29 C
Phnom Penh

លោក សម រង្ស៊ី និងអតីតមន្ត្រីរបស់ខ្លួនជិត៦០នាក់ ត្រូវបានតុលាការបង្គាប់ឱ្យចូលខ្លួនសវនាការនៅចុងខែវិច្ឆិកា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស និងអតីតមន្ត្រីរបស់ខ្លួនជិត៦០នាក់ផ្សេងទៀត ត្រូវបានតុលាការក្រុងភ្នំពេញចេញដីកាបង្គាប់ឱ្យចូលខ្លួនសវនាការ នៅថ្ងៃទី ២៦ខែវិច្ឆិកា។

ក្នុងដីកាបង្គាប់ឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង ដែលត្រូវបានសមត្ថកិច្ចយកទៅបិទនៅស្នាក់ការគណបក្សសង្រ្គោះជាតិនៅសង្កាត់ចាក់អង្រែក្រោមរាជធានីភ្នំពេញនៅថ្ងៃទី៣ ខែវិច្ឆិកា បញ្ជាក់ថា លោក សម រង្ស៊ី និងបក្ខពួក នឹងត្រូវចូលខ្លួនចូលរួមសវនាការនៅថ្ងៃទី ២៦ខែវិច្ឆិកា ជាកំហិតជុំវិញបទប្រកាន់ រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

ដីកាដដែលបន្ថែមថា បទដែលចោទប្រកាន់នេះ ត្រូវបានពួកគេប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត អំឡុងឆ្នាំ២០១៩។

ក្រៅពីលោកសម រង្ស៊ី ដែលតុលាការបានបង្គាប់ឱ្យចូលរួម ក៏មានអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិដែលភាគច្រើនកំពុងរស់នៅក្រៅប្រទេសផ្សេងទៀត រួមមាន លោក អេង ឆៃអ៊ាង                            អ្នកស្រី មូរ សុខហួរ លោក តុ វ៉ាន់ចាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក ឡុង រី លោក ហូរ វ៉ាន់ លោក ម៉ោញ សារ៉ាត់ លោក អ៊ុំ សំអាន និងលោក អ៊ូ ច័ន្ទរិទ្ធ ជាដើម។

កាលពីខែតុលាការ តុលាការក្រុងភ្នំពេញ ក៏បានចេញដីកាបង្គាប់ឱ្យលោក សម រង្ស៊ី និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខ្លួន៨នាក់ផ្សេងទៀត រួមទាំងភរិយារបស់លោកផង ត្រូវចូលខ្លួនបំភ្លឺនៅតុលាការនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹក ជាកំហិត។

ដីកាកោះដដែលបញ្ជាក់ថា ការចូលខ្លួនទៅកាន់តុលាការនោះ  ដើម្បីបំភ្លឺឬឆ្លើយដោះសារជុំវិញសំណុំរឿង «ឧបឃាតឬ ប៉ុនប៉ងធ្វើរដ្ឋប្រហារ។

យ៉ាងណា គណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសបញ្ជាក់ថា លោក សម រង្ស៊ី និងថ្នាក់ដឹកនាំរបស់ខ្លួន នឹងវិលមកកម្ពុជាតាមការកោះហៅរបស់តុលាការ ប្រសិនបើរដ្ឋាភិបាលលោកហ៊ុន សែន ដកបម្រាមដែលខ្លួនបានហាមមន្ត្រីបក្សប្រឆាំងកន្លងមក។

លើសពីនេះបញ្ឈប់ការបំភិតបំភ័យឬ គំរាមកំហែងអ្នកគាំទ្រខ្លួន ព្រមទាំងផ្ញើលិខិតទៅបណ្តាប្រទេសក្នុងតំបន់អាស៊ាន ជាពិសេសថៃ ដើម្បីឱ្យថ្នាក់ដឹកនាំពួកគេអាចឆ្លងកាត់ដីថៃចូលមកកម្ពុជា ជាដើម។

ពាក់ព័ន្ធវិស័យតុលាការនៅកម្ពុជាវិញ អតីតប្រធានគណបក្សសង្រ្គោះជាតិ លោកសម រង្ស៊ី បានរិះគន់ប្រព័ន្ធតុលាការ និងទាមទារឱ្យមានការរុះរើស្ថាប័នមួយនេះចោលតែម្តង ត្បិតជាស្ថាប័នដែលបម្រើផលប្រយោជន៍នយោបាយឱ្យលោកហ៊ុន សែន និងបក្ខពួករបស់លោក ព្រមទាំងបង្កើតរឿងឈឺចាប់ដល់ពលរដ្ឋក្រីក្រនៅកម្ពុជារាប់មិនអស់។

លោកអះអាងថា ស្ថាប័នជាតិដែលពលរដ្ឋខ្មែរកំពុងស្អប់បំផុតនៅពេលបច្ចុប្បន្ន គឺស្ថាប័នតុលាការ ព្រោះស្ថាប័ននេះ ជាឧបករណ៍រក្សាអំណាចសម្រាប់លោក ហ៊ុន សែន និងជាឧបករណ៍សម្រាប់ជនខិលខូច អ្នកមានប្រាក់ មានអំណាច ព្រមទាំងជនផ្តាច់ការ មកប្លន់ដីធ្លី ផ្ទះសម្បែង និងធ្វើបាបពលរដ្ឋ ហើយតុលាការតែងកាត់ក្តីឱ្យពួកគេឈ្នះលើពលរដ្ឋទន់ខ្សោយជានិច្ច។ អតីតមេបក្សប្រឆាំងរូបនេះអះអាង ថាតុលាការគឺមានសារៈសំខាន់ណាស់ ដើម្បីធានានូវយុត្តិធម៌ និងភាពត្រឹមត្រូវនៅកម្ពុជា ប៉ុន្តែលោកថាដើម្បីរក្សាឱ្យបាននូវភាពយុតិ្តធម៌ គឺ ទាល់តែរើរុះប្រព័ន្ធតុលាការនៅកម្ពុជាចោលតែម្តង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស