ក្រុមសិទ្ធិមនុស្សក្នុងស្រុករិះគន់ថា កម្ពុជាមិនអាចបញ្ចប់វប្បធម៌និទណ្ឌភាពបានទេ ប្រសិនបើអាជ្ញាធរមិនហ៊ានអនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ដែលបានចែង ដោយខ្លាចឥទ្ធិពលអ្នកមានអំណាច ខ្លាចឥទ្ធិពលនយោបាយ និងទទួលបានប្រយោជន៍ផ្ទាល់ខ្លួនណាមួយនោះ។
អ្នកនាំពាក្យរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក សឹង សែនករុណា បានអះអាងថា ជនរងគ្រោះដែលត្រូវបានឃាតករបាញ់សម្លាប់ ហើយមិនទាន់ទទួលបានយុត្តិធម៌ពិត គឺសុទ្ធសឹងជាអ្នក អ្នកសារព័ត៌មាន បណ្ឌិតបញ្ញវន្ត សកម្មជនស្រលាញ់បរិស្ថាន និងព្រៃឈើជាដើម ដែលតែងរិះគន់ជាសំណេរ និងផ្ទាល់មាត់ តាមបណ្តាញផ្សព្វផ្សាយនានា ចំពោះទង្វើទុច្ចរិតរបស់ ឈ្មួញខិលខូច មន្ត្រីពុករលួយ និងអ្នកមានអំណាចដែលតែងជិះជាន់រំលោភដីធ្លីប្រជាពលរដ្ឋ។
លោកថា រហូតមកទល់នឹងពេលនេះការស្លាប់របស់ពួកគេនៅមិនទាន់ទទួលបានពន្លឺយុត្តិធម៌នៅឡើយទេ។
ជាងនេះទៀតលោកសង្កត់ធ្ងន់ថា សមត្ថកិច្ចរបស់រដ្ឋាភិបាលកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំបែករឿងក្តីធំៗជាច្រើនតាមបទពិសោធន៍កន្លងមក តែករណីដែលពាក់ព័ន្ធដល់អ្នកមានអំណាច និងមន្ត្រីធំៗក្នុងជួររដ្ឋាភិបាលតែងត្រូវអាក់ខានមិនបានដោះស្រាយគ្រប់ករណីទាំងអស់ ដោយពួកគេតែងប្រាប់ថា កំពុងស្ថិតក្នុងការតាមដាន និងស៊ើបអង្កេត។
លោក បញ្ជាក់ថា ដើម្បីបញ្ចប់វប្បធម៌និទណ្ឌភាពនេះប្រជាពលរដ្ឋត្រូវនាំគ្នាដាក់សំណើរទៅកាន់រដ្ឋាភិបាលទាមទារឲ្យអាជ្ញាធរអនុវត្តច្បាប់ឲ្យបានហ្មត់ចត់ និងមានតម្លាភាពជាទីបំផុត ទោះជារកឃើញថា ជនល្មើសទាំងនោះមានឋានៈខ្ពង់ខ្ពស់ក្នុងសង្គមក៏ដោយ ក៏ត្រូវចាប់ខ្លួនពួកគេមកផ្តន្ទាទោសឲ្យខានតែបានជាដាច់ខាត។
ការអះអាងនេះធ្វើឡើងក្នុងទិវាអន្តរជាតិបញ្ចប់វប្បធម៌និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។
ក្នុងទិវាអន្តរជាតិនេះដែរ សម្ព័ន្ធភាពអ្នកសារព័ត៌មាននៅកម្ពុជា (ខេមបូចា) រួមជាមួយ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ក្លឹបអ្នកសារព័ត៌មានបរទេសនៃកម្ពុជា (OPCC) និងសហព័ន្ធអ្នកសារព័ត៌អន្តរជាតិ (IFJ) បានចេញសេចក្តីថ្លែងការណ៍រួមគ្នាថា វប្បធម៌និទណ្ឌភាពដែលបន្តកើតមាននៅកម្ពុជាគឺបណ្តាលមកពីរដ្ឋាភិបាលដែលចេះតែបណ្ដែតបណ្ដោយឱ្យអ្នកប្រព្រឹត្តបទល្មើសសេរីក្រៅសំណាញ់ច្បាប់ទាំងនោះ បាញ់សម្លាញ់អ្នកសារព័ត៌មាន និងអ្នកខ្វល់ខ្វាយពីសង្គមជាតិជាច្រើនរូបដទៃទៀតតាមអំពើចិត្តរបស់ពួកគេ ដោយគ្មានច្បាប់ណាមួយត្រូវបានអនុវត្តទៅលើជនល្មើសទាំងនេះទាល់តែសោះ។
ក្រុមអង្គការសង្គមស៊ីវិល ទាំងនោះ អះអាងថា ក្នុងរយៈពេល ១០ខែ ចុងក្រោយនេះ ដោយគិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២០ អ្នកសារព័ត៌មានសរុបចំនួន ៥៩នាក់ រងការធ្វើទុកបុកម្នេញក្នុងរូបភាពផ្សេងៗពីអ្នកមានអំណាច ដូចជាការប្រើអំពើហិង្សា ការចាប់ខ្លួនការបាញ់សម្លាប់ និងការរងនូវពាក្យបណ្តឹងតាមផ្លូវតុលាការជាដើម។
ពួកគេថា ក្នុងករណីទាំងនេះពុំទាន់មានជនល្មើសណាម្នាក់ត្រូវបានយកមកផ្តន្ទាទោសពីបទឃាតកម្ម ឬពីបទប្រើអំពើហិង្សា លើអ្នកសារព័ត៌មាន ទាំងនោះនៅឡើយទេ។
ចំណែកអង្គការសមាគមចំនួន ៥៧ ផ្សេងទៀត បានចេញសេចក្តីថ្លែងការណ៍រួមគ្នានៅថ្ងៃទី២ ខែវិច្ឆិកានេះថា រដ្ឋាភិបាលគួរតែទម្លាក់ចោលការចោទប្រកាន់ដោយហេតុផលនយោបាយទៅលើអ្នកសារព័ត៌មាន ហើយត្រូវដោះលែងពួកគេដោយគ្មានលក្ខខណ្ឌ។
ពួគេរិះគន់ថា ច្បាប់ដែលមានលក្ខណៈគាបសង្កត់ រារាំងសេរីភាពសារព័ត៌មាន និងសេរីភាពក្នុងការបញ្ចេញមតិដែលមិនសមហេតុផលគួរតែត្រូវបានលុបចោល ឬកែប្រែជាបន្ទាន់។ ជាងនេះទៀតរដ្ឋាភិបាលគួរតែបញ្ឈប់នូវការដកហូត អាជ្ញាប័ណ្ណរបស់បណ្តាញផ្សព្វផ្សាយព័ត៌មានឯករាជ្យឬវិជ្ជាជីវៈ នឹងមិនត្រូវដកហូតអាជ្ញាប័ណ្ណនេះតទៅទៀតទេ នៅពេលអនាគត។
ក្រុមអ្នកឃ្លាំមើលសង្គម អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការជាក់លាក់ជាបន្ទាន់ ដើម្បីធានាឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់ ឯករាជ្យ និងតម្លាភាព ទៅលើករណីឧក្រិដ្ឋកម្មទាំងអស់ដែលប្រឆាំងនឹងអ្នកសារព័ត៌មាន អ្នកវិភាគ និងអ្នកការពារសិទ្ធិមនុស្សឲ្យមានប្រសទ្ធិភាពខ្ពស់៕