ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅក្រៅប្រទេសបានថ្កោលទោសថា ការអនុម័សេចក្តីព្រាងច្បាប់លើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក កាលពីថ្ងៃទី២ វិច្ឆកានេះ គឺជាការសម្បទានទឹកដីកម្ពុជាថ្មីបន្ថែមទៀតទៅឲ្យរដ្ឋាភិបាលវៀតណាម ដូចគ្នាទៅនឹងការអនុម័តច្បាប់កំណត់ព្រំដែនរដ្ឋ កាលឆ្នាំ ១៩៨៥ ដូច្នោះដែរ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានរិះគន់ថា ការអនុម័តលើសេចក្តីព្រាងច្បាប់នេះគឺរំលោភលើរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ទាំងស្រុង ត្បិតសេចក្តីសម្រេចនេះ គឺផ្អែកតែទៅលើផែនទីខុសច្បាប់ថ្មី ខ្នាត ១/២៥.០០០ ដែលបង្កើតចេញពី ផែនទីខ្នាត ១/១០០.០០០ ដែលបានបោះពុម្ពនៅវៀតណាមដោយខុសច្បាប់ និងផែនទី UTM ខ្នាត ១/៥០.០០០ ដែលទាហានអាមេរិកកាំងប្រើតែក្នុងសម័យសង្គ្រាមវៀតណាមតែប៉ុណ្ណោះ។
លោកចាត់ទុកថា ការការអនុម័តសេចក្តីព្រាងនៃច្បាប់ថ្មីនេះ គឺជាការធ្វើឡើងដោយស្ងាត់ៗ និងមានការលាក់កំបាំងពីពលរដ្ឋខ្មែរម្ចាស់ប្រទេស ត្បិតជាការធ្វើឡើងដោយ ឯកបក្ស គ្មានការចូលរួមដឹងឮ និងទទួលស្គាល់ពីបកុ្សប្រឆាំង អង្គការសង្គមស៊ីវិល សារព័ត៌មានឯករាជ និងអ្នកជំនាញប្រទេសបារាំងដែលជាម្ចាស់ផែនទីដើមរបស់កម្ពុជាក្នុងសម័យអណានិគមនោះ។
ការរិះគន់នេះធ្វើឡើងក្រោយ រដ្ឋសភាបានអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារ ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលម៉ិញនេះ។
ជុំវិញការអនុម័ត លើសេចក្តីព្រាងច្បាប់នេះអនុប្រធានគណៈកម្មាធិការព្រំដែន អ្នកស្រី កុយ ពិសី បានអបរសាទរ រដ្ឋាភិបាលកម្ពុជាដែលបានបញ្ចប់ទាំងស្រុងក្នុងការបោះបង្គោលព្រំដែន និងខណ្ឌសីមាព្រំដែនគោករវាង ព្រះរាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាមក្នុងខេត្តចំនួន៣ គឺ ខេត្តព្រៃវែង ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ។
អនុប្រធានគណៈកម្មាធិការព្រំដែនរូបនេះ អួតថា នេះគឺជាសមិទ្ធិផលប្រវត្តិសាស្ត្រលើកដំបូងសម្រាប់ប្រទេសកម្ពុជាដែលមានសិទ្ធិ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាងព្រំដែនប្រទេសដោយខ្លួនឯងដើម្បីទុកជាមរតកគ្រប់ជំនាន់តទៅ។
យ៉ាងណាក៏ដោយ អ្នកស្រីក៏បានថ្លែងអំណរគុណដល់មន្ត្រីព្រំដែន និងស្ថាប័នពាក់ព័ន្ធនានាដែលខិតខំទម្លុះទម្លាយគ្រប់ឧបសគ្គ តស៊ូក្រាញននៀលដើម្បីសម្រេចបាននូវផ្លែផ្កាមួយនេះ។
ការអនុម័តលើ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារ ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាង កម្ពុជា-វៀតណាម នេះ ធ្វើឡើងក្រោយការចុះហត្ថលេខាយល់ព្រមរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងអំឡុងដំណើរទស្សនៈកិច្ចផ្លូវការរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ។
កម្ពុជា-វៀតណាម មានព្រំដែនគោករួមគ្នាប្រវែង ១ពាន់ ២៧០គីឡូម៉ែត្រ ជាប់ខេត្តចំនួន ៩ ដែលរហូតមកដល់ពេលនេះ រដ្ឋាភិបាលប្រទេសទាំងពីរបានបោះបង្គោលព្រំដែនសម្រេចបានចំនួន៨៤%ហើយ ខណៈ ១៦% ទៀត មិនទាន់ឯកភាពគ្នានៅឡើយ។
ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ធ្លាប់បានជំទាស់នឹងការអនុម័តរបស់រដ្ឋសភាជាតិលើបញ្ហាព្រំដែនស្តីពី ពិធីសារ ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងកម្ពុជា-វៀតណាម ដោយថា ក្នុងស្ថានភាពនយោបាយដែលប្រទេសកម្ពុជានៅមិនទាន់ឯកភាពជាតិ និងក្នុងពេលដែលសភាជាតិគ្រប់គ្រងដោយគណបក្សតែមួយ រដ្ឋសភាកម្ពុជាពុំគួរផ្តល់សច្ចាប័នលើសន្ធិសញ្ញា ឬកិច្ចព្រមព្រៀងនានាលើបញ្ហាព្រំដែននេះឡើយ។
មន្ត្រីជាន់ខ្ពស់របស់សមាគមអាដហុក លោក សឹង សែនករុណា លើកឡើងលើគណនីហ្វេសប៊ុកថា នៅពេលអានសៀវភៅប្រវត្តិសាស្ត្រ ស្រណោះណាស់នូវ វីរៈជនខ្មែរណាស់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ទម្រាំនឹងសល់ទឹកដីប៉ុណ្ណេះ មិនគួរណា អ្នកនយោយបាយជំនាន់ក្រោយ ធ្វើឲ្យរួញទៅៗ ពីមួយជំនាន់ទៅមួយជំនាន់ នោះទេ។
ពិធីសារ ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាង កម្ពុជា-វៀតណាមនេះ នឹងចូលជាធរមានយកមកអនុវត្ត ក្រោយរដ្ឋសភា ព្រឹទ្ធសភាជាតិ អនុម័តយល់ព្រម និងទទួលបានការឡាយព្រះហស្ថលេខាពីព្រះមហាក្សត្រជាមុនសិន៕