30.1 C
Phnom Penh

ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកកម្សាន្តខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃក្នុងព្រះរាជពិធីបុណ្យអុំទូក មានជាង៥ម៉ឺននាក់ ថយចុះជិត១៧%

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចំនួនភ្ញៀវទេសចរទាំងភ្ញៀវជាតិ-អន្តរជាតិ ដែលចូលមកកម្សាន្ដនៅខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុកសំពះព្រះខែ រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០២០ មានចំនួនជាង ០៥ម៉ឺននាក់ (៥១,២៣៣នាក់) គឺបានថយចុះចំនួនជិត ១៧ភាគរយ (១៦,៨៨%) បើធៀបពេលវេលាដូចគ្នាឆ្នាំ២០១៩។ នេះបើតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុដែល The Cambodia Daily ទើបទទួលបាន។

ចំណែកអាជីវករលក់ដូរចំណីអាហារនៅតាមឆ្នេរមួយចំនួន មានឆ្នេរអូរត្រេះ ឆ្នេរព្រែកត្រែង ឆ្នេរឯករាជ្យ និងឆ្នេរអូរឈើទាលជាដើម នាក្រុងព្រះសីហនុ ក៏បានអះអាងថា ចំនួនភ្ញៀវទេសចរចូលមកកម្សាន្តតាមឆ្នេរសមុទ្រក្នុងខេត្តនេះ មិនសូវមានភ្ញៀវច្រើនដូចឆ្នាំមុនៗនោះទេ។

ដោយឡែកសម្រាប់អាជីវករ ប្រកបអាជីវកម្មតាមឆ្នេរ នៅលើកោះរ៉ុង និងកោះរ៉ុងសន្លឹម ក៏បានអះអាងថា មិនសូវមានភ្ញៀវចូលទៅទស្សនាច្រើនដែរ ទោះបីអាកាសធាតុគ្មានភ្លៀង និងមិនមានរលកបោកបក់ខ្លាំង ក្នុងប៉ុន្មានថ្ងៃមកនេះបែបណាក្តី។

យ៉ាងណាក៏ដោយចុះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានឲ្យដឹងដែរថា ចំពោះសភាពការសន្តិសុខ និងសណ្តាប់ធ្នាប់វិញ ក្នុងរយៈពេល ០៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ  មានភាពល្អប្រសើរ និងមានសណ្តាប់ធ្នាប់ល្អ ដោយគ្មានចរាចរណ៍កកស្ទះ និងបទល្មើសកើតឡើងគួរឲ្យកត់សម្កាល់នោះទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស