34 C
Phnom Penh

GDP គ្មានទំនុកចិត្តលើការចាត់ចែងកម្ចីបរទេសរបស់រដ្ឋាភិបាលដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានារបស់កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សក្រៅរដ្ឋាភិបាល (GDP) ត្អូញត្អែរថា បច្ចុប្បន្ននេះកម្ពុជាមានបំណុលសាធារណៈប្រមាណ ៧,៩ពាន់លាន ដុល្លារអាមេរិក ដែលស្ទើរទាំងអស់ជាកម្ចីពីប្រទេស ជប៉ុន អាមេរិក ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងកម្ចីពីធនាគារជាតិកម្ពុជា ជាពិសេសនោះគឺកម្ចីបានមកពីប្រទេសមហាអំណាចចិនតែម្តង។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានអះអាងថា ភាគច្រើននៃកម្ចីទាំងនេះគឺសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ស្ពាន ប្រឡាយទឹក ទំនប់ទឹក នានារបស់កម្ពុជា ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធទាំងនោះត្រូវខូចខាត និងជួសជុលឡើងវិញ ក្រោយធ្វើរួចក្នុងរយៈពេលត្រឹមតែ ២ ឬ៣ឆ្នាំ ប៉ុណ្ណោះ។

ពួកគេ បញ្ជាក់ថា លោក ហ៊ុន សែន ជាអ្នកចេញមុខស្នើសុំប្រាក់កម្ចីទាំងអស់នេះ ហើយបរទេសឱ្យខ្ចីគឺ ដោយសារលោក ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ប៉ុន្តែប្រសិនបើលោក ហ៊ុន សែន ខ្ចីគេក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជាវិញ បរទេសនឹងមិនឱ្យខ្ចីថវិការទាំងនោះជាដាច់ខាត។

គណបក្ស GDP  ចោទ ចោទសួរថា តើនរណាជាអ្នកខាត នរណាជាអ្នកចំណេញ? ហើយនរណាជាអ្នកខ្ចី និងនរណាជាអ្នកសងចំពោះបំណុលទាំងអស់នេះ?

លើកឡើងក្នុងផេកបណ្តាញសង្គមផ្លូវការរបស់ខ្លួននៅព្រឹកនេះ GDP អះអាងថា ពលរដ្ឋខ្មែរគ្រប់រូប ទាំងជំនាន់នេះ និងជំនាន់ក្រោយ គឺជាអ្នកជំពាក់បំណុលបរទេស និងមានកាតព្វកិច្ចសងបំណុលសាធារណៈទាំងអស់នោះវិញ ទាំងដើមទាំងការ តាមរយៈរដ្ឋាភិបាលរបស់ខ្លួន ដោយការប្រមូលពន្ធ លក់ ឬជួលសម្បត្តិធម្មជាតិរបស់រដ្ឋ ដូចជា ដី ព្រៃ បឹង ទន្លេ ឆ្នេរសមុទ្រ និងធនធានធម្មជាតិនានាជាច្រើនទៀត ដើម្បីសងបំណុលទាំងនោះ។

ការរិះគន់នេះធ្វើឡើងក្រោយពីរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនៅគម្រោងបង្កើនកម្ចីពីបរទេសឲ្យបានកាន់តែច្រើនដើម្បីស្តារសេដ្ឋកិច្ចដែលរងវិបត្តិជំងឺកូវីដ ១៩ និងជួសជុលឡើងវិញនៅហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតដោយទឹកជំនន់។

ជុំវិញការលើកឡើងនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាង កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ កន្លងទៅ ថា សម្រាប់ឆ្នាំ២០២០នេះ កម្ពុជាគ្រោងបង្កើនកម្ចី ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤ ដែលរដ្ឋាភិបាលគ្រោងខ្ចីបន្ថែមលើសពី១ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនីមួយៗ ដោយចាប់ផ្តើមពីថវិកាប្រមាណ ៨ពាន់លានដុល្លារអាមេរិក ឡើងទៅ។

ពួកគេ អះអាងថា ក្នុងឆ្នាំ ២០២០ នេះ កម្ពុជានឹងបង្កើនកម្ចីពីបរទេសដល់ទៅ ជាង ៨ពាន់លានដុល្លារអាមេរិក និងក្នុងឆ្នាំ ២០២១ ជាង ១០ពាន់ លានដុល្លារអាមេរិកនៅឆ្នាំ ២០២២ ជាង ១១ពាន់ លានដុល្លារអាមេរិក ខណៈឆ្នាំ ២០២៣ និង១៤ពាន់លាន ដុល្លារអាមេរិកនៅឆ្នាំបន្តបន្ទាប់ទៀត។ ស្របពេលដែលជំងឺកូវីដ១៩ វាយលុកខ្លាំង រដ្ឋាភិបាលកម្ពុជាបានសម្រេចខ្ចីលុយពីដៃគូអភិវឌ្ឍមួយចំនួន គឺពីធនាគារពិភពលោកប្រមាណជាង ៣៥លានដុល្លារ ពីប្រទេសេជប៉ុនជាង ២៧៤លានដុល្លារ កូរ៉េខាងត្បូង ៥៧លានដុល្លារ និងប្រទេសចិនជាង ១០០ លានដុល្លារអាមេរិក។

ពាក់ព័ន្ធបញ្ហានេះ បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ ធ្លាប់បានសរសេរលើគណនីយ្យ ហ្វេស ប៊ុក របស់លោកថា រដ្ឋាភិបាលកម្ពុជាបានជំពាក់លុយចិន៥ពាន់លានផោន ស្មើរនឹងជាង ៦ ពាន់លានដុល្លារអាមេរិក ដែលជាភាគរយខ្ពស់ជាងគេបង្អស់ក្នុងចំណោម ប្រទេសចំនួន៣០ដែលជំពាក់បំណុលរបស់ចិន។

ក្រុមអ្នកឃ្លាំមើលសង្គម បញ្ជាក់ថា បើប្រជាពលរដ្ឋខ្មែរយល់ដឹងរឿងបំណុលសាធារណៈឲ្យបានកាន់តែច្រើន នោះការប្រើប្រាស់ប្រាក់កម្ចីទាំងនោះកាន់តែមានប្រសិទ្ធភាពល្អ ប៉ុន្តែបើពលរដ្ឋខ្មែរមិនព្យាយាមស្វែងយល់ទេនោះ កម្ចីទាំងនោះនឹងទាញកម្ពុជាឲ្យកាន់ក្រទៅៗក្លាយជាកូនបំណុលរបស់មហាអំណាច ងើបមុខមិនរួច៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស