្យ តាមទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ពេលនេះជាឱកាសបុណ្យអុំទូក សំពះព្រះខែ អកអំបុក ទោះបីឆ្នាំមកនេះ យើងមិនបានប្រារព្ធពិធីបុណ្យអុំទូកក៏ដោយ ប៉ុន្តែបងប្អូនពុទ្ធបរិស័ទខ្មែរដែលលោកបានទៅជួបនៅថ្ងៃសុក្រនេះ ក៏បានយកអំបុក ចេក ដូង មកពិសារជុំគ្នាជាមួយលោក និងសហការីទៀតផង។
លើសពីនេះទៀត ពួកគាត់ក៏បានវេចខ្ចប់ផ្ញើមកជូនភរិយាលោក សម្រាប់ធ្វើពិធីអកអំបុកក្នុងពេលខែពេញបូណ៌មីផងដែរ។
មេបក្សប្រឆាំងដែលនៅមានរឿងក្តីក្តាំនៅតុលាកានៅឡើយនោះ លើកឡើងថា លោកមានមោទនភាព និងអរគុណណាស់ នូវសន្តានចិត្តជាភាតរៈ របស់ពលរដ្ឋខ្មែរនៅគ្រប់ទិសទី។ ទឹកចិត្តទាំងនោះហើយ ដែលធ្វើឲ្យលោករឹតតែមិនចង់ និងមិនត្រូវឃ្លាតឆ្ងាយពីបងប្អូនឡើយ។
ចាប់តាំងពីលោកកឹម សុខា បានប្រឡូកក្នុងវិស័យសិទ្ធិមនុស្ស និងនយោបាយនៅកម្ពុជាមក ដោយសារតែភាពមិនរត់ចោលពលរដ្ឋ និងមាតុភូមិនេះហើយ បានធ្វើឱ្យមេបក្សជំទាស់រូបនេះ ធ្លាប់ជាប់ពន្ធនាគារមិនតិចជាង៣ដងឡើយ និងត្រូវបានជាប់ឃុំក្នុងទីស្នាក់ការគណបក្សអស់ជាច្រើនខែថែមទៀត។
សំណុំរឿងចុងក្រោយ ដែលធ្វើឱ្យលោកត្រូវបានអាជ្ញាធរលោកហ៊ុន សែន ចាប់ខ្លួនដាក់ពន្ធនាគារ គឺពាក់ព័ន្ធករណីចោទប្រកាន់ពីបទក្បត់ជាតិ តាមការចោទប្រកាន់របស់លោក ហ៊ុន សែន។
អាជ្ញាធរបានចាប់ខ្លួនលោកកឹម សុខា ដាក់ពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ២០១៧ ហើយមួយឆ្នាំក្រោយមកលោកត្រូវបានបញ្ជូនខ្លួនមកឃុំនៅផ្ទះរបស់លោកនារាជធានីភ្នំពេញវិញ ក្រោមហេតុផលសុខភាពរបស់លោក។
រហូតដល់ខែវិច្ឆិកាឆ្នាំ២០១៩ ក្រោយផែនការវិលចូលប្រទេសកម្ពុជារបស់លោក សម រង្ស៊ី បរាជ័យ តុលាការក្រុងភ្នំពេញបានសម្រេចកែប្រែលក្ខខណ្ឌឃុំខ្លួនលោកកឹម សុខា ដោយផ្តល់សេរីភាពដល់លោកច្រើនជាងមុន ប៉ុន្តែត្រូវបានហាមមិនឱ្យលោកធ្វើសកម្មភាពនយោបាយ និងមិនត្រូវចេញទៅក្រៅប្រទេសឡើយ។
ក្នុងគ្រាលលោកមានសេរីភាពច្រើនជាងមុនេះ លោកកឹម សុខា និងសហការីរបស់លោក បានចាប់ផ្តើមចេញដំណើរទៅតាមបណ្តាខេត្តមួយចំនួន ហើយបានជួបជាមួយពលរដ្ឋ ធ្វើបុណ្យធ្វើទានតាមប្រពៃណីសាសនា និងចុះចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ជាហូរហែ។
កន្លងមកតុលាការក្រុងភ្នំពេញ ធ្លាប់បានចេញលិខិតព្រមានលោក កឹម សុខា ម្តង ចំពោះការចុះជួបពលរដ្ឋ និងអតីតសហការីរបស់ខ្លួន ដោយថាលោកត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបម្រាម ដែលតុលាការបានកំណត់ជូនលោក៕