ក្រុមសិទ្ធិមនុស្សក្នុងស្រុកស្នើឲ្យ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បើកការស៊ើបអង្កេតជាបន្ទាន់ទៅលើករណី កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពត បាញ់សម្លាប់យុវជនម្នាក់ ហើយចោទថា ជាក្រុមក្មេងទំនើង។
គេហទំព័រក្នុងស្រុកឈ្មោះ “កម្ពុជាថ្ងៃនេះ” បានដកស្រង់សម្តីលោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ចុះផ្សាយថា ហេតុការណ៍នេះ កើតឡើងពេល កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពត ចុះបង្ក្រាបក្រុមក្មេងទំនើងមួយក្រុម។ លោកបន្តថា សមត្ថកិច្ចបានបាញ់ផ្ចុចដី ក្នុងបំណងគម្រាមក្រុមក្មេងទំនើង ដែលជិះម៉ូតូ០១គ្រឿង បើកបំបុកកម្លាំងសមត្ថកិច្ច ពេលចុះឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះ ក្រោយពេលពួកគេ បានកាប់ទៅលើយុវជនម្នាក់ឲ្យរងរបួស ពេលចេញពីហាងកាហ្វេមួយកន្លែង ស្ថិតក្នុងក្រុងកំពត។
លោកបន្តថា ចៃដន្យក៏បានផ្លាតក្បាលគ្រាប់ ត្រូវសមាជិកក្មេងទំនើងម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ហើយភ្លាមៗនោះ សមត្ថកិច្ច ក៏បានឃាត់ខ្លួនក្មេងបក្ខពួកក្រុមទំនើងបានម្នាក់ នៅកន្លែងកើតហេតុ។
លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បន្តថាចំពោះការផ្ទុះអាវុធស្លាប់ក្មេងទំនើងម្នាក់នេះ មន្ត្រីជំនាញ នៃស្នងការនគរបាលខេត្តកំពត ក៏បានដាក់ពិន័យទៅលើមន្ត្រីនគរបាល ដែលអនុវត្តការងារខុសវិន័យកងកម្លាំងនគរបាលជាតិ ដោយបានកសាងសំណុំរឿងបញ្ជូនមន្ត្រីនគរបាលចំនួន ០៣នាក់ ក្នុងចំណោមកម្លាំងនគរបាលផ្សេងទៀត ទៅកាន់សាលាដំបូងខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ទោះជាបែបនេះក្តី មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សមួយចំនួន ប្រចាំខេត្តកំពត រួមមាន៖ អង្គការលីកាដូ និងសមាគមន៍អាដហុកជាដើម បានស្នើដល់ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាពិសេស លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យជួយអង្កេតស្រាវជ្រាវបានច្បាស់ ទៅលើការស្លាប់ របស់យុវជនខាងលើ ជាជាងសមត្ថកិច្ចបាញ់សម្លាប់មនុស្សដោយខុសច្បាប់ហើយៗ ចោទទម្លាក់កំហុសទៅលើសាកសព ឬជនរងគ្រោះ ថាជាជនល្មើសបង្កបទល្មើសផ្សេងៗ ដែលវាជារឿងអយុត្តិធម៌បំផុតនោះ។
ជាងនេះទៀត ក្រុមមន្ត្រីសិទ្ធិមនុស្សទាំងនោះ ក៏ស្នើដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជួយស្រាវជ្រាវ ឬធ្វើកោសល្យវិច័យទៅលើក្បាលគ្រាប់ ដែលបាញ់ត្រូវយុវជនម្នាក់ស្លាប់ ថាតើក្បាលគ្រាប់នោះ ជាគ្រាប់កាំភ្លើង របស់មន្ត្រីនគរបាលទាំង០៣រូប ដែលសមត្ថកិច្ច ស្នងការដ្ឋាននគរបាលខេត្តកំពត កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោស ឬមួយក៏ចុងគ្រាប់កាំភ្លើងនោះ ជាក្បាលគ្រាប់កាំភ្លើង របស់សមត្ថកិច្ចនគរបាលផ្សេង ឬជាក្បាលគ្រាប់របស់លោកអធិការ-អធិការរងនគរបាលក្រុងកំពត ជាអ្នកបាញ់ ហើយមកទម្លាក់កំហុសដាក់កូនចៅ ឲ្យទទួលទោសជំនួស..?៕