34 C
Phnom Penh

ប្រមុខការទូតអាមេរិកប្រើប្រាស់ឥទិ្ធពលសេតវិមានចុងក្រោយនៅអាស៊ីមុនការបោះឆ្នោតប្រធានាធិបតី នៅសប្ដាហ៍ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រមុខការទូតអាមេរិកលោក Mike Pompeo បានបញ្ចាប់ទស្សនកិច្ចរបស់លោកនៅអាស៊ីចំនួន ៥ប្រទេស ដោយលោកចាប់យក ប្រទេសចំនួន៣នៅអាស៊ីខាងត្បូង និងប្រទេសចំនួន២នៅអាស៊ីអាគ្មេយ៍។

លោក រដ្ឋមន្ត្រីការបរទេស បានជាន់ដី ក្រុងញូវដែលីនៃប្រទេសឥណ្ឌាមុនគេ ហើយបន្ទាប់មក លោកបានទៅដល់ប្រទេសស្រីលង្កា និងកោះម៉ាល់ឌៀវ។ ចេញពីដែនដីកោះម៉ាល់ឌៀវ លោក Pompeo បានមកដល់តំបន់អាស៊ីអាគ្នេយ៍ គឺប្រទេស ឥណ្ឌូនេស៊ី និងវៀតណាម។ ទស្សនកិច្ចរបស់ ប្រមុខការទូតអាមេរិក នៅអាស៊ីពេលនេះគឺនៅសល់តែមួយបួនថ្ងៃទៀត ប៉ុណ្ណោះដែលការបោះឆ្នោតប្រធានាធិបតី                     អាមេរិក នឹងចូលមកដល់ហើយ។

លោកPompeo  បានឆ្លៀតប្រើប្រាស់ទស្សនកិច្ចរបស់លោកចុងក្រោយនេះ គឺចង់ប្រាប់ទៅចិនថា ទោះជា អាមេរិកកំពុងមមាញឹកនឹងការបោះឆ្នោតក៏ដោយ ក៏អាមេរិក ក្រោមរដ្ឋការរបស់លោកដូណាល់ត្រាំ មិនបានភ្លេចទេអំពីការពង្រឹងដៃគូ និងសម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងតំបន់។

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសអាស៊ីខាងត្បូងទាំង៣ប្រទេសនេះ  លោក Pompeo បានបន្តលើកទឹកចិត្ត ប្រទេសទាំងនោះ អោយស្ថិតក្នុងជំហរមួយ ដោយ មិនត្រូវផ្ដេកផ្ដួលទៅក្រោមឥទិ្ធពលចិន ដោយសារប្រាក់បំណុលនោះទេ។

តាមបណ្ដាញផ្សាយ ព័ត៌មាន Channel News Asia ប្រមុខការទូតអាមេរិកបានពោលពាក្យ ដូចនេះ នៅចំពោះមុខសមភាគី នៃប្រទេស ស្រីលង្កា។ លោកបានប្រាប់សមភាគីរបស់លោក ថាចិន ជាប្រទេស ទាញយកតែផលប្រយោជន៍ ពីប្រទេសទន់ខ្សោយ និងក្រីក្រ ហើយក្រោយមកធ្លាក់ក្នុងបំណុលដោយរើខ្លួនពុំរួច។

ការពិតប្រទេស ស្រីលង្កាបានរបូត កំពង់ផែសមុទ្ររបស់ខ្លួនមួយទៅហើយ ដោយសារគ្មានលុយសងបំណុលចិន ហើយកំពង់ផែនោះ ចិនសម្រេចយកជារបស់ចិនក្នុងកិច្ចសន្យាជួលផ្ដាច់មុខនឹងរាប់រយឆ្នាំ។        

ចំណែកប្រទេសឥណ្ឌា គឺមិនបានធ្វើអោយអាមេរិក ខ្វល់រឿងបំណុលនោះទេ ប៉ុន្តែអាមេរិក មានតែលើកទឹកចិត្ត ថែមទៀត ក្នុងការប្រឈមមុខជាមួយនឹងចិន ពីព្រោះ ឥណ្ឌាខ្លួនគេផ្ទាល់បានសច្ចាថា មិនអោយលង់ខ្លួន ក្រោមឥទិ្ធចិនឡើយទោះកាលៈទេសៈណាក៏ដោយ។ ឥណ្ឌានិងចិន បានកំពុងក្លាយជា គូភាគីពង្រឹងអំណាច កងទ័ពគំរាមកំហែងដាក់គ្នា ដោយសារប្រទេសទាំង២នេះ កំពុងមានជម្លោះ ព្រំដែន។ ដោយឡែកប្រទេសកោះម៉ាល់ឌៀវ ដែលទើបបានរួចផុតពីបំណុលចិន បន្ទាប់ពីឥណ្ឌាអោយប្រាក់ខ្ចី មិនយកការប្រាក់ បានសងត្រឡប់ទៅអោយចិនអស់ហើយ នៃបំណុលជាងមួយពាន់លានដុល្លាអាមេរិក។

ដែនកោះមួយនេះ ចាប់ផ្ដើមដំបូង ជាមិត្តអាមេរិក ។ តាមរយៈទស្សនកិច្ចរបស់លោក Pompeo ដែនកោះមួយនេះ បានស្នើសុំអាមេរិកបង្កើតស្ថានទូតនៅលើដែនដីរបស់ខ្លួន។ បន្ទាប់ពីចប់ទស្សនកិច្ច នៅអាស៊ីខាងត្បូង លោក Pompeo បាន មកជាន់ដីអាស៊ីអាគ្នេយ៍ដោយ លោកមកកាន់ទីក្រុងចារកាតា ប្រទេសឥណ្ឌូនេស៊ី ។

ក្នុងដំណើរទស្សនកិច្ចនៃប្រទេសធំជាងគេនៃសមាគមអាស៊ាន  ប្រមុខការទូតអាមេរិក រូបនេះបានលើកទឹកចិត្ត អោយប្រទេសនេះ ឈានមុខគេជួយរកដំណោះស្រាយ នៃជម្លោះសមុទ្រចិនខាងត្បូង។                

សម្រាប់អាមេរិក លោក Pompeo បានសន្យាថា នឹងជួយអាស៊ាន អោយមានស្មារតី ក្នុងការ ទប់ទល់ចិន ក្នុងជម្លោះ ដែនសមុទ្រ។ ជាមួយគ្នានេះ លោក Pompeo ក៏បានទទួលការសន្យាវិញដែរ ពីសមភាគី ឥណ្ឌូនេស៊ី។ តែបែបណាក៏ដោយ លោករដ្ឋមន្ត្រី ការបរទេស អាមេរិក បានសម្រេចធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដែលនរណាក៏ដឹងដែរថា វៀតណាមជាប្រទេសក្នុងសមាគមនេះ ហ៊ានជាងគេ ក្នុងការ ប្រឈមមុខនឹងការវាតទីរបស់ចិន។

លោកមកដល់វៀតណាម កាលពីថ្ងៃទី២៩តុលា ហើយ នៅថ្ងៃសុក្រទី៣០តុលានេះ  លោកបានត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។

ក្រសួងការបរទេសវៀតណាម បានប្រកាសថាទស្សនកិច្ចរបស់លោក រដ្ឋមន្ត្រីការបរទេសអាមេរិក ធ្វើឡើងតបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh។

ប៉ុន្តែ វត្តមានរបស់ប្រមុខការទូតអាមេរិក នៅលើទឹកដីវៀតណាម គឺមានបំគោលបំណង ច្រើនយ៉ាង។ តែទីមួយលោកមកចូលរួមអបអរសាទរការប្រារព្ធខួប ២៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ក្រសួងការបរទេសអាមេរិកឯណោះវិញ បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ថា លោក Pompeo សម្រេចបន្ថែមទស្សនកិច្ចទៅប្រទេសវៀតណាមសំដៅ ពង្រឹងកិច្ចសហការទ្វេភាគី។

សម្រាប់វៀតណាម លោក Pompeo បានលើកទឹកចិត្តថាអាមេរិក សន្យាជួយវៀតណាមជានិច្ច ទោះក្នុងកាលៈទេសៈណាក៏ដោយ ជាពិសេស ជម្លោះដែនសមុទ្រ ជាមួយនឹងចិន។

ទាំងលោក Pompeo និង លោក Pompeo បានឈានដល់ ការសន្យាជាមួយគ្នា ក្នុងការពង្រឹងកិច្ចសហប្រត្តិបត្តិការណ៍ទ្វេភាគី លើគ្រប់វិស័យទាំងអស់ ជាពិសេស លើវិស័យសន្តិសុខតំបន់ ដែលវៀតណាម កំពុងមានជម្លោះជាមួយចិន ករណី សមុទ្រចិនខាងត្បូង។

ក្នុងកិច្ចជំនួបនោះ ប្រមុខការទូតអាមេរិក បានសន្យាថានឹងជួយវៀតណាម លើគ្រប់វិស័យ ក្នុងនោះមានទាំងវិស័យសន្តិសុខដែនសមុទ្រ ទៀតផង។

អាមេរិក បានបញ្ជូននាវាចម្បាំងជាច្រើន គ្រឿងរួចហើយ នៅសមុទ្រវៀតណាម ដែលស្ថិតនៅ ប្រជុំកោះប៉ារ៉ាហ្សែល នៅសមុទ្រចិនខាងត្បូង។

ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀង ជាមួយគ្នាក្នុងការជួយការពារទូកនេសាទវៀតណាម។ បែបណា សារព័ត៌មានចិន The Global Times បាន ហៅទស្សនកិច្ចរបស់ប្រមុខការទូតអាមេរិក រូបនេះនៅអាស៊ី ចុងក្រោយនេះ ថាជាយុទ្ធនាការវាយប្រហារចិន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស