38 C
Phnom Penh

ម្ចាស់ស្ថានីយ៍វិទ្យុ និងគេហទំព័ររិទ្ធិសែន ស្នើឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់មកលើខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ម្ចាស់ស្ថានីយ៍វិទ្យុ និងជាម្ចាស់គេហទំព័ររិទ្ធិសែន បានស្នើឱ្យសាលាដំបូងខេត្តកំពង់ឆ្នាំង ទម្លាក់ចោលរាល់ការចោទប្រកាន់មកលើខ្លួន  និងដោះលែងលោកឱ្យមានសេរីភាពដើម្បីជួបជុំក្រុមគ្រួសារវិញ។

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឬហៅថា CamboJa  ដែលតាមដានករណីនេះ បានលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា នៅថ្ងៃទី ៣ ខែវិច្ឆិកានេះ លោក សុខ ឧត្តម ដែលជាម្ចាស់ស្ថានីយ៍វិទ្យុ និងជាម្ចាស់គេហទំព័ររិទ្ធិសែន បានឆ្លើយបដិសេធចំពោះការចោទប្រកាន់លោក ពាក់ព័ន្ធបទញុះញង់ឱ្យប្រព្រឹត្តបទល្មើស នៅខាងមុខអង្គសវនាការនាសាលាដំបូងខេត្តកំពង់ឆ្នាំង។

លោក សុខ ឧត្តម ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី ១៣ខែឧសភា ឆ្នាំ២០២០ និងត្រូវបានឃុំខ្លួននៅថ្ងៃទី ១៥ខែឧសភា នៅពន្ធនាគារខេត្តកំពង់ឆ្នាំង ក្រោយពេលតុលាការបានចោទប្រកាន់លោកពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

ការចាប់ខ្លួន និងចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពី ម្ចាស់ស្ថានីយ៍វិទ្យុ និងគេហទំព័ររិទ្ធិសែនរូបនេះ បានផ្សព្វផ្សាយ ពីជម្លោះដីធ្លីរបស់ក្រុមប្រជាពលរដ្ឋមួយក្រុម ក្នុងខេត្តកំពង់ឆ្នាំង។

ប្រភពដដែលបន្តថា នៅក្នុងពេលសវនាការនៅថ្ងៃអង្គារ៍នេះ លោក សុខ ឧត្តម បានអះអាងថា លោកបានផ្សព្វផ្សាយព័ត៌មានពិតស្តីពីការតវ៉ាទាមទាររបស់ប្រជាពលរដ្ឋ ដែលមានបញ្ហាដីធ្លីពិតប្រាកដ ស្របតាមគោលការណ៍វិជ្ជាជីវៈ និងមិនមានចេតនាញុះញង់អ្វីនោះឡើយ។ 

ជាមួយគ្នានេះ លោក ក៏បានស្នើឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់លោក និងដោះលែងលោកឱ្យមានសេរីភាពបានជួបជុំក្រុមគ្រួសារវិញ។

យ៉ាងណា CamboJa បញ្ជាក់ថា តុលាការបានសម្រេចលើកពេលប្រកាសសាលក្រមទៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២០វិញ ហើយសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជានឹងបន្តតាមដានករណីនេះបន្ថែមទៀត។

កាលពីថ្ងៃម្សិលមិញ ក្នុងទិវាអន្តរជាតិបញ្ចប់វប្បធម៌និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល និងស្ថាប័នដែលធ្វើការងារលើកស្ទួយវិស័យសារព័ត៌មាននៅកម្ពុជា ជាង៦០ បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា បានជំរុញឱ្យរដ្ឋាភិបាលបញ្ចប់វប្បធម៌និទណ្ឌភាពនៅកម្ពុជា ពិសេសបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មានវិជ្ជាជីវៈបន្តទៀត។

ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ អះអាងថា ក្នុងរយៈពេល ១០ខែ ចុងក្រោយនេះ ដោយគិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២០ អ្នកសារព័ត៌មានសរុបចំនួន ៥៩នាក់ រងការធ្វើទុកបុកម្នេញក្នុងរូបភាព     ផ្សេងៗ ពីអ្នកមានអំណាច ដូចជា ការប្រើអំពើហិង្សា ការចាប់ខ្លួនការបាញ់សម្លាប់ និងការរងនូវពាក្យបណ្តឹងតាមផ្លូវតុលាការជាដើម។

ពួកគេថា ក្នុងករណីទាំងនេះពុំទាន់មានជនល្មើសណាម្នាក់ត្រូវបានយកមកផ្តន្ទាទោសពីបទឃាតកម្ម ឬពីបទប្រើអំពើហិង្សា លើអ្នកសារព័ត៌មានដែលរងគ្រោះនៅឡើយទេ។

លើសពីនេះក្រុមអង្គការសង្គមស៊ីវិល ស្នើឱ្យរដ្ឋាភិបាលគួរតែទម្លាក់ចោលការចោទប្រកាន់ដោយហេតុផលនយោបាយទៅលើអ្នកសារព័ត៌មាន ហើយត្រូវដោះលែងពួកគេដោយឥតលក្ខខណ្ឌ។

ជាងនេះទៀត រាល់ច្បាប់ដែលមានលក្ខណៈគាបសង្កត់ រារាំងសេរីភាពសារព័ត៌មាន និងសេរីភាពក្នុងការបញ្ចេញមតិដែលមិនសមហេតុផលគួរតែត្រូវបានលុបចោលឬកែប្រែជាបន្ទាន់។ ជាងនេះទៅទៀត ពួកគេទាមទារឲ្យរដ្ឋាភិបាល បញ្ឈប់ការដកហូត អាជ្ញាប័ណ្ណរបស់បណ្តាញផ្សព្វផ្សាយព័ត៌មានឯករាជ្យឬវិជ្ជាជីវៈតទៅទៀតឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស