34.8 C
Phnom Penh

EU ផ្តល់ជំនូយសង្គ្រោះបន្ទាន់ជាទឹកប្រាក់ ៤៧ ម៉ឺនដុល្លារអាមេរិកដល់ពលរដ្ឋខ្មែរដែលកំពុងរងវិបត្តិដោយទឹកជំនន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់សហគមន៍អ៊ឺរ៉ុប អះអាងថា សហភាពអ៊ឺរ៉ុបបានផ្តល់ជំនួយមនុស្សធម៌ក្នុងទំហំទឹកប្រាក់ ៤០ម៉ឺន អឺរ៉ូ ស្មើនឹង ៤៧ម៉ឺនដុល្លារអាមេរិក ឬត្រូវជា ១ពាន់ ៩០០លានរៀល នឹងត្រូវដោះស្រាយតម្រូវការបន្ទាន់ជាក់ស្តែង ដើម្បីជួយដល់ពលរដ្ឋកម្ពុជាដែលកំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរបណ្តាលមកពីជំនន់ទឹកភ្លៀង។

លោក Olivier Brount មន្ត្រីជាន់ខ្ពស់របស់សហគមន៍អ៊ឺរ៉ុបទទួលបន្ទុកខាងមនុស្សធម៌ប្រចាំតំបន់មេគង្គ បញ្ជាក់ថា ជំនួយមនុស្សធម៌នេះបង្ហាញពីសាមគ្គីភាពរបស់សហគមន៍អ៊ឺរ៉ុបជាមួយប្រជាជនកម្ពុជាដែលកំពុងរងគ្រោះដោយទឹកជំនន់ចាប់ពីដើម ខែតុលា មក ដែលបានបណ្តាលឲ្យខូចខាតផ្ទះសម្បែងជាច្រើនខ្នង និងបានបាត់បង់អាយុជីវិតមនុស្សជាច្រើននាក់។

លោកថា មូលនិធិនេះ គឺជាគម្រោងដ៏ធំមួយសម្រាប់ឆ្លើយតបភ្លាមៗរបស់សហគមន៍អ៊ឺរ៉ុប ដែលនឹងជួយជ្រោមជ្រែងដល់ដៃគូរមនុស្សធម៌ជាច្រើនទៀត ក្នុងការសង្គ្រោះជីវិតប្រជាជនដែលងាយរងគ្រោះ និងធានាឲ្យបាននូវភាពគ្រប់គ្រាន់របស់ពួកគេក្នុងពេលដ៏លំបាកនេះ។

មន្ត្រីជាន់ខ្ពស់រូបនេះ អះអាងថា ថវិកាមនុស្សធម៌នេះនឹងផ្តល់ជូនដល់ពលរដ្ឋរងគ្រោះទាំងនោះដោយផ្ទាល់ផងដែរ ដើម្បីផ្គត់ផ្គង់លើម្ហូបអាហារ និងសេចក្តីត្រូវការជាក់ស្តែងរបស់ពួកគេ ក្នុងនោះក៏បានផ្តោតទៅលើ ពលរដ្ឋងាយរងគ្រោះបំផុត ក្រុមមនុស្សដែលបាត់បង់ឱកាស រួមបញ្ចូលទាំងស្ត្រីដែលជាមេគ្រួសារ និងពលរដ្ឋដែលបាត់បង់លទ្ធភាពទៀតផង។

ការអះអាងនេះធ្វើឡើងក្នុងសេចក្តីប្រកាសព័ត៌មានមួយរបស់សហគមន៍ អ៊ឺរ៉ុបចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ កន្លងទៅ ដែលលើកឡើងថា សហគមន៍អ៊ឺរ៉ុបផ្តល់ទឹកប្រាក់ ៤៧ ម៉ឺនដុល្លារអាមេរិក ដើម្បីជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅកម្ពុជា។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះ បញ្ជាក់ថា មូលនិធិនេះនឹងឧបត្ថម្ភដល់អង្គការមិនមែនរដ្ឋាភិបាលធំៗចំនួន២ គឺអង្គការសង្គ្រោះកុមារ ( Save the Children) និងអង្គការទស្សនៈពិភពលោក (World Vision) ដើម្បីចែកចាយជំនួយដ៏ចំបាច់ និងបន្ទាន់ទាំងនេះ រួមមានការចែកចាយទឹកស្អាត ឧបករណ៍អនាម័យ វិធីអនុវត្តអនាម័យឲ្យបានល្អ និងជំនួយសង្គ្រោះបន្ទាន់ផ្សេងៗទៀត។

ចាប់តាំងពីដើមខែតុលា ឆ្នាំ២០២០ នេះ ជំនន់ទឹកភ្លៀងបន្តឡើងឥតឈប់ ដែលបានប៉ះពាល់ជីវភាពប្រជាពលរដ្ឋសរុបជាង ៦០ ម៉ឺននាក់ និងធ្វើឲ្យខូចខាតលំនៅឋានជាង ១៣ ម៉ឺនខ្នង ព្រមទាំងពលរដ្ឋរងគ្រោះដែលបានជម្លៀសចេញមានប្រមាណជិត ៥ ម៉ឺននាក់ ជាងនេះទៀត ប្រទេសកសិកម្មដ៏ធំមួយនេះបានរងការខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើន រួមមានមជ្ឈមណ្ឌលសុខភាព អាគារសិក្សា ស្ពាន និងផ្លូវថ្នល់ ជាដើមយ៉ាងធ្ងន់ធ្ងរ។

អ្នកវិភាគនយោបាយសង្គម លោក គឹម សុខ បានប្រាប់ The Cambodia Daily នៅថ្ងៃនេះថា ជំនួយមនុស្សធម៌របស់សហភាពអឺរ៉ុប ផ្ដោតការយកចិត្តទុកដាក់ជួយពលរដ្ឋរងគ្រោះជាក់ស្តែយ៉ាងពិតប្រាកដ។  សហគមអន្តរជាតិនេះ តែងផ្ដល់ជំនួយបែបនេះ ទៅដល់ពលរដ្ឋគ្រប់ជាតិសាសន៍ ដែលជួបគ្រោះទុរភិក្សនៅជុំវិញពិភពលោក សូម្បីតែប្រទេសផ្ដាច់ការដូចកូរ៉េខាងជើងក៏ធ្លាប់ទទួលបានជំនួយរបស់ពួកគេដែរ ។

លោក បញ្ជាក់ថា ជំនួយនេះជាការបង្ហាញឲ្យឃើញថា សហភាពអឺរ៉ុបក្ដីអង្គការសហប្រជាជាតិក្ដី គឺតែងនៅជាមួយពលរដ្ឋខ្មែរ និងគាំទ្រពលរដ្ឋខ្មែរគ្រប់កាលៈទេសៈ ទោះក្នុងស្ថានភាពណាក៏ដោយ ជាពិសេសគាំទ្រឲ្យមានការប្រើសិទ្ធិស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រជាពលរដ្ឋ ដែលប្រាថ្នាចង់បានប្រជាធិបតេយ្យ ។

មូលធិនិរបស់សហគមន៍ អ៊ឺរ៉ុបត្រូវបានរៀបចំឡើងដោយកិច្ចសហប្រតិបត្តិការ ការពារជនស៊ីវិល និងជំនួយមនុស្សធម៌របស់គណៈកម្មាធិការអឺរ៉ុប (ECHO) ជាផ្នែកមួយនៃឆ្លើយតបន្ទាន់យ៉ាងស្រួចស្រាវ របស់សហភាពអ៊ឺរ៉ុប ដែលមានគោលបំណងឆ្លើយតបឲ្យបានទាន់ពេលចំពោះពលរដ្ឋដែលងាយរងគ្រោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស