37 C
Phnom Penh

មហាក្សត្រថៃរងការវាយប្រហារពីបាតុករ បានថ្លែងការណ៍ថាព្រះអង្គស្រាញ់រាស្ត្រដូចគ្នាៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មហាក្សត្រថៃ Maha Vajiralongkorn  ឬ Rama ទី១០ បានបញ្ចេញ សេចក្ដីថ្លែងការណ៍របស់ព្រះអង្គជាលើកដំបូង ផ្ញើទៅកាន់ជនរួមជាតិរបស់ព្រះអង្គ ដែលមើលទៅ គឺព្រះអង្គចង់មានបន្ទូលទៅកាន់ ក្រុមបាតុករ ប្រឆាំងនឹងការគ្រងរាជ្យរបស់ព្រះអង្គ។

នេះជាលើកដំបូងហើយ ដែលតាមបណ្ដាញផ្សាយព័ត៌មានCNN បានអោយដឹងថា ព្រះអង្គ Vajiralongkorn  មហាក្សត្រី Suthida និងបុត្រី Siri-vanna-vari របស់ព្រះអង្គ មានបន្ទូលទៅកាន់ អ្នកសារព័ត៌មាន។ តាម CNN  សារព័ត៌មានបរទេស ដែល ព្រះអង្គ Vajiralongkorn ផ្ដល់បទសម្ភាស គឺទូរទស្សន៍ UN Channel 4 ។

តាមសារព័ត៌មាននេះ ព្រះអង្គមានបន្ទូលដ៏ខ្លីហើយមានខ្លឹមសារថា ៖យើងស្រឡាញ់រាស្ត្រដូចៗគ្នាទាំងអស់។ កាលពីសប្ដាហ៍កន្លងទៅ នេះ គឺចំពេលបាតុកម្មផ្ទុះខ្លាំងក្លា ព្រះអង្គក៏បាន បញ្ចេញមតិ ខ្លីមួយតាមរយៈហ្វេសបុកដោយចុតម្មាយថា សូមអ្នកស្រាញ់ជាតិ និងរបបរាជានិយម របស់អ្នក។

មហាក្សត្រថៃ មិនដែលធ្លាប់ មានបន្ទូលទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ តាមរយៈការចោទ ជាសំណួររបស់អ្នកសារព័ត៌មាននោះទេ ចាប់តាំងពីព្រះអង្គឡើងគ្រងរាជ្យនៅឆ្នាំ២០១៦។ តែពេលនេះ ព្រះអង្គមានបន្ទូល មួយឃ្លានេះ ដល់ទៅ៣ដង គឺថា យើងស្រឡាញ់រាស្ត្រ ដូចៗគ្នាទាំងអស់។ បន្ទូលរបស់ព្រះអង្គមួយឃ្លាទៀត ដែលគួរអោយភ្ញាក់ផ្អើល គឺឃ្លាមួយដែលថា មាតុភូមិថៃ គឺជាដែនដីនៃការអត់ឱន។ 

បន្ទូលរបស់ព្រះមហាក្សត្រថៃដូចនេះ ក៏ផ្ដើមអោយមានការចោទសួរអំពីឆន្ទៈរបស់ព្រះអង្គក្នុងការបង្រួបបង្រួមក្រោមលក្ខខណ្ឌរបស់បាតុករ ដែលទាមទារអោយកាត់បន្ថយអំណាចរបស់ព្រះអង្គ។

មហាក្សត្រដែលមានព្រះជន្ម ៦៨ព្រះវង្សា អង្គនេះក៏កំពុងរងការវាយប្រហារ ពីបាតុករ មួយថែមទៀត គឺការដែលព្រះអង្គ តែងតែយាងទៅកំសាន្តនៅប្រទេសអាល្លឺម៉ង់ ដោយចាយប្រាក់ហូរហៀរ ជាមួយនឹង ស្ត្រីក្មេងៗជាច្រើន ចោមរោមព្រះអង្គរហូតដល់ទៅបាតុករ បានដើរក្បួនដាក់ញត្តិទៅស្ថានទូតអាល្លឺម៉ង់សុំអោយ រដ្ឋាភិបាលប្រទេស     ប្រជាធិបតេយ្យជឿនលឿនមួយនេះ បើកការស៊ើបអង្កេតអំពីការស្នាក់នៅ របស់ព្រះអង្គ អាចប្រើប្រាស់ថវិកាស្របច្បាប់តាមពន្ធរបស់អាល្លឺម៉ង់ដែរឬទេ។

តែបែបណា បុត្រីរបស់ព្រះអង្គ គឺម្ចាសក្សត្រី Siri-vanna-vari បានប្រាប់ទូរទស្សន៍CNN ថា យើងស្រឡាញ់ រាស្ត្រថៃ គឺមិនមានអ្វីជាបញ្ហាទេ ព្រោះ ប្រទេសថៃ គឺជារាជាណាចក្រប្រកបដោយសន្តិភាព។

ច្បាប់ របស់ប្រទេសថៃ បានចែងថា ជនណាដែលប្រមាថអង្គព្រះមហាក្សត្រ នឹងត្រូវប្រឈមនឹងកាត់ទោស អោយមាន១៥ឆ្នាំ។ នៅក្នុងរយៈពេលចុងក្រោយនេះ បាតុករនៅតែទាមទារអោយ មានការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ និងកាត់បន្តយអំណាចរបស់ព្រះមហាកត្រ ។

ជាមួយគ្នានេះ បាតុករបានស្រែកចេញពីហ្វូងបាតុកម្មដោយ រិះគន់ ក្រុមរាជ្យបល្ល័ង្គ ហើយបានប្រមាថ ថាប្រទេសថៃគឺជាមាតុភូមិរបស់ប្រជាជនថៃ មិនមែនជារបស់ព្រះមហាក្សត្រ ឬញាតិវង្សនោះទេ។ 

ឥឡូវនេះ បាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល លោកប្រាយុទ្ធនៅតែពុះកញ្រ្ជោលជាខ្លាំង គឺនៅរៀងរាល់ ថ្ងៃចុងសប្ដាហ៍។ បាតុកម្មរបស់ចលនានិស្សិត ថៃ និងក្រុមយុវជន បានធ្វើឡើងជាង៣ខែមកហើយ ។

គោលដៅ ធំជាងគេ គឺបាតុករ ទាមទារអោយ លោកប្រាយុទ្ធចុះចេញពីតំណែង ហើយ បង្កើតរដ្ឋធម្មថ្មី ព្រោះ លោកប្រាយុទ្ធតោងអំណាចនាយករដ្ឋមន្ត្រីមកដល់ពេលនេះ គឺ បានដោយសារតែលោកបង្កើត ស្ថាប័នព្រឹទ្ធសភា ដែលសមាជិកព្រឹទ្ធសភា មិនឆ្លងកាត់ការបោះឆ្នោតបែរជាមានបុព្វសិទ្ធ អំណាច ចូលរួមបោះឆ្នោត ជ្រើសរើស នាយករដ្ឋមន្ត្រីម្នាក់ចេញពីបក្សនយោបាយ ដែលមានអាសនៈនៅក្នុងរដ្ឋសភា។

ជាក់ស្ដែង លោកប្រាយុទ្ធជាប់ឆ្នោតជានាយករដ្ឋមន្ត្រី គឺលោកបានឈ្នះនៅក្នុងការបោះឆ្នោតរបស់សមាជិកសភា ដែលមានសមាជិកព្រឹទ្ធសភា ២៥០រូប បានបោះឆ្នោតគាំទ្រ អតីតឧត្តមសេនីយរូបនេះ។

បើតាម ព្រះបន្ទូលរបស់ព្រះមហាក្សត្រ ដែលថា ព្រះអង្គស្រឡាញ់រាស្ត្រដូចៗគ្នា គឺអាចគិតថា ព្រះអង្គអាចនឹងប្រើប្រាស់អំណាចរបស់ព្រះអង្គ ក្នុងការវេះកាត់ ស្ថានការណ៍នយោបាយ ដោយព្រះអង្គនឹងនៅជាមួយរាស្ត្រ នៅជាមួយបាតុករ ។ ព្រះអង្គអាចនឹងអន្តរាគមន៍ គឺព្រះអង្គ នឹង បង្គាប់អោយមានការរុះរើគណៈរដ្ឋមន្ត្រី ហើយ អាចរុញអោយ លោកប្រាយុទ្ធចុះចេញពីតំណែង គឺដូចព្រះបីតារបស់ព្រះអង្គ មហាក្សត្រ ភូមិពុលអាឌូលយ៉ាដេត បានបញ្ចាទៅនាយករដ្ឋមន្ត្រីនៅសម័យមហាបាតុកកម្ម នាខែតុលាឆ្នាំ១៩៧៣ ឲ្យចុះចេញពីតំណេង ដើម្បីបញ្ចប់ ហិង្សានយោបាយ ។

ប៉ុន្តែ មិនមានតែនាយករដ្ឋមន្ត្រី Thanom Kitti-kachorn ម្នាក់នោះទេគឺមានមេទ័ព មេប៉ូលិស មួយចំនួនក៏ព្រះអង្គបាន ដកហូតតំណែងផងដែរ ។ មហាបាតុកម្ម ឆ្នាំ១៩៧៣ គឺជាការបិទបញ្ចប់ការគ្រប់គ្រងមួយបែបយោធានិយម ។

សម្រាប់លោកប្រាយុទ្ធមិនត្រឹមបាតុករនោះ ទេ ដេញពីលោកពីតំណែង គឺសមាជិកសភា បក្សប្រឆាំង ក៏បានធ្វើដូចនេះដែរ។ តែលោកប្រាយុទ្ធនៅតែប្រកាន់ជំហរថា លោកមិនចុះចេញពីតំណែងនោះទេ ព្រោះលោកមិនបានធ្វើអ្វីអោយខុសនឹងការដឹកនាំរបស់លោកនោះឡើយ។ លោកថាលោក នឹងមិនរត់ចោល បញ្ហានោះទេ ប៉ុន្តែ អ្នកសង្កេតការណ៍ មើលឃើញថាដើមចមនៃបញ្ហា គឺលោកបា្រយុទ្ធតែម្នាក់គត់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស