38.8 C
Phnom Penh

សហរដ្ឋអាមេរិក ជួយជនរងគ្រោះដោយទឹកជំនន់ ជាង ២ពាន់៥រយ គ្រួសារ នៅខេត្តពោធិសាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលអាមេរិក អះអាងថា គ្រួសារជនរងគ្រោះដោយទឹកជំនន់នៅខេត្តពោធិ៍សាត់ចំនួនជាង ២ពាន់ ៥រយ បានទទួលជំនួយជាស្បៀងអាហារ កាលពីសប្តាហ៍មុន ក្រោមការគាំទ្រថវិកាពីទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID និងត្រូវបានចែកចាយតាមរយៈ កម្មវិធីស្បៀងអាហារពិភពលោក WFP នៃអង្គការសហប្រជាជាតិទៀតផង។

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានលើកឡើងថា កម្ពុជាកំពុងទទួលរងគ្រោះទឹកជំនន់ខ្លាំងបំផុត ក្នុងរយៈពេល២០ឆ្នាំមកនេះ ពិសេសនៅតាមតំបន់ដែលមិនបានត្រៀមជាមុនចំពោះទឹកជំនន់ដ៏គំហុកនេះ។

ប្រភពដដែលបន្តថា ភ្លៀងខ្លាំងជាប់ៗគ្នា បានបណ្តាលឲ្យមានទឹកជំនន់យ៉ាងរហ័ស ដែលប៉ះពាល់ដល់ខេត្តយ៉ាងតិចចំនួន ១៤ ក្នុងចំណោមខេត្តទាំង ២៥ នៅក្នុងប្រទេស ដោយរួមទាំងរាជធានីភ្នំពេញផងដែរ។ លើសពីនេះ មនុស្សចំនួនជិត ២សែនគ្រួសារ(២០០ ០០០)បានរងផលប៉ះពាល់ និងមានមនុស្សជាង ៤០ នាក់បានស្លាប់ ហើយជាង ១ម៉ឺន ៤ពាន់ នាក់ទៀត ត្រូវបានជម្លៀស។

បន្ថែមពីនេះ ដីកសិកម្មចំនួនជិត៣សែន ៣ម៉ឺនហិកតា (៣៣០ ០០០) និងផ្លូវថ្នល់ប្រវែងជិត ២ពាន់ ១រយ គីឡូម៉ែត្រ បានរងការខូចខាត ដែលជាហេតុធ្វើឲ្យមានការប៉ះពាល់ដល់បញ្ហាស្បៀងអាហារ និងការប្រកបជីវភាពរស់នៅរបស់ប្រជាជន។

ស្ថានទូតអាមេរិកបញ្ជាក់ថា កម្មវិធីស្បៀងអាហារពិភពលោក WFP បានចែកជំនួយស្បៀងអាហារ កាលពីថ្ងៃទី ២៨ ខែតុលា ទៅដល់គ្រួសាររងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់ចំនួន ២ពាន់ ៥៦០ គ្រួសារ នៅក្នុងស្រុកចំនួន ៣ នៅក្រុងពោធិសាត់ ស្រុកបាកាន និងភ្នំក្រវាញ នៃខេត្តពោធិសាត់។

គ្រួសារទាំងនោះត្រូវបាជ្រើសរើសដោយឆ្លងតាមការសម្របសម្រួលជាមួយអាជ្ញាធរខេត្ត ស្រុក និងឃុំទៀតផង។ ជាមួយគ្នានេះ មានការ ផ្តល់អាទិភាពទៅលើគ្រួសារដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះ ដោយរួមទាំងគ្រួសារដែលត្រូវបានចុះបញ្ជីនៃកម្មវិធីជំនួយសម្រាប់ភាពក្រីក្ររបស់រដ្ឋាភិបាល និងគ្រួសារដែលមានស្រ្តីជាមេគ្រួសារ ដោយមើលឃើញថា ទឹកជំនន់បានធ្វើឲ្យចំណូល និងស្បៀងនៅសល់ក្នុងគ្រួសាររបស់គេ ដែលមានតិចស្រាប់នោះ កាន់តែមានចំនួនតិចទៅៗ។

សេចក្តីប្រកាសព័ត៌មាននេះ បញ្ជាក់ថា ទីភ្នាក់ងារជំនួយអាមេរិក USAID បានផ្តល់ថវិកាចំនួនជាង ៧ លានដុល្លារ សម្រាប់ការឆ្លើយតប ឬការត្រៀមរៀបចំសម្រាប់គ្រោះមហន្តរាយ និងការកាត់បន្ថយហានិភ័យនៅកម្ពុជា គិតតាំងពីឆ្នាំ ២០០០ មក។

លើសពីនេះ តាមរយៈគម្រោងស្តីពីភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ សហរដ្ឋអាមេរិក ថែមទាំងកំពុងតែពង្រឹងលក្ខណៈសម្រាប់ការឆ្លើយតប និងការត្រៀមរៀបចំសម្រាប់គ្រោះមហន្តរាយនៅក្នុងមូលដ្ឋាន នៅទូទាំងប្រទេសទាំង ៥ ក្នុងតំបន់ទន្លេមេគង្គក្រោម ដោយរួមទាំងប្រទេសកម្ពុជាផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស