31 C
Phnom Penh

លោក កឹម សុខា អះអាងថាលោកមិនធ្វើអ្វីដែលនាំឱ្យរាស្ត្ររងគ្រោះ នោះឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា អះអាងថាលោកនឹងមិនធ្វើអ្វីដែលនាំឱ្យរាស្ត្ររងគ្រោះនោះឡើយ ហើយលោកក៏មិនចាកចោលពីមាតុភូមិនោះដែរ។

ទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៣ ខែវិច្ឆិកា ប្រធានបក្សប្រឆាំងរូបនេះ លើកឡើងថា មានទូតប្រទេសជាមិត្តកម្ពុជាខ្លះបានអញ្ជើញលោកទៅស្ថានទូតឬ ផ្ទះទូតរបស់គេ ហើយពេលខ្លះពួកគេក៏អញ្ជើញមកដល់ផ្ទះរបស់លោក ក្នុងគោលបំណងទំនាក់ទំនងជាមិត្តភាពដើម្បីខ្មែរ។

លោកថា រាល់ការអញ្ជើញនោះ លោកតែងតែត្រូវបានអញ្ជើញឱ្យទទួលទានអាហាររបស់គេ ហើយថាម្ហូបអាហារទាំងនោះ ពេលខ្លះលោកមានអារម្មណ៍ថា រសជាតិខ្លះជារសជាតិសកល មាន ប្រៃ ផ្អែម ជូរ ហើយក៏មានរសជាតិខ្លះខុសប្លែកពីអាហាររបស់ខ្មែរដែរ។

ការលើកឡើងនេះ ស្របពេលដែលឯកអគ្គរាជទូតជាមិត្តកម្ពុជាមួយ ប៉ុន្តែលោកមិនបានបញ្ចេញឈ្មោះប្រទេសនោះទេ តែទំនងសំដៅទៅទូតជប៉ុន ត្បិតរូបភាពដែលលោកបង្ហោះនៅថ្ងៃអង្គារ៍នេះ បានបង្ហាញរូបលោក និងឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំក្រុងភ្នំពេញ ដែលបានអញ្ជើញលោកទៅពិសារបាយនៅនិវាសដ្ឋានក្នុងស្ថានទូតរបស់ខ្លួននារាជធានីភ្នំពេញនៅថ្ងៃទី៣ខែតុលានេះ។ 

លោក កឹម សុខា លើកឡើងដោយប្រដូចម្ហូបអាហារថ្ងៃនេះ នៅផ្ទះរបស់មន្ត្រីទូតជាមិត្តនោះថា មានរសជាតិឆ្ងាញ់ពិសារ ហើយមានសុខភាពល្អទៀត។ ជាមួយគ្នានេះ លោកក៏បានអរគុណមិត្តល្អ និងមិត្តពិតរបស់ខ្មែរ ដែលជាមិត្តតែងតែជួយខ្មែរ ទំនាក់ទំនងខ្មែរ ដោយមិនប្រកាន់និន្នាការ និងនៅតែគោរពរាប់អាន ហើយទទួលស្គាល់នូវគុណតម្លៃពិតរបស់ខ្មែរ។

មេបក្សប្រឆាំងរូបនេះ ក៏បានរំលឹកព្រឹត្តិការណ៍របស់លោកកាលពីសប្តាហ៍មុន នៅពេលដែលពលរដ្ឋខ្មែរបានអញ្ជើញលោកឱ្យទទួលទានអំបុក ចេក ជាមួយពួកគាត់ក្នុងវត្តមួយនាជនបទក្នុងខេត្តព្រះវិហារ។ ជួនជាចៃដន្យលោកក៏បានទៅទស្សនាប្រាសាទក្រពុំឈូក មានពលរដ្ឋមួយក្រុមហៅលោកទទួលទានបាយកញ្ចប់បែបខ្មែរជាមួយគ្នា ដែលធ្វើឱ្យលោកចងចាំនូវរសជាតិបែបខ្មែរនោះមិនភ្លេចឡើយ។

មេបក្សជំទាស់ដែលកំពុងមានរឿងក្តីក្តាំនៅតុលាការនៅឡើយ បញ្ជាក់ថា លោកស្គាល់ទឹកចិត្ត និងរស់ជាតិខ្មែរច្បាស់ មិនសម្តែង មិនក្លែងបន្លំ ព្រោះវាជាជីវិតពិតរបស់លោក។ លោកបន្ថែមថា យើងជាខ្មែរចេះគោរពស្រលាញ់គ្នា ដោយភាតរភាព និងភាពសាមញ្ញ មិនរើសអើសអើង មិនឆ្មើងឆ្មៃ ហើយទាំងនេះក៏ជានិស្ស័យជាខ្មែររបស់លោកផងដែរ។ មូលហេតុទាំងនេះហើយ ដែលលោក កឹម សុខា អះអាងថា កាន់តែធ្វើឱ្យលោកមិនចង់ទៅណាឆ្ងាយពីបងប្អូនខ្មែរ និងមិនត្រូវចាកចោលមាតុភូមិកម្ពុជា ជាពិសេសមិនត្រូវធ្វើអ្វីដែលនាំឱ្យខ្មែរអន្តរាយនោះឡើយ។

តាំងពីលោកកឹម សុខា បានប្រឡូកក្នុងវិស័យសិទ្ធិមនុស្ស និងនយោបាយនៅកម្ពុជាមក ដោយសារតែភាពមិនរត់ចោលពលរដ្ឋ និងមាតុភូមិនេះហើយ បានធ្វើឱ្យ មេបក្សជំទាស់រូបនេះ ធ្លាប់ជាប់ពន្ធនាគារមិនតិចជាង៣ដងឡើយ និងត្រូវបានជាប់ឃុំក្នុងស្នាក់ការបក្សជាច្រើនខែថែមទៀតផង។

សំណុំរឿងចុងក្រោយ ដែលធ្វើឱ្យលោកត្រូវបានអាជ្ញាធរលោកហ៊ុន សែន ចាប់ខ្លួនដាក់ពន្ធនាគារ គឺ ពាក់ព័ន្ធបទចោទក្បត់ជាតិ តាមការចោទប្រកាន់របស់លោក ហ៊ុន សែន។

អាជ្ញាធរបានចាប់ខ្លួនលោកកឹម សុខា ដាក់ពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ហើយមួយឆ្នាំក្រោយមកលោកត្រូវបានបញ្ជូនខ្លួនមកឃុំនៅផ្ទះរបស់លោកនារាជធានីភ្នំពេញវិញ ក្រោមហេតុផលសុខភាពរបស់លោក។

រហូតដល់ខែវិច្ឆិកាឆ្នាំ២០១៩ ក្រោយផែនការវិលចូលប្រទេសកម្ពុជារបស់លោក សម រង្ស៊ី បរាជ័យ តុលាការក្រុងភ្នំពេញបានសម្រេចកែប្រែលក្ខខណ្ឌឃុំខ្លួនលោកកឹម សុខា ដោយផ្តល់សេរីភាពដល់លោកច្រើនជាងមុន ប៉ុន្តែត្រូវបានហាមមិនឱ្យលោកធ្វើសកម្មភាពនយោបាយ និងមិនត្រូវចេញទៅក្រៅប្រទេសឡើយ។

យ៉ាងនេះក្តី លោក កឹម សុខា ធ្លាប់ត្រូវបានពលរដ្ឋខ្លះប្រសិទ្ធនាមថា ជាអ្នកនយោបាយចិត្តដែក មានភាពអត់ធ្មត់ និងក្លាហានខ្ពស់ ដោយហ៊ានប្រឈមមុខនឹងគុកច្រវ៉ាក់ បើទោះបីជាសំណុំរឿងចោទប្រកាន់លោកកន្លងមក ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិ អះអាងថា ជារឿងអយុត្តិធម៌ និងជារឿងនយោបាយសុតសាធ៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស