28 C
Phnom Penh

បទល្មើសបាញ់បោះសេរី និងបង្ខាំងមនុស្សជំរិតទារប្រាក់បង្កដោយជនជាតិចិន នៅតែជាការព្រួយបារម្ភ របស់អ្នកវិនិយោគទុន និងពលរដ្ឋរស់នៅក្រុងព្រះសីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិនិយោគទុនជាតិ-អន្តរជាតិ និងពលរដ្ឋរស់នៅក្រុងព្រះសីហនុ បន្តបង្ហាញការព្រួយបារម្ភចំពោះសកម្មភាព របស់ក្រុមសង្គមងងឹតជនជាតិចិន ដែលរហូតមកដល់ចុងឆ្នាំ២០២០នេះទៅហើយ នៅតែអាចបន្តធ្វើសកម្មភាពល្មើសរួមមាន៖ បទល្មើសប្រើប្រាស់អាវុធវែងខ្លីបាញ់បោះសេរី, បទល្មើសគ្រឿងញៀន និងបទល្មើសចាប់មនុស្សបង្ខាំងធ្វើទាររុណកម្មជំរិតទារប្រាក់ជាដើម បានបន្តកើតមានជាច្រើនករណី ហើយសមត្ថកិច្ចបង្ក្រាបមិនទាន់មានសញ្ញាថយចុះទេ។

ពួកគេអះអាងថា បទល្មើសព្រហ្មទណ្ឌ បង្កដោយជនសង្ស័យជនជាតិចិន បានធ្វើសកម្មភាពជាបន្តបន្ទាប់ ដោយជនសង្គមងងឹតទាំងនោះ មិនញញើត នឹងកម្លាំងនគរបាល ឬកងរាជអាវុធហត្ថឡើយ ហើយបន្តធ្វើសកម្មភាពប្រើអាវុធបាញ់សម្លាប់ និងចាប់ជនជាតិចិនគ្នាឯង បង្ខាំងធ្វើទារុណកម្មជំរិតទារប្រាក់កើតឡើងជាបន្តបន្ទាប់។

ទាំងអ្នកវិនិយោគទុនក្នុងស្រុក និងក្រៅស្រុក បានសំណោមពរដល់ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសលោក ហ៊ុន សែន ជួយមានចំណាត់ការឲ្យក្តៅគគុកបន្ថែមទៀត ដើម្បីទប់ស្កាត់បទល្មើសទាំងនេះឲ្យមានប្រសិទ្ធិភាព។

ការព្រួយបារម្ភ របស់អ្នកវិនិយោគទុន និងពលរដ្ឋរស់នៅក្រុងព្រះសីហនុ សារជាថ្មីទៀតនេះបានកើតឡើងក្រោយពេល សមត្ថកិច្ចខេត្តព្រះសីហនុ ចុះបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងកាន់កាប់រក្សាទុក ប្រើប្រាស់អាវុធដោយខុសច្បាប់ ហើយបានឃាត់ខ្លួនជនបង្កហេតុ ជាជនជាតិចិនចំនួន ០៤នាក់  ក្នុងនោះក្រុមជនសង្ស័យបានបាញ់ ០១គ្រាប់ និងចាក់ជនរងគ្រោះជាជនជាតិចិនដូចគ្នាចំនួន ០៤កាំបិត រងរបួសធ្ងន់។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ឲ្យដឹងថា បទល្មើសខាងលើនេះ បានកើតឡើង កាលពីយប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២០ នៅចំណុច បុរីគុជអាស៊ី ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។ លោកបន្តថា ជនរងគ្រោះមានគ្នា ០២នាក់ ក្នុងនោះ មានម្នាក់រងរបួសធ្ងន់ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យចិនឈ្មោះ ថៃខាង ស្ថិតក្នុងក្រុងព្រះសីហនុ។ ជនរងគ្រោះជាជនជាតិចិនទាំង ០២នាក់មានឈ្មោះ ឈ្មោះ  Li Hai Yang និងឈ្មោះ SONG WEN LONG។

ចំណែក ជនសង្ស័យជាជនជាតិចិនទាំង ០៤នាក់ មានឈ្មោះ JIANG NAN ឈ្មោះ RAN SHUBING ឈ្មោះ LI XIN និងឈ្មោះ WANG YAWEI ។

លោក ជួន ណារិន្ទ បញ្ជាក់ថា ដើមហេតុ នៃបទល្មើសនេះ កើតឡើងដោយសារ នៅថ្ងៃកើត ហេតុ ជនរងគ្រោះបានទៅទារប្រាក់ពីជនសង្ស័យ ហើយក៏មានការទាស់ពាក្យសម្តីគ្នារហូតឈានដល់ប្រើហិង្សា ផ្ទុះអាវុធ និងជនជាប់សង្ស័យ ក៏បានចាក់ជនរងគ្រោះឲ្យរងរបួសធ្ងន់ស្រាលចំនួន០២នាក់។ បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងជំនាញឃាត់ខ្លួនដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ផ្តន្ទាទោសតាមនីតិវិធីច្បាប់៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស