40.3 C
Phnom Penh

បក្សសង្រ្គោះជាតិនៅក្រៅប្រទេសថ្កោលទោសការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការយល់ព្រមលើពិធីសារ បោះបង្គោលព្រំដែនគោក រវាងកម្ពុជា-វៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សសង្រ្គោះជាតិនៅក្រៅប្រទេស បានប្រកាសថ្កោលទោសនិងបដិសេធមិនទទួលស្គាល់ជាដាច់ខាត ចំពោះការអនុម័តយល់ព្រមរបស់រដ្ឋសភាឯកបក្សលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងកម្ពុជានិងវៀតណាម នៅថ្ងៃច័ន្ទទី២ ខែវិច្ឆិកានេះ។

សេចក្តីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសនៅថ្ងៃទី២ ខែវិច្ឆិកានេះ បានហៅការអនុម័តយល់ព្រមរបស់រដ្ឋសភាឯកបក្សលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងកម្ពុជានិងវៀតណាម ពេលនេះថា ជាការយល់ព្រមកាត់ទឹកដីខ្មែរទៅឲ្យប្រទេសវៀតណាមជាផ្លូវការ។

សេចក្តីថ្លែងការណ៍ដដែលបន្តថា ការអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ដោយរដ្ឋសភាឯកបក្សរបស់គណបក្សប្រជាជនកម្ពុជា ដែលកើតចេញពីការបោះឆ្នោតក្លែងក្លាយ ឬបោះឆ្នោតបង្គ្រប់កិច្ចកាលពីឆ្នាំ២០១៨ នឹងត្រូវទុកជាមោឃៈ។

លើសពីនេះ សេចក្តីព្រាងច្បាប់លើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងកម្ពុជានិងវៀតណាម ធ្វើឡើងអនុលោមតាមសន្ធិសញ្ញាព្រំដែនខុសច្បាប់ឆ្នាំ១៩៨៥ ពោលគឺជាសម័យកាលដែលវៀតណាមត្រួតត្រាកម្ពុជា ហើយសន្ធិសញ្ញាឆ្នាំ១៩៨៥នេះ ត្រូវបានលុបចោលរួចហើយដោយមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ និងមាត្រា១ ចំណុច២ឃ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ថែមទៀតផង។

គណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសបានប្រកាសប្រឆាំងដាច់ខាត និងមិនទទួលស្គាល់ឡើយនូវការអនុម័តលើសេចក្តីព្រាងច្បាប់ពេលនេះ ពីសំណាក់រដ្ឋសភាលោក ហ៊ុន សែន។ 

ក្រុមនេះអះអាងថា នឹងសើរើឡើងវិញនូវរាល់ច្បាប់ និងសន្ធិសញ្ញាទាំងឡាយដែលធ្វើឡើងដោយរបបលោក ហ៊ុន សែន ជាមួយភាគីវៀតណាម ពាក់ព័ន្ធបូរណភាពទឹកដី និងការបោះបង្គោលព្រំដែនដែល  ភាគីទាំងពីរធ្វើកន្លងមក នៅពេលដែលគណបក្សប្រឆាំងមួយនេះអាចដឹកនាំរដ្ឋាភិបាល។

ការប្រកាសលុបចោល ឬសើរើសរាល់ច្បាប់ និងសន្ធិសញ្ញា ដែលរដ្ឋាភិបាលលោកហ៊ុន សែន បានធ្វើជាមួយវៀតណាមនោះ គណបក្សសង្រ្គោះជាតិបញ្ជាក់ថា គឺដើម្បីធានាការពារបូរណភាពដែនដីកម្ពុជា ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍២៣តុលា ឆ្នាំ១៩៩១ និងឱ្យស្របតាមរដ្ឋធម្មនុញ្ញផងដែរ។

បក្សប្រឆាំងនៅឯនាយសមុទ្រនិយាយទៀតថា សភាជិករដ្ឋសភាឯកបក្សនៃគណបក្សប្រជាជនកម្ពុជា ចំនួន ១១៦រូប ដែលបានលើកដៃអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់នេះ នឹងត្រូវបានចារទុកក្នុងប្រវត្តិសាស្រ្តកម្ពុជា និងក្នុងបញ្ជីខ្មៅនាពេលអនាគតថាជាជនក្បត់ជាតិ ដូចលោក ហ៊ុន សែន ដែរ ព្រោះបានចូលរួមក្នុងការកាត់ទឹកដីខ្មែរទៅអោយវៀតណាមដោយស្របច្បាប់។

ការលើកឡើងនេះ ក្រោយពេលរដ្ឋសភាបានបើកសម័យប្រជុំរដ្ឋលើកទី៥ នីតិកាលទី៦ ដោយអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៦ នៅថ្ងៃទី ២ ខែវិច្ឆិកានេះ។ ក្នុងនោះសមាជិករដ្ឋសភាចំនួន១១៦រូប ក្រោមអធិបតីភាពប្រធានរដ្ឋសភាលោក ហេង សំរិន បានអនុម័តដោយការលើកដៃសម្រេចយល់ព្រមលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ ព្រមលើ ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងកម្ពុជា និងវៀតណាមផងដែរ។

ព្រំដែនគោកកម្ពុជា-វៀតណាម មានប្រវែង១២៧០គីឡូម៉ែត្រ ដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរបានបោះបង្គោលសម្រេចបាន៨៤ %ហើយនៅ១៦% ទៀតនៅមិនទាន់ឯកភាពគ្នា ប៉ុន្តែរដ្ឋាភិបាលទាំងពីរប្តេជ្ញាថានឹងឈានទៅបញ្ចប់នៅក្នុងពេលឆាប់ៗខាងមុខ។

យ៉ាងនេះក្តី គេសង្កេតឃើញថារដ្ឋាភិបាលលោក ហ៊ុន សែន ដែលជារដ្ឋាភិបាលឯកបក្ស បានពន្លឿនក្នុងការចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែម និងសេចក្តីព្រាងច្បាប់ពាក់ព័ន្ធរឿងព្រំដែនជាមួយវៀតណាម កាន់តែឆាប់រហ័ស ដែលជាការបំពេញបំណងប្រាថ្នានៃការចង់បានរបស់វៀតណាម ព្រោះជាអ្នកមានគុណរបស់ខ្លួនកន្លងមក។

ដោយឡែក គណបក្សក្រៅរដ្ឋាភិបាល និងអ្នកឃ្លាំមើលសង្គម ធ្លាប់ស្នើឱ្យផ្អាកក្នុងការអនុម័តឬ ផ្តល់សច្ចាប័នលើបញ្ហានេះ ព្រោះកម្ពុជានៅមិនទាន់មានឯកភាពជាតិនៅឡើយ ហើយរឿងព្រំដែននេះ គឺជារឿងអាយុជីវិតជាតិ ដែលថ្នាក់ដឹកនាំក្នុងសម័យនេះ នឹងបន្សល់ទុកឈ្មោះអាក្រក់ក្នុងប្រវត្តិសាស្ត្រឬជាជនក្បត់ជាតិ ប្រសិនបើពួកគេធ្វើឱ្យបាត់បង់ទឹកដីបន្ថែមទៀត នៅក្នុងសតវត្សរ៍ទី ២១នេះ៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស